Advertisement
វិនិយោគ​ដំណាំចេក

កម្ពុជា​និង​ចិន​​​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​ប្រាក់​ជាង ៣២​លាន​ដុល្លារ​ ដាំ​ចេក​​១​ពាន់​ហិកតា​​​នៅ​កម្ពុជា​


ប្រទេស​កម្ពុជា​និង​ចិន​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួម​គ្នា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២​លាន​​ដុល្លារ​​​អាមេរិក សម្រាប់​ការ​វិនិយោគ​ទៅ​លើ​​ដំណំា​ចេក​អំបូង​​លឿង​​ពិសេស ក្នុង​​ដំណាក់​កាល​ដំបូង​លើ​ផ្ទៃ​ដី​ដាំ​ដុះ​ប្រមាណ​ជាង ១​ពាន់​ហិកតា ដែល​​ស្ថិត​​​នៅ​ក្នុង​​​ស្រុក​ឈូក ខេត្ត​កំពត ​ក្នុង​ប្រទេស​កម្ពុជា។
កម្ពុជា​និង​ចិន​​​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​ប្រាក់​ជាង ៣២​លាន​ដុល្លារ​ ដាំ​ចេក​​១​ពាន់​ហិកតា​​​នៅ​កម្ពុជា​។
ដោយ
Advertisement

ការវិនិយោគនេះ គឺ​ដើម្បី​ធ្វើការ​នាំ​ចេញ​​ទៅកាន់​​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​​ប្រទេស​ចិន ដែល​សព្វថ្ងៃ ប្រភេទ​ចេក​អំបូង​លឿង​នេះ​​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ខណៈ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​វិនិយោគ​លើ​ដំណាំ​ចេក​នាំ​ចេញ​ច្រើន​ជាង​គេ​មួយ បន្ទាប់ពី​ប្រទេស​ហ្វ៊ីលីពីន​កំពុងតែ​ជួប​ប្រទះ​នូវ​ឧបសគ្គ និង​ហានិភ័យ​ផ្សេងៗ ដូចជា ជំងឺ​ស្លឹក​លឿង និង ការ​ប្រែប្រួល​អាកាសធាតុ​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ដាំ​ដុះ និង​ទិន្នផល​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន។

ការ​វិនិយោគ​​នេះ អាច​រាប់​ចាត់​ទុក​ថា ជា​ការ​វិនិយោគ​ដ៏​ធំ​ជាង​គេ​មួយ​​មិន​ធ្លាប់​មាន​ក្នុង​​ប្រវតិ្ត​សាស្រ្ត​​​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ការ​​ដាំ​ចេក​អំបូង​លឿង​ ​ពិសេស​ដែល​​ជា​ពូជ​​ចុង​ក្រោយ ដែលទើប​តែ​សម្រេច​បាន​មក​ពី​ការស្រាវជ្រាវ​និង​ពិសោធន៍ ថា​មាន​គុណភាព​ខ្ពស់។

អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ការ​វិនិយោគ​ដំណាំ​ចេក​អំបូង​លឿង​នៅ​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នេះ គឺ​ជា​ការវិនិយោគ​រួមគ្នា​រវាង​ម្ចាស់​ភាគហ៊ុន​ខ្មែរ ដែល​មាន​ឧកញ៉ា​ជា​អ្នក​ជំនួញ​ល្បីៗ​ប្រាំ​រូប​នៅ​ពីក្រោយ និង​ភាគី​ចិន​ដែល​មាន​អ្នក​ជំនួញ​ល្បីៗ និង​អ្នក​ជំនាញ​​ស្រាវ​ជ្រាវ និង ​ដំណាំ​ចេក​មក​ពី​​ប្រទេស​​ចិន។ ភាគី​ខ្មែរ​​និង​ចិន​បាន​សម្រេច​អនុម័ត​​បង្កើត​​ឈ្មោះ​​ក្រុមហ៊ុន​ថ្មី ថា ឡងមេត អេហ្គ្រី​ខល​ឈ័រ (Longmate Agriculture) ដែល​លោក​ឧកញ៉ា ផែ ហុក ឈួន ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​នៃ​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ុន​វិនិយោគ​ដាំ​ចេក​នាំ​ចេញ នៅ​ខេត្ត​កំពត។

ក្នុង​ពិធី​ក្រុង​ពាលី​និង​ដំណើរការ​តំណក់​ទឹក​ដំបូង​កសិដ្ឋាន​ចម្ការ​ចេក ឡង មេត អេហ្គ្រីខល​ឈ័រ ថ្មីៗ​នេះ លោក​ឧកញ៉ា​ ផែ ហុក ឈួន ដែល​ជា​ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​នៃ​​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​​រួម​គ្នា​ជាមួយ​​ចិន ក្នុង​ការ​ដាំ​ដំណាំ​ចេក​អំបូង​លឿង​ពិសេស​ដំបូង​គេ នៅ​កម្ពុជា​នេះ ដោយសារ​តែ​ឧកញ៉ា​​បាន​​ជឿជាក់​​យ៉ាង​​ខ្លាំង​​​ទៅ​លើ​ដៃគូ​វិនិយោគ​ជា​ភាគី​ចិន​ដែល​​មាន​​បទ​ពិសោធន៍​​ខ្ពស់​​​ទៅ​​លើ​​ការ​​ស្រាវជ្រាវ និង​​ការ​​ដាំ​​ចេក​​នេះ។ 

ពិសេស​ជាង​នេះ​​ទៅ​ទៀត​ដោយ​សារ​​តែ​ប្រទេស​​កម្ពុជា​មាន​​អាកាស​​ធាតុ​ល្អ គួបផ្សំ​ជាមួយ​ទឹក​​​ដី​ល្អ​នៅ​ស្រុក​​ឈូក ខេត្ត​​កំពត​នេះ​តែ​ម្តង ដែល​សមស្រប​​​ទៅ​នឹង​​ដំណាំ​ចេក​នេះ។ លោក​ឧកញ៉ា ផែ ហុកឈួន បាន​ជឿ​ជាក់​​ជាមួយ​នឹង​​ការ​វិនិយោគ​ដំណាំ​ចេក​​​ដ៏​ធំ​​ដំបូង​គេ​នៅ​​កម្ពុជា​នេះ​ដែរ គឺជា​ការ​ចូល​រួម​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ផ្តល់​ការងារ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ផងដែរ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា នេះ​ជាក្តី​សង្ឃឹម​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​វិស័យ​កសិកម្ម​​កម្ពុជា លោក​ឧកញ៉ា នឹង​​ធ្វើ​ឲ្យ​កសិដ្ឋាន​ចេក​ដ៏​ធំ​​ជាង​គេ​មួយ​នេ ​ក្លាយ​ជា​កសិដ្ឋាន​គំរូ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី សម្រាប់​ជា​មុខមាត់​ប្រទេស​កម្ពុជា ក៏​​ដូចជា​​ប្រជាជន​កម្ពុជា​ទាំង​​អស់​គ្នា​ផងដែរ ដោយ​ផ្អែក​ទៅ​លើ​ម្ចាស់​ភាគហ៊ុន និង​ធនធាន​មនុស្ស​​របស់​ក្រុមហ៊ុន​សុទ្ធ​សឹង​ជា​អ្នក​ជំនាញ​បចេ្ចកទេស​ខ្ពស់​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ចេក​ច្បាស់​លាស់ និង​មាន​គោល​នយោបាយ​​ផែន​​ការ​យុទ្ធសាស្ត្រ​ត្រឹម​ត្រូវ​យូរ​អង្វែង​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​ក្រុមហ៊ុន​និង​ទីផ្សារ។

គម្រោង​វិនិយោគដំណាំចេក​នេះ នឹង​បង្កើត​ការងារធ្វើ​ឲ្យ​ប្រជាជន​នៅ​មូលដ្ឋាន។
Advertisement

ដោយឡែក​លោក​សាស្ត្រាចារ្យ លី ស៊ាវ ឈាន ដែល​ជា​ម្ចាស់​ភាគហ៊ុន​ភាគី​ចិន និង​ជា​នាយក​​គ្រប់​គ្រង​​កសិដ្ឋាន​ចេក​របស់​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បាន​លើក​ឡើង​ដែរ​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​មក​បោះ​ទីតាំង​វិនិយោគ​ដាំ​ចេក​នៅ​កម្ពុជា​នេះ​ទី១ ដោយសារ​​ប្រទេស​ចិន​មាន​ការ​កាត់​បន្ថយ​​ដាំ​ចេក​ពី​ព្រោះ​តែ​ចេក​មាន​រោគ​​ស្លឹក​លឿង​ច្រើន ខណៈ​ដែល​​​ចេក​មាន​តម្រូវការ​កើន​ឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ហើយ​អ្វី​ដែល​លោក លី ស៊ាវ ឈាន មាន​ទំនុក​ចិត្ត​មក​ធ្វើការ​វិនិយោគ​នៅ​ទីនេះ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​អាកាស​ធាតុ​ល្អ ក្តៅ​ហើយ​សើម​មិន​ត្រជាក់​ខ្លាំង ដី​ល្អ អាច​និយាយ​​បាន​ថា នៅ​កម្ពុជា​ទឹក​ដី​និង​អាកាស​ធាតុ​​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រទេស​ហ្វ៊ីលីពីន​ដែល​ជា​ប្រទេស​ដាំ​ចេក​និង​នាំ​ចេក​ច្រើន​​ជាង​គេ​​បំផុត​នៅ​លើ​ពិភព​លោក។

ជាមួយ​នឹង​ការ​វិនិយោគ​លើ​កសិដ្ឋាន​ចេក​នៅ​ស្រុក​ឈូក ខេត្ត​កំពត​នេះ​ដែរ បុគ្គលិក​និង​កម្មករ​ប្រមាណ ៣០០​នាក់ សុទ្ធតែ​ត្រេក​អរ​និង​គម្រោង​វិនិយោគ​ដ៏​ធំ​នេះ ពីព្រោះ​វា​បាន​ផ្ត​ល់​ការងារ​និង​ប្រាក់​ខែ​សមរម្យ​បូករួម​នឹង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ជា​ពិសេស ​នៅ​ជិត​​​ផ្ទះ​របស់​គេ​ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥

ព័ត៌មាន
វៀតណាម បានដាក់មហិច្ឆតារបស់ខ្លួនថា នឹងបង្កើនការនាំចេញឈើឲ្យបានដល់ ១៨ ទៅ២០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។ នេះបើតា...

លោកបណ្ឌិត អ៊ិន ចាន់នី ពន្យល់ពីមូលហេតុនៃបំណុលវ័ណ្ឌកនៅកម្ពុជា

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានពន្យល់ពីមូលហេតុដែលសហគ្រាសឬពលរដ្ឋមួយចំនួន មានបំណុលវ័ណ្ឌក ពោល គឺគ្មានប្រា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ