ការចូលនិវត្តន៍ពីការងាររបស់លោក យី ហ្កាង ប្រធានធនាគារកណ្ដាលចិន គឺនឹងត្រូវធ្វើឡើងក្នុងវ័យ៦៥ ឆ្នាំ គឺនៅដើមឆ្នាំ២០២៣។ ប៉ុន្ដែ ក្រុមអ្នកនយោបាយខាងក្នុង និងទីប្រឹក្សាមួយចំនួនធ្លាប់បានស្នើឱ្យលោក យី បន្តកាន់តំណែងនេះដូចកាលដែលលោក ចូ សាវឈួន (Zhou Xiaochuan) ធ្លាប់ធ្វើពីមុនមកអ៊ីចឹងដែរ។
លោក យី គឺស្ថិតក្នុងចំណោមអ្នកបង្កើតគោលនយោបាយគាំទ្រកំណែទម្រង់ ដែលត្រូវបានដកចេញពីសមាជិកនៃគណៈកម្មាធិការកណ្តាលមជ្ឈិមថ្មីរបស់បក្សកុម្មុនិស្ដចិន ហើយក្នុងនោះ ក៏មានដែរ មន្ត្រីកំពូលៗដែលត្រូវផុតអាណត្តិនៅឆ្នាំក្រោយ រួមមាននាយករដ្ឋមន្ត្រីផុតអាណត្តិលោក លី ខឺឈាំង (Li Keqiang) អាយុ ៦៧ ឆ្នាំ, មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចលោក លឺ ហេ (Liu He) អាយុ ៧០ ឆ្នាំ និងប្រធានគណៈកម្មការធនាគារកណ្តាលោក គួ ស៊ឺឈីង (Guo Shuqing) អាយុ ៦៦ ឆ្នាំផងដែរ។
ការផ្លាស់ប្តូរដែលធ្វើឡើងនៅចុងបញ្ចប់នៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលទើបធ្វើឡើងកន្លងទៅថ្មីៗនេះគឺស្ថិតក្នុងចំណោមការផ្លាស់ប្ដូរមួយចំនួនទៀត ដែលបានពង្រឹងការក្ដោបក្តាប់អំណាចដ៏រឹងមាំរបស់លោក សី ជីនពីង និងហាក់ដូចជាកំពុងពង្រឹងការគ្រប់គ្រងក្នុងចំណោមមនុស្សជិតស្និទ្ធនឹងលោក ស៊ី ផងដែរ។
អ្នកនយោបាយចិនមួយរូបបាននិយាយថា ការចាកចេញពីតំណែងជាប្រធានធនាគារកណ្ដាលចិនរបស់លោក យី ហ្កាងមើលទៅទំនងជាមិនអាចជៀសបាននោះឡើយ ខណៈដែលក្រុមអ្នកគាំទ្រកំណែទម្រង់ គឺជ្រុះតំណែងជិតអស់ហើយ។
លោក យី គឺជាអ្នកជំនួសឱ្យគណៈកម្មាធិការកណ្តាលពីមុនមក ហើយប្រភពខ្លះបាននិយាយថា ការដកលោកចេញពីបញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមថ្មីនេះមានន័យថា លោកស្ទើរតែច្បាស់១០០%ហើយថា នឹងត្រូវចុះចេញពីតំណែងនៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំនៅក្នុងខែមីនាឆ្នាំក្រោយ។
ការរុះរើដែលកំពុងលេចចេញមកនេះ បានកើតឡើងស្របពេលធនាគារកណ្ដាលចិន (PBOC) ប្រឹងប្រែងជំរុញបង្កើនសេដ្ឋកិច្ចដែលរងការខូចខាតដោយសារជំងឺកូវីដ១៩ ខណៈដែលរដ្ឋាភិបាលកំពុងបញ្ជៀសការអនុវត្តវិធានការធូរលុងហួសហេតុ ដែលអាចនាំឲ្យមានលំហូរមូលធនចេញទៅទៅក្រៅប្រទេស ដ្បិតថាធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលនៃប្រទេសផ្សេងៗទៀតបានដំឡើងអត្រាការប្រា ក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលកំពុងកើនឡើង៕
អត្ថបទ៖ សុខ ជា