លោក ចូវ ឆឹងជុន (Zhou Chengjun) នាយកវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារប្រជាជនចិនបាននិយាយក្នុងវេទិកាហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញានៅទីក្រុងប៉េកាំងថា ធនាគារចិនមួយចំនួនមានទំនោរពង្រីកសាខារបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដូចជា ទីក្រុងតូក្យូ ញូវយ៉ក និងសិង្ហបុរីជាដើម ប៉ុន្តែផ្ទុយទៅវិញ បណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន គឺជាកន្លែងដែលពួកគេគួរតែផ្តល់សេវាកម្មពេញលេញដល់សហគ្រាសចិន។
ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ គម្រោងកិច្ចសហប្រតិបត្តិការជាង៣ពាន់ត្រូវបានដាក់ឱ្យដំណើរការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលទាក់ទាញការ វិនិយោគជិត ១ទ្រីលានដុល្លារ ដោយផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធាន សួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស កិច្ចសហប្រតិបត្តិការកសិកម្ម និងសេដ្ឋកិច្ចឌីជីថល។
មន្ត្រីជាន់ខ្ពស់ធនាគារចិនដដែលនេះ បាននិយាយទៀតថា ប្រទេសឡាវ ដែលមានក្រុមហ៊ុនចិនជាច្រើន បានបង្កើតសួនឧស្សាហកម្មនៅទីនោះ ប៉ុន្តែមានសាខាធនាគារកណ្ដាលចិនតែមួយគត់នៅរដ្ឋធានីវៀងចន្ទន៍។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ប្រសិនបើក្រុមហ៊ុនចិនចង់បើកគណនីជាប្រាក់យន់ពួកគេ នោះបុគ្គលិកក្រុមហ៊ុននោះ ត្រូវប្រឈមមុខនឹងការចំណាយពេលធ្វើដំណើរចន្លោះពី៣ទៅ៤ម៉ោងទើបបានទៅដល់ធនាគារចិន។
ចូវ ឆឹងជុន (Zhou Chengjun) នាយកវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលចិន បាននិយាយថា នេះមិនមែនមានន័យថា ធនាគារចិនទាំងអស់ត្រូវតែបង្កើតសាខាពាណិជ្ជនៅទីនោះទេ ប៉ុន្តែ ប្រតិបត្តិការធនាគារក៏អាចសម្រេចបានតាមរយៈធនាគារអន្តរការី ឬភ្នាក់ងារធនាគារផងដែរ។
លោក ចូវ បាននិយាយថា ការពង្រីកសាខាធនាគាររបស់ចិននៅក្រៅប្រទេសនេះ ជាអាទិភាពខ្ពស់ក្នុងបរិបទនៃទំនាក់ទំនងដ៏តានតឹងរវាងចិន និងអាមេរិក ខណៈដែលក្រុមហ៊ុនចិនមួយចំនួនកំពុងផ្ទេរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីជៀសវាងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។
សេវាក្រៅប្រទេសរបស់ធនាគារចិននៅក្នុងតំបន់នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រតិបត្តិការធនាគារ ដែលរួមបញ្ចូលទាំងសេវាធនាគារតាមច្រកតែមួយ (one-stop banking services) រួមទាំងការគ្រប់គ្រងមូលនិធិ ហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់បំណុល និងការគ្រប់គ្រងទ្រព្យសម្បត្តិ។
មន្ត្រីជាន់ខ្ពស់របស់ធនាគារចិនរូបនេះ បានសង្កត់ធ្ងន់ថា ការពង្រីកការប្រើប្រាស់ប្រាក់យន់នៅតាមបណ្តាប្រទេសនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងការលើកកម្ពស់ការធ្វើអន្តរជាតូបនីយកម្ម ( internationalization) នៃរូបិយប័ណ្ណចិនផងដែរ៕
អត្ថបទ៖ សុខ ជា