កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ចិន និងក្រុមប្រទេសកោះទាំង១០នៅប៉ាស៊ីហ្វិកដែលបានរៀបចំធ្វើឡើងនៅប្រទេសហ្វីជីកាលពីថ្ងៃចន្ទ បានបិទបញ្ចប់ដោយគ្មានការសម្រេចកិច្ចព្រមព្រៀងអ្វីទាំងអស់។ ការបរាជ័យនៃកិច្ចប្រជុំនេះ ក៏ដោយសារ ក្រុមប្រទេសទាំងនេះ មិនបានរកឃើញលទ្ធផលដូចតាមបំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចង់បានកិច្ចព្រមព្រៀងកម្រិតតំបន់។ បើតាមប្រភពពីប្រទេសចូលរួមកិច្ចប្រជុំបានបញ្ជាក់ថា ការដែលមិនមានលទ្ធផលអ្វីសោះនេះ គឺដោយសារតែមិនមានការឯកភាពជាឯកច្ឆន្ទរវាងប្រទេសដែលចូលរួម។
លោក ដាវីដ ប៉ានូលេអូ(David Panuelo) ប្រធានសហព័ន្ធនៃរដ្ឋមីក្រូនេស៊ីបានបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ចិន មានភាពមិនសមរម្យ និងអាចធ្វើឲ្យឥទ្ធិពលរបស់ប៉េកាំងគ្របដណ្តប់ក្នុងប្រព័ន្ធរដ្ឋាភិបាលនិង ការគ្រប់គ្រងសេដ្ឋកិច្ច ពិសេសក្នុងឧស្សាហកម្មសំខាន់ៗ។ ដោយឡែក ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គឺនាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា៖ ដូចរាល់ដងដែរ គេចាត់ទុកការយល់ស្របជាឯកច្ឆន្ទ គឺជារឿងសំខាន់។ លោកបន្តថា ការសិក្សាពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវការធ្វើឲ្យបានទូលំទូលាយជាងនេះ មុនពេលចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតំបន់ថ្មីណាមួយ។
គួរជម្រាបថា ប្រទេសដែលហាក់សំដែងការព្រួយបារម្ភនឹងកិច្ចព្រមព្រៀងរបស់ចិនខ្លាំងជាងគេ រួមមាន ប៉ាពូញូគីណេ កោះសាម័រ និងសហព័ន្ធនៃរដ្ឋមីក្រូនេស៊ី។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីជីលោក ឈៀន បូ(Qian Bo) បានប្រាប់AFP ថា មានការគាំទ្រជាទូទៅពីប្រទេសទាំង១០ ប៉ុន្តែក៏នៅមានការព្រួយបារម្ភលើបញ្ហាជាក់លាក់មួយចំនួន ដោយលោកបានបដិសេធមិនបង្ហើបថាជាបញ្ហាអ្វីនោះទេ។ ឯកអគ្គរដ្ឋទូតចិនរូបនេះបន្តថា យ៉ាងណាក៏ដោយប្រទេសទាំង១០ បានយល់ព្រមពិភាក្សាពីកិច្ចព្រមព្រៀងនេះ នៅពេលក្រោយ រហូតដល់អាចសម្រេចបានជាកិច្ចព្រមព្រៀងកំរិតតំបន់មួយ។
បើតាមការរំពឹងទុក ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយហិរញ្ញវត្ថុរាប់សិបលានដុល្លារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ប៉ាស៊ីហ្វិកដ៏មានសក្តានុពលមួយ គួបផ្សំនឹងការបើកផ្លូវចូលទៅកាន់ ទីផ្សារដ៏ធំរបស់ចិន សម្រាប់ប្រទេសជាសមាជិក។
សូមជម្រាបថា ប្រទេសចិនកំពុងបង្កើនសកម្មភាព និងវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខទ្វេភាគីជាមួយបណ្តាប្រទេសកោះក្នុងតំបន់។ ទាំងនេះគឺជាការប្រកួតប្រជែងឥទ្ធិពលដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ហើយវាត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ប៉េកាំង ក្នុងការបង្កើនឥទ្ធិពលនៅប៉ាស៊ីហ្វិកផងដែរ។
ប្រសិនបើគេអាចសម្រេចកិច្ចព្រមព្រៀងទាំងទ្វេភាគី និងពហុភាគីកាន់ច្រើន នោះមិនយូរមិនឆាប់ គេនឹងឃើញវត្តមានការវិនិយោគ និងពិសេសកងទ័ពរបស់ចិននៅប៉ាស៊ីហ្វិកកាន់តែច្រើន។ តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលចិនបានចុះរួចជាមួយកោះសូឡូម៉ុង និងសាម័រ ចិននឹងផ្តល់ឲ្យប្រទេសកោះទាំងពីរនេះ នូវការបណ្តុះបណ្តាលយោធាប៉ូលីស ការចូលរួមក្នុងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ពង្រីកទំនាក់ទំនងនយោបាយ ពង្រីកការធ្វើនាវាចរក្នុងដែនសមុទ្រកាន់តែធំជាងមុន និងទទួលបានធនធានធម្មជាតិកាន់តែច្រើនទាំងនៅលើដី និងក្នុងទឹក៕