ការនាំចេញស្មាតហ្វូន

កត្តាអ្វីធ្វើឲ្យការនាំចេញស្មាតហ្វូនរបស់ចិនទៅកាន់ពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ?


ការដឹកជញ្ជូនស្មាតហ្វូនរបស់ប្រទេសចិនចេញទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំមកនេះ ដោយសារតែបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និងតម្រូវការស្មាតហ្វូនចុះខ្សោយ។ ចំណែកការលក់ស្មាតហ្វូនតែក្នុងទីផ្សារក្នុងស្រុករបស់ចិនវិញ ក៏មិនល្អប្រសើរដែរ ដោយសារតែបានរងផលប៉ះពាល់ ពីការបិទខ្ទប់ប្រទេសក្រោមគោលនយោបាយសូន្យកូវីដនាពេលកន្លងមក បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែសន្សំ ត្បិតក្បៀតការចំណាយជាងមុន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កត្តាអ្វីធ្វើឲ្យការនាំចេញស្មាតហ្វូនរបស់ចិនទៅកាន់ពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ?
ដោយ

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ចិនបានធ្លាក់ចុះ១៣%ក្នុងឆ្នាំ២០២២ ដែលជាតួលេខធ្លាក់ចុះច្រើនបំផុតសម្រាប់វិស័យមួយនេះ គិតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ការដាំក្បាលចុះនេះកើតឡើងនៅខណៈដែលអតិថិជនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នក្នុងការចំណាយជាងមុន។

ចំនួនសរុបនៃស្មាតហ្វូន ដែលត្រូវបានដឹកជញ្ជូនចេញពីប្រទេសចិនក្នុងឆ្នាំ២០២២ គឺមាន ២៨៦លានគ្រឿង ដោយធ្លាក់ចុះពីចំនួន ៣២៩លានគ្រឿងក្នុងឆ្នាំ២០២១។ ក្នុងន័យនេះចំនួននៃការលក់សរុបក្នុងឆ្នាំ២០២២ គឺជាកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក ហើយវាក៏ជាការស្រុតចុះលើកដំបូងផងដែរចាប់តាំងពីការលក់ចាប់ពីដើមឆ្នាំ២០២២ ដែលវាបានស្រុតចុះមកក្រោមចំនួន៣០០លានគ្រឿងដូចនេះ។

គួរជម្រាបថា ក្រុមហ៊ុន Vivo គឺជាម៉ាកទូរស័ព្ទ ដែលលក់ដាច់ជាងគេបំផុតក្នុងឆ្នាំ២០២២ ជាមួយនឹងចំណែកទីផ្សារ ១៨,៦%។ ប៉ុន្តែការដឹកជញ្ជូនចេញទៅក្រៅប្រទេសសរុបរបស់ក្រុមហ៊ុនទូរស័ព្ទមួយនេះបានធ្លាក់ចុះជាង ២៥% បើប្រៀបធៀបនឹងឆ្នាំ២០២១។ ដោយឡែក ក្រុមហ៊ុន Honor ឈរនៅលំដាប់ទីពីរ ហើយការបញ្ចេញលក់ទូរស័ព្ទរបស់ក្រុមហ៊ុននេះ បានកើនឡើងជាង ៣៤%។

ចំណែកក្រុមហ៊ុនស្មាតហ្វូន ដែលឈរលេខ៣គឺក្រុមហ៊ុន Apple មានការលក់ធ្លាក់ចុះ ៤,៤%។ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ការលក់ iPhone ក្នុងប្រទេសចិននៅតែធ្លាក់ចុះដដែល ទោះចិនបានបើកប្រទេសឡើងវិញក៏ដោយ។ នេះដោយ សារតែបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់របស់រោងចក្រក្រុមហ៊ុន Foxconn នៅក្នុងក្រុងចីងចូវ ប្រទេសចិន។

ជាមួយគ្នានេះ ការរឹតបន្តឹងការគ្រប់គ្រងកូវីដ១៩ ក្រោមគោលនយោបាយសូន្យកូវីដ កាលពីឆ្នាំមុន បានដាក់បន្ទុកយ៉ាងធ្ងន់ ចំពោះសេដ្ឋកិច្ចឱ្យធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

គួរកត់សម្គាល់ថា ការធ្លាក់ចុះការលក់ស្មាតហ្វូនរបស់ប្រទេសចិន គឺបានឆ្លុះបញ្ចាំងពីស្ថានភាពសាកលក្នុងវិស័យមួយនេះ។ ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនស្មាតហ្វូនសាកល មានចំនួន ១ពាន់២រយលានគ្រឿង ដែលជាកម្រិតទាបបំផុតផងដែរ គិតចាប់ពីឆ្នាំ២០១៣ និងធ្លាក់ចុះជាង ១១% បើធៀបនឹងឆ្នាំ២០២១។

ថ្មីៗនេះក្រុមហ៊ុន IDC បានលើកឡើងថា ទីផ្សារស្មាតហ្វូនក្នុងប្រទេសចិន មិនល្អប្រសើរឡើយក្នុងឆ្នាំ២០២២កន្លងទៅ ហើយសម្រាប់ឆ្នាំ២០២៣នេះ ក៏មិនរំពឹងថា នឹងកើនឡើងវិញដែរ។ បន្ថែមលើសនេះ ទីផ្សារចិន ក៏ទំនងគ្មានភាពរឹងមាំឡើងវិញ រហូតដល់ឆ្នាំ២០២៤ ដោយសារតែបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និងការចំណាយអ្នកប្រើប្រាស់បន្តទន់ខ្សោយ៕




អត្ថបទបន្ទាប់


ហេតុអ្វីលោកខាងលិចនឹងត្រូវប្រឈមបញ្ហាច្រើន នៅក្រោយពេលឥណ្ឌាក្លាយជាមហាអំណាចថ្មី?

ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងក្លាយជាមហាអំណាចថ្មីមួយ រះត្រដែតឡើងបាំងពីលើប្រទេសចិន ។ ជាមួយនឹងបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលជ…

អាមេរិកក្ដោបក្ដាប់ទីផ្សារ ៤០% នៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២២ ទោះមានប្រឈមសម្ពាធអតិផរណាក្ដី

សហរដ្ឋអាម៉េរិក គឺជាទីផ្សារគោលដៅធំជាងគេបង្អស់របស់កម្ពុជា ដោយបានក្ដោបរហូត ៤០% នៃការនាំចេញសរុប ដែលគិតជាទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ