ការនាំចេញ​កសិកម្ម

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ចំពេលពិភពលោកកើតវិបត្តិ Covid-19


បើទោះបីជាពិភពលោក រួមទាំងកម្ពុជា ខ្លួនឯងផង កំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទាំងផ្លូវការ និងក្រៅផ្លូវការ នៅក្នុងរយៈពេល ៣ខែ ដំបូង នៅឆ្នាំ២០២០នេះ សម្រេចបាន ៣លានតោន។ នេះបើតាម របាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា។
រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ នៅថ្ងៃទី១០ ឧសភា ២០១៩។
ដោយ

តាមការបញ្ជាក់​របស់របាយការណ៍ ការនាំចេញ​ផ្លូវការ​សរុប​មាន​ជាង ១,៦ លាន​តោន ខណៈដែល​ការនាំចេញក្រៅផ្លូវការ​មានប្រមាណ១,៣ លានតោន។

ក្នុងចំណោម​ផលិតផល​កសិកម្មជិត ៣លានតោន ដែលត្រូវបាន​នាំចេញ​នៅ ៣ខែ​មកនេះ ផលិតផល​អង្ករ​នៅតែមានចំណែក​ធំជាងគេ ដែលបាន​បានចេញប្រមាណ ​២៣ ម៉ឺនតោន កើនឡើង​ដល់ទៅជាង ៣៨% បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញ​អង្ករ​ទៅសហភាពអឺរ៉ុបសម្រេចបានប្រមាណ ៧ម៉ឺនតោន កើនឡើងជិត​៣៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ខណៈដែល​ការនាំចេញអង្ករ​ទៅ ប្រទេសចិនវិញមានជាង ១០,១ ម៉ឺនតោន កើនឡើង ជិត​៣៥%។

ក្រៅពីអង្ករ គ្រាប់ស្វាយចន្ទី​ក៏មានការនាំចេញច្រើនគួរសមដែរ ដែលមានប្រមាណ ១២,២ ម៉ឺនតោន, ផ្លែចេកស្រស់ មាន​ ៧,៦ ម៉ឺនតោន, ផ្លែស្វាយមានប្រមាណ ២,៦ ម៉ឺនតោន និងគ្រាប់ពោត មានជាង ២,៥ ម៉ឺនតោន និងមាន​ផលិតផល​ផ្សេងៗ​ជាច្រើនមុខទៀត។

នៅក្នុងរបាយការណ៍ ក៏បាន​គូសបញ្ជាក់ ការនាំចេញក្រៅផ្លូវការ​មានដូចជា ការនាំចេញស្រូវ​ទៅវៀតណាមមានប្រមាណ៨៥ ម៉ឺនតោន និងការ​នាំចេញដំឡូងមី​ស្រស់​ទៅវៀតណាមដែរនោះ មានប្រមាណ ៤៥ម៉ឺនតោន។

សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ ហ៊ុន សែន កាលពីថ្ងៃទី ៣០ ខែមីនា​កន្លងទៅនេះ បានប្រកាស​បិទលែង​ឲ្យនាំចេញ​ស្រូវ និងអង្ករស​ទៅក្រៅប្រទេស តែនៅ​អនុញ្ញាត​ឲ្យនាំចេញអង្ករ​ក្រអូប ចាប់ពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់មាន​ការជូនដំណឹង​ជាថ្មីវិញ។ ការបិទនេះ គឺក្នុងគោលដៅ​រក្សាទុកស្បៀង​នៅក្នុងស្រុក ស្របពេល​ពិភពលោក រួមទាំងកម្ពុជាផងដែរនោះ កំពុង​រង​ផលប៉ះពាល់​ដោយ​បញ្ហា Covid-19។

បើទោះបីជា​មានការ​បិទនាំចេញអង្ករ​ស និងស្រូវ​បែបនេះក្ដី ប៉ុន្ដែ សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​អះអាងថា វាមិនប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការនាំចេញ​អង្ករ​របស់កម្ពុជា​ទាំងមូលនោះទេ ពោលគឺវាអាច​ប៉ះពាល់​តែប្រមាណ ១០% ប៉ុណ្ណោះ នៃការនាំចេញអង្ករសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃទី៣១មីនា គ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីទេ ខណៈចំនួនវត្ថុសំណាកវិភាគរកមេរោគនេះមានជាង ៥ពាន់ករណី

ព័ត៌មាន
ជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកបានបង្ហាញមិនមានករណីឆ្លងមេរោគកូវីដ១០ថ្មីនោះទេ កាលពីថ្ង…

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកនៅត្រឹម ២,៥% ប៉ុណ្ណោះនៅឆ្នាំ២០២០

ព័ត៌មាន
សេដ្ឋកិច្ច​កម្ពុជា ដែលធ្លាប់តែមាន​កំណើន​ក្នុង​រង្វង់ ៧% ជារៀងរាល់ឆ្នាំ អស់រយៈពេលជាច្រើន​ឆ្នាំមកហើយនោះ នៅពេល​ថ្មីៗនេះ ត្រូវបាន ធនាគារពិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ