សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច ព្រមទាំងបច្ចេកវិទ្យាផងដែរនោះ កំពុងពិចារណាដាក់ចេញវិធានការរឹតបន្តឹងជាឯកតោភាគី ដើម្បីទប់ស្កាត់រារាំងមិនឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកទទួលបានបន្ទះឈីបអង្គចងចាំ បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងឧបករណ៍ដែលមានសមត្ថភាពផលិតបន្ទះឈីបទាំងនោះនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ។
ចំណាត់ការនេះត្រូវបានក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយអន្តរជាតិ មើលឃើញថានឹងធ្វើឱ្យសង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកនេះកាន់តែឡើងកម្ដៅគួរឱ្យបារម្ភ។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា វិធានការនេះមានគោលដៅរារាំងក្រុមហ៊ុនអាម៉េរិក Micron Technology និងក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ឬ Memory Chips ឈានមុខគេរបស់កូរ៉េខាងត្បូង SK Hynix និង Samsung Electronics មិនឱ្យផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំដ៏ទំនើបប្រភេទ HBM ដល់បណ្ដាក្រុមហ៊ុនចិន។ ចំណាត់ការនេះ គឺដើម្បីការពារសន្តិសុខជាតិ និងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Micron Technology និងក្រុមហ៊ុន SK Hynix ព្រមទាំងក្រុមហ៊ុន Samsung Electronics មានចំណែកគ្របដណ្ដប់ភាគច្រើនលើសលប់នៅលើទីផ្សារបន្ទះឈីប HBM ទូទាំងពិភពលោក៕
ដោយ: តែម សុខុម