ឯកឧត្តម បានអះអាងថា មូលហេតុដែលកម្ពុជាសម្រេចចិត្តចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមយន្តការច្បាប់សមុទ្រអន្តរជាតិ គឺដោយសារតែភាគីថៃ បានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់សម្រាប់ប្រើជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្រ។ កត្តានេះបានធ្វើឱ្យកម្ពុជាគ្មានជម្រើសណាក្រៅពីការស្វែងរកអន្តរាគមន៍តាមផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិនោះឡើយ។
ការចេញមុខបកស្រាយរបស់តំណាងកម្ពុជានេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់តំណាងភាគីថៃ ដែលបានលើកឡើងថា កម្ពុជាមិនព្រមចាប់យកការចរចាទ្វេភាគី ហើយបែរជាព្យាយាមធ្វើអន្តរជាតិវូបនីយកម្មលើជម្លោះព្រំដែនសមុទ្រនេះទៅវិញ។ ជុំវិញការចោទប្រកាន់ខុសពីការពិតនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាបានតបតវិញថា ភាគីថៃមិនបានអនុវត្តនូវអ្វីដូចដែលខ្លួនបាននិយាយនោះទេ ពោលគឺកន្លងមក ភាគីថៃតែងតែលើកឡើងនូវលេសរាប់សិបជំពូក ដើម្បីបដិសេធរាល់ការស្នើសុំកោះប្រជុំចរចាទ្វេភាគី ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់២០០១។ ផ្ទុយទៅវិញ ថៃបានដើរចេញពីកិច្ចព្រមព្រៀង ដោយលុបចោលអនុស្សរណៈនេះជាឯកតោភាគី ហើយថែមទាំងធ្លាប់បានប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាថែមទៀតផង។
តំណាងអចិន្ត្រៃយ៍រងរូបនេះបានបញ្ជាក់បន្ថែមថា ទោះបីជាកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន និងការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែការដែលកម្ពុជាជ្រើសរើសយកដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមយន្តការ UNCLOS នាពេលនេះ គឺដើម្បីធានាដាច់ខាតនូវការការពារ និងការគោរពអធិបតេយ្យភាព ព្រមទាំងសិទ្ធិស្របច្បាប់លើដែនសមុទ្ររបស់កម្ពុជាមិនឱ្យបរទេសណាមកបំពានបានឡើយ។
គួររំលឹកថា កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមពីតំណាងប្រទេសចំនួន១៧១ និងអង្គការតំបន់មួយ ដែលជារដ្ឋសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ