ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០១៦ ចិនបានបោះទុនវិនិយោគក្នុងទឹកប្រាក់សរុបប្រមាណជាង ៧២០លានដុល្លារអាមេរិក។ អ្វីដែលចិនបានផ្តោតសំខាន់ក្នុងការវិនិយោគនៅកម្ពុជាក្នុងឆ្នាំនេះ គឺលើវិស័យដែលមានសក្តានុពលចំនួនបួន រួមមាន ១) កសិកម្មនិងកសិឧស្សាហកម្ម ២) ឧស្សាហកម្មនិងកម្មន្តសាល ៣) ទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ៤) សេវាកម្ម។
គិតចាប់តំាងពីខែមករា ដល់ខែតុលាឆ្នាំ២០១៦នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចិនធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៦៥គម្រោង និង ពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន ៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧២០លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងវិនិយោគរបស់ចិនដែលលេចធ្លោជាងគេនៅកម្ពុជា គឺវិស័យកសិកម្ម វិស័យរ៉ែ វិស័យថាមពល និងវិស័យអចលនទ្រព្យ និងសំណង់។
ហេតុអ្វីចិនមកវិនិយោគនៅកម្ពុជា ?
ឯកឧត្តម សុខ ចិន្តាសោភា ឲ្យដឹងថា ការដែលប្រទេសចិនសម្រុកមកវិនិយោគនៅកម្ពុជា គឺដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចល្អ ដោយមានកំណើនក្នុងរង្វង់ ៧ភាគរយជារៀងរាល់ឆ្នាំ គួបផ្សំទៅនឹងកម្ពុជាបានផ្តល់និងបើកឱកាសទូលាយសម្រាប់វិនិយោគិនបរទេស។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចិនធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៨៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន១៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៧៨០លានដុល្លារអាមេរិក។
បើនិយាយពីពាណិជ្ជកម្មវិញ កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសជំរុញសម្រេចឲ្យបានទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនចំនួន ៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧ខាងមុខ។ ដោយឡែក នៅក្នុងឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រំពឹងថានឹងសម្រេចបាន ៤,៣១ពាន់លានដុល្លារ៕ (អត្ថបទ៖ សាយ សមិទ្ធិ)