លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា ប្រទេសថៃនៅតែចង់ចរចាទ្វេភាគីជាមួយភាគីកម្ពុជាមុននឹងដំណើរការដោះស្រាយផ្លូវការណាមួយក្រោមយន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបទៅនឹងការលើកឡើងរបស់លោកជុំវិញបញ្ហានេះ។ នៅក្នុងការឆ្លើយតបនេះ សម្ដេចតេជោ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រឱ្យសោះ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។
ថ្លែងពីទីក្រុងញូវដេលី ប្រទេសឥណ្ឌាលោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងថា ភាគីកម្ពុជា និងថៃគួរតែពិភាក្សាគ្នាជាមុនសិន មុនឈានទៅដោះស្រាយបញ្ហាព្រំដែនសមុទ្រក្រោមយន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ដែលមានទាំងយន្តការផ្សះផ្សាដោយស្ម័គ្រចិត្ត និងយន្តការផ្សះផ្សាដោយចាប់បង្ខំ។ សម្រាប់កម្ពុជាបានប្រកាន់គោលជំហរយ៉ាងរឹងមាំថា នឹងដោះស្រាយបញ្ហាព្រំដែនសមុត្រនេះជាមួយថៃ តាមរយៈយន្តការផ្សះផ្សារដោយចាប់បង្ខំនៃអនុសញ្ញា UNCLOS។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ស៊ីហាសាក ភួងកេតកែវ ធ្វើឡើងបន្ទាប់ពីភាគីថៃកាលពីពេលថ្មីៗនេះបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈ នៃការយោគយល់ ឬ MoU ឆ្នាំ២០០១ ដែលថៃហៅថា MOU 44 លើដែនសមុទ្រត្រួតស៊ីគ្នា។ ភាគីថៃបានអះអាងថា MoU ឆ្នាំ២០០១ ដែលភាគីកម្ពុជា-ថៃបានចុះជាមួយគ្នាគ្មានវឌ្ឍនភាពទាល់តែសោះក្នុងពេលជាង២០ឆ្នាំមកនេះ ហើយថា ការចរចាពេលអនាគតគួរតែត្រូវបានធ្វើឡើងក្រោមយន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។
ប្រមុខការទូតដៃរូបនេះបានលើកឡើងថា យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS មិនមានកាតព្វកិច្ចផ្លូវច្បាប់ទេ ប៉ុន្តែផ្តល់ក្របខណ្ឌសម្រាប់ដោះស្រាយជម្លោះ។ លោកបានបន្ថែមថា ប្រទេសថៃ ចង់ឃើញថា តើការចរចាដោយផ្ទាល់អាចរីកចម្រើនដល់កម្រិតណា មុនពេលពិចារណាលើយន្តការផ្សេងទៀតក្រោម UNCLOS៕
ដោយ: តែម សុខុម