ស្របពេលដែលភូមិសាស្ត្រនយោបាយពិភពលោកកាន់តែក្រឡាប់ចាក់ ផ្ទុះសង្គ្រាមជាបន្តបន្ទាប់ និងភាពតានតឹងរវាងបណ្ដាប្រទេសមហាអំណាច ធនាគារកណ្ដាលនៃប្រទេសនានា រួមទាំងចិន ផងដែរ បានសម្រុកទិញមាសចូលយ៉ាងគំហុក ដើម្បីត្រៀមទប់ទល់នឹងហានិភ័យ និងអតិផរណា។ ជាក់ស្ដែង ធនាគារកណ្តាលចិន បានបន្តទិញមាសចូលឡើងវិញរយៈពេល១៥ខែជាប់ៗគ្នាគិតត្រឹមខែមករា ដើមឆ្នាំ២០២៦ ក្រោយពីខ្លួនបានផ្អាកទិញមាសរយៈពេល៦ខែជាប់ៗគ្នា។
ធនាគារកណ្តាលចិន បានឱ្យដឹងថា ទំហំទុនបម្រុងអន្តរជាតិ ក្នុងទម្រង់ជាមាសរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំងពីជាង៣១៩ពាន់លានដុល្លារកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ឈានដល់ជាង៣៦៩ពាន់លានដុល្លារគិតត្រឹមខែមករា ដើមឆ្នាំ២០២៦។
សូមបញ្ជាក់ថា មាសដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាទ្រព្យសកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងហានិភ័យនយោបាយ និងសេដ្ឋកិច្ច បានហក់ឡើងថ្លៃយ៉ាងខ្លាំងឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីអំឡុងខែខែមករា ដើមឆ្នាំ២០២៦ ដែលហាងឆេងមាសនៅកម្ពុជា បានឈានដល់ជាង៦,៧៥០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងស្ទើរមិនគួរឱ្យជឿដោយសារតែការកើនឡើងយ៉ាងខ្លាំងនូវការសម្រុកទិញចូលមាសដើម្បីទុកលក់ចេញយកចំណេញ។
ទន្ទឹមនេះ តម្រូវការមាសសរុបរបស់ចិន បានធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះ ៣,៧៥% មកនៅត្រឹម៩៥០តោន។ នេះបើយោងតាមសមាគមមាសចិន ដែលគាំទ្រដោយរដ្ឋ។
សូមបញ្ជាក់ថា ធនាគារកណ្តាលចិន បានសម្រុកទិញចូលមាសរយៈពេល១៨ ខែជាប់ៗគ្នា ប៉ុន្តែបានផ្អាកទិញចូលកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ មុននឹងបន្តទិញចូលឡើងវិញនៅរយៈពេល៦ខែក្រោយមក៕
ដោយ: តែម សុខុម