ការបង្ក្រាបនេះ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃគោលនយោបាយ វិបុលភាពរួម របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំងបាននិយាយថា នាពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ក្រាបលើឧស្សាហកម្មដែលរាប់ចាប់ពីពាណិជ្ជកម្មអេឡិចត្រូនិករហូតដល់ការអប់រំឯកជន ដែលទីក្រុងប៉េកាំងចាត់ទុកថា ការបង្ក្រាបនេះជាសកម្មភាពដែលបានធ្វើឱ្យទីផ្សារពិភពលោកកាន់តែរីកចម្រើន ហើយនឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវច្បាប់បទប្បញ្ញត្តិបន្ថែមទៀត។
លោក លី ឃឺឈាំង បានបន្តថា ប្រទេសចិននឹងអនុវត្តគោលនយោបាយបន្ថែមទៀត ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងចាត់វិធានការកាន់តែខ្លាំងប្រឆាំងនឹងការអនុវត្តអាជីវកម្មផ្តាច់មុខ និងការប្រកួតប្រជែងមិនយុត្តិធម៌ ដើម្បីធានាបាននូវបរិយាកាសទីផ្សារដែលមានសណ្តាប់ធ្នាប់ និងយុត្តិធម៌។
ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីកែលម្អវិធានបទប្បញ្ញត្តិសម្រាប់ឧស្សាហកម្មសំខាន់ៗ វិស័យដែលកំពុងរីកចម្រើន និងវិស័យដែលមានការចូលរួមពីបរទេស ហើយដាក់ចេញនូវវិធានការថ្មី ដើម្បីធ្វើឱ្យការដាក់ចេញនូវបទប្បញ្ញត្តិបានកាន់តែចំគោលដៅ និងមានប្រសិទ្ធភាពជាងមុន។
ដោយឡែក នៅក្នុងវិធានការគាំទ្រវិញ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួននឹងបង្កើនការគ្របដណ្តប់លើការកាត់ពន្ធសម្រាប់សហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធុនតូច និងមធ្យមពី ៧៥% ទៅ ១០០% និងគាំទ្រការវិនិយោគបរទេសបន្ថែមទៀត នៅក្នុងការផលិតកម្រិតមធ្យម និងកម្រិតខ្ពស់ ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)ជាដើម។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងជំរុញឱ្យមានការដាក់ឱ្យដំណើរការទ្រង់ទ្រាយធំនៃបណ្តាញ 5G ផងដែរ។
សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋអំណាចក្រុងប៉េកាំងបានចេញនូវបទប្បញ្ញត្តិថ្មីៗជាច្រើន ដើម្បីបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ ដូចជាក្រុមហ៊ុន Alibaba និង Ant Group របស់មហាសេដ្ឋីជេកម៉ា និងក្រុមហ៊ុនជាច្រើនទៀត ដូចជា Tencent, Didi, រួមទាំងក្រុមហ៊ុន Byte dance ដែលជាក្រុមហ៊ុនមេរបស់ Tiktok ផងដែរ៕