គេនៅមិនទាន់ឃើញមានការចាត់វិធានការច្បាប់ណាមួយជាដុំកំភួននៅឡើយទេ ខណៈកាលពីពេលកន្លងទៅ រដ្ឋាភិបាលទើបតែបានចាត់វិធានការលើមន្ត្រីអនុវត្តច្បាប់ផ្ទៃក្នុង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅខេត្តបាត់ដំបង តែម្នាក់ប៉ុណ្ណោះ។ ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានជាទស្សនៈថា បន្ថែមលើការអនុវត្តច្បាប់លើពលរដ្ឋជាជនរងគ្រោះចុងខ្សែច្រវាក់ រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធគួរតែប្រញាប់ប្រញាល់វះកាត់ និងវែកមុខរកមន្ត្រីអសមត្ថភាព ឬមន្ត្រីខិលខូចនៅតាមច្រកព្រំដែន ដែលបានបើកដៃឱ្យមានការរត់ពន្ធទំនិញពីថៃ ដើម្បីធ្វើឱ្យមានសមភាពរវាងរាស្ត្រ និងមន្ត្រី និងបង្កើនទំនុកចិត្តរវាងមន្ត្រី និងពលរដ្ឋ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមជឿជាក់ថា ប្រសិនបើអាជ្ញាធរដែលមានសមត្ថភាពនៅតាមខ្សែបន្ទាត់ព្រំដែនបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ នោះទំនិញគេចពន្ធ ឬទំនិញអន់គុណភាព នឹងមិនអាចហូរចូលមកក្នុងទីផ្សារកម្ពុជាបានដែរ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ស្ថាប័នគន្លឹះៗនៅតាមច្រកទ្វារអន្តរជាតិរួមមានស្ថាប័នគយ និងកងកម្លាំងដទៃទៀត គឺជារនាំងការពារសុវត្ថិភាព និងសន្តិសុខសេដ្ឋកិច្ចដ៏ចម្បងបំផុតរបស់ជាតិ។ អ្នកជំនាញរូបនេះបានរំលេចឡើងជាឧទាហរណ៍ជាក់ស្តែងថា ករណីការនាំចូលទុរេនខុសច្បាប់រាប់សិបតោនកាលពីពេលកន្លងទៅ ហាក់បីដូចជាមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានស៊ីជម្រៅដល់ឫសគល់ ឬស្វែងរកមេខ្លោងពិតប្រាកដនៅឡើយទេ ដោយច្បាប់គ្រាន់តែអាចទៅដល់ និងដាក់ទោសទណ្ឌលើពលរដ្ឋកំប៉ិកកំប៉ុកប៉ុណ្ណោះ។
ជាមួយគ្នានេះលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានលើកឡើងថា ជាគោលការណ៍នីតិរដ្ឋគ្រប់បុគ្គលទាំងអស់ត្រូវតែស្ថិតនៅក្រោមច្បាប់ស្មើៗគ្នា។ ប៉ុន្តែលោកសង្កេតឃើញថា ការចាត់វិធានការច្បាប់ចំពោះប្រជាពលរដ្ឋស្លូតត្រង់ហាក់មានល្បឿនលឿនរហ័សជាងការចាត់វិធានការលើក្រុមមន្ត្រីមានសមត្ថកិច្ចនៅតាមច្រកព្រំដែន ដែលជាមេរោគបង្កឱ្យមានបទល្មើសតាំងពីច្រកទ្វារដំបូង។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើការចាត់វិធានការលើករណីទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ មិនមានភាពស្មើគ្នារវាងរាស្ត្រ និងមន្ត្រីរាជការទេនោះ វានឹងក្លាយជាដំបៅរលួយធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌សង្គម ហើយក៏ជាការបើកឱកាសឱ្យមន្ត្រីអសកម្មមួយចំនួនបន្តប្រព្រឹត្តទោសកំហុសដដែលៗយ៉ាងអនាធិបតេយ្យ។
បើតាមក្រុមអ្នកជំនាញ ដើម្បីឱ្យការអនុវត្តច្បាប់មានតុល្យភាព និងមានប្រសិទ្ធភាពយូរអង្វែង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវតែហ៊ានវះកាត់សាច់ស្អុយ ដោយដាក់ទោសទណ្ឌជាទម្ងន់ដល់មន្ត្រីទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ ឬបើកដៃឱ្យឈ្មួញទុច្ចរិតនាំចូលទំនិញខុសច្បាប់ដែលមានផ្ទុកសារធាតុគីមី ឬខូចគុណភាព។ ចំណាត់ការទាន់ពេលវេលា និងមានតម្លាភាពលើមន្ត្រីខ្លួនឯង គឺជាថ្នាំសង្កូវដ៏ស័ក្តិសិទ្ធិ ក្នុងការរក្សាជំនឿចិត្តរបស់ពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងជាការស្តារឡើងវិញនូវយុត្តិធម៌សង្គម។
គួរបញ្ជាក់ថា ការដាក់ចេញបទបញ្ជាដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល គឺធ្វើឡើងក្នុងគោលបំណង ដើម្បីការពារផលប្រយោជន៍ សុខុមាលភាពប្រជាពលរដ្ឋ និងសន្តិសុខសេដ្ឋកិច្ចសង្គមទាំងមូល មិនមែនជា លិខិតបើកដៃឱ្យមន្ត្រីខិលខូចមួយចំនួនយកទៅធ្វើជាឧបករណ៍សម្រាប់គំរាមកំហែង ឬកៀបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់ឡើយ។ ការអនុវត្តច្បាប់ដែលខ្វះវិជ្ជាជីវៈ និងខ្វះការស៊ើបអង្កេតស្វែងរកការពិត មិនត្រឹមតែមិនអាចលុបបំបាត់បទល្មើសបាននោះទេ ប៉ុន្តែវាថែមទាំងបង្កើតឱ្យមានបទល្មើសថ្មី និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងមូលទៀតផង៕