ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក ជេឌី វេន បានចេញមុខការពារយ៉ាងប្តូរផ្តាច់នូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលសម្រេចបាននៅសប្តាហ៍នេះ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ប៉ុន្តែទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយទាំងនៅអាម៉េរិក និងអ៊ីស្រាអែល ដោយពួកគេចោទប្រកាន់ថា យុទ្ធសាស្ត្រនេះបានបរាជ័យក្នុងការទប់ស្កាត់កម្មវិធីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ មិនមានភាពច្បាស់លាស់ក្នុងការកម្ទេចរោងចក្រនុយក្លេអ៊ែទីក្រុងតេហេរ៉ង់ និងថែមទាំងបានចងជើង ឬរឹតត្បិតកងទ័ពអ៊ីស្រាអែល ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់ទៀតផង។
នៅក្នុងសន្និសីទសារព័ត៌មានដ៏តានតឹងនៅឯសេតវិមាន លោក វេន ត្រូវបានអ្នកកាសែតដេញដោលសួរដេញជើងជុំវិញរបាយការណ៍មួយ ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងតែខឹងសម្បារយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ។ ភ្លាមៗនោះ អនុប្រធានាធិបតីអាម៉េរិករូបនេះបានតបវិញថា លោកមិនទាន់បានឮការថ្លែងរអ៊ូរទាំបែបនេះចេញពីមាត់លោក ណេតាន់យ៉ាហ៊ូ ដោយផ្ទាល់នោះទេ ប៉ុន្តែលោកបានវាយបកទៅសមាជិកគណៈរដ្ឋមន្ត្រីរបស់មេដឹកនាំអ៊ីស្រាអែលវិញថា កំពុងព្យាយាមបំផ្លាញកិច្ចព្រមព្រៀង និងហ៊ានវាយប្រហារលោក ត្រាំ ឱ្យសោះ។
លោក វេន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា អ្វីដែលលោកចង់ផ្ញើសារទៅកាន់ពួកអ្នករិះគន់នៅក្នុងប្រទេសអ៊ីស្រាអែលនោះ គឺនៅពេលនេះលោក ត្រាំ គឺជាប្រមុខរដ្ឋតែម្នាក់គត់នៅលើពិភពលោក ដែលមានចិត្តអាណិតអាសូរ និងឈឺឆ្អាលបំផុតចំពោះប្រជាជាតិអ៊ីស្រាអែល។ ប្រសិនបើលោកជាសមាជិកគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអ៊ីស្រាអែលវិញ លោកប្រហែលជាមិនល្ងង់ទៅវាយប្រហារសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលចុងក្រោយ តែម្នាក់គត់ដែលខ្លួនមានសល់នៅលើពិភពលោកនេះឡើយ។
ជាមួយគ្នានេះ លោក បានបន្តដាស់តឿនសមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលថា ២ភាគ៣ នៃចំនួនគ្រឿងសព្វាវុធយោធាដែលកងទ័ពអ៊ីស្រាអែលកំពុងប្រើប្រាស់ការពារខ្លួនសព្វថ្ងៃ គឺត្រូវបានផលិតឡើងដោយផ្ទាល់ពីកម្លាំងដៃ និងលុយពន្ធដ៏មានតម្លៃរបស់ប្រជាពលរដ្ឋអាម៉េរិក។ ជាការពិតណាស់ សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលរហូតដល់ទៅប្រមាណ ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយថែមទាំងកំពុងស្ថិតក្នុងដំណាក់កាលចរចាផ្តល់ជំនួយថ្មីៗបន្ថែមទៀតផង។
បន្ទាប់ពីការព្រមានដ៏ក្តៅគគុករបស់លោក វេន រួចមក លោក ត្រាំ ក៏បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយលោកបានជំរុញ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់នៅមជ្ឈិមបូព៌ា ឱ្យរក្សាការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបើកផ្លូវឱ្យកិច្ចចរចាសន្តិភាពអាចប្រព្រឹត្តទៅបាន។ លោក ត្រាំ បានសរសេរថា៖«យើងរំពឹងថា នឹងមានបទឈប់បាញ់យ៉ាងពេញលេញ និងមានប្រសិទ្ធភាពនៅលើគ្រប់សមរភូមិទាំងអស់ រួមទាំងនៅលីបង់ ក្រុមហេសបូឡា និងអ៊ីស្រាអែលផងដែរ»៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស