ការិយាល័យស្ថិតិជាតិចិនបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសា បានកើនឡើងតែ ០,១% ប៉ុណ្ណោះ បើធៀបនឹងខែមេសាឆ្នាំមុន។ នេះជាអត្រាទាបបំផុត បើគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មក។ ទិន្នន័យផ្លូវការដែលផ្សាយចេញនៅថ្ងៃព្រហស្បតិ៍ ទាមទារឱ្យអាជ្ញាធរចិនបង្កើនការជំរុញបន្ថែមទៀតចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ សកម្មភាពផលិតរបស់រោងចក្រសហគ្រាសបន្តថយចុះថែមទៀតក្នុងល្បឿនកាន់តែលឿនក្នុងខែមេសា។ ការណ៍នេះគូសបញ្ជាក់អំពីការលំបាកចំពោះអ្នកផលិត ក៏ដូចជាចំពោះសេដ្ឋកិច្ចទូទៅ ដែលកំពុងសម្លឹងរកឱកាសងើបឡើងវិញបន្ទាប់ពីការដកវិធានការទប់ស្កាត់កូវីដ-១៩កាលពីខែធ្នូឆ្នាំមុន។
ជាក់ស្ដែង សន្ទស្សន៍តម្លៃផលិតកម្ម (PPI) បានធ្លាក់ចុះលឿនបំផុតក្នុងខែមេសា បើគិតចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មក។ សន្ទស្សន៍តម្លៃផលិតកម្មបានថយជាលំដាប់ក្នុងរយៈពេលប្រាំពីរខែជាប់ៗគ្នា ដោយបានចុះទាប ៣,៦% បើធៀបនឹងខែមេសាឆ្នាំមុន។ ក្នុងខែមីនា វាបានធ្លាក់ចុះ ២,៥%។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយសារការដកវិធានការបង្ការកូវីដកាលពីខែធ្នូ ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចគឺមិនស្មើគ្នាទេ។ ទិន្នន័យថ្មីៗបានបង្ហាញឱ្យឃើញថាសកម្មភាពរោងចក្របានរួមកាន់តែតូច ហើយការនាំចូលបានធ្លាក់ចុះក្នុងខែមេសា។
ការបើកប្រទេសចិនឱ្យមានដំណើរការឡើងវិញប្រហែលជាបង្កឱ្យមានអតិផរណាកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម ប៉ុន្តែកំណើនតម្លៃសេវាកម្មត្រូវបានកាត់បន្ថយមួយផ្នែកធំដោយការធ្លាក់ចុះនៃតម្លៃអាហារនិងថាមពល៕»