កំណើនសេដ្ឋកិច្ចខែកក្កដាមិនសូមប្រកបឡើយ

ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ


ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ចិនមិនបានដូចបំណងទេនៅក្នុងខែកក្កដា ចំពេលមានវិបត្តិអចលនទ្រព្យកំពុងអុកឡុកយ៉ាងធ្ងន់ធ្ងរ!!! ឃើញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់មហាអំណាចចិន មិនទាន់សមប្រកបនៅឡើយទេនៅទូទាំងប្រទេសចិននៅក្នុងខែកក្កដាកន្លងទៅនេះ ដោយសារវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួនដែលធ្លាប់តែជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ចិន បានធ្លាក់ចុះកាន់តែជ្រៅ និងអូសទាញកំណើនទាំងមូលឲ្យថយចុះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួន។
កំណើនសេដ្ឋកិច្ចខែកក្កដាមិនសូមប្រកបឡើយ
ដោយ

ការិយាល័យស្ថិតិជាតិរបស់ចិនបាននិយាយនៅថ្ងៃទី១៥ខែសីហានេះថា ការវិនិយោគអចលនទ្រព្យនៅទូទាំងប្រទេសចិនបានធ្លាក់ចុះជាង៨% ចាប់ពីខែមករាដល់ខែកក្កដានៅឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះជិត ៨%នៅក្នុងឆមាសទី១ឆ្នាំនេះ។
អចលនទ្រព្យបានបន្តអូសបន្លាយការវិនិយោគ លើទ្រព្យសកម្មថេរសរុបក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ជាមួយនឹងកំណើនជាង ៣% ពោលគឺទាបជាងការរំពឹងកំណើន ៤%របស់ក្រុមហ៊ុនផ្តល់សេវាទិន្នន័យវីន (Wind) ។

អចលនទ្រព្យមានចំនួនជាង១ភាគ៥នៃការវិនិយោគទ្រព្យសកម្មថេរសរុប (Fixed-Asset Investment) និងបានរួមចំណែកប្រហែល ១៤%ដល់កំណើនសេដ្ឋកិច្ចរបស់ចិន។
អ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យចិនឥឡូវនេះ កំពុងជួបប្រទះនឹងពេលវេលានៃការសម្រួលទីផ្សារ ហើយវាកំពុងធ្វើឲ្យមានការប្រឈមជាច្រើនសម្រាប់អាជីវកម្មអចលនវត្ថុ ដែលមានប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលខ្លី។ ជាពិសេស គឺសម្រាប់សហគ្រាសអចលនទ្រព្យមួយចំនួន ដែលកំពុងមានបញ្ហាជំពាក់បំណុល ហើយវាក៏បានប៉ះពាល់ដល់ការរំពឹងទុកទីផ្សារផងដែរ។
ជារួម ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមិនស្មើគ្នាទេកាលពីខែមុននេះ ដោយវិស័យឯកជន និងទិន្នផលឧស្សាហកម្មមិនទាន់ស្ទុះងើបឡើងវិញពេញលេញនៅឡើយ។
តួយ៉ាង ការិយាល័យស្ថិតិជាតិរបស់ចិនក៏បានបង្ហាញដែរថា ផលិតកម្មឧស្សាហកម្មបានកើនឡើងជាង ៣%នៅក្នុងខែកក្កដា បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតមួយទាបជាងការរំពឹងទុក។ ចំណែកការលក់រាយវិញ បានកើនឡើងត្រឹមតែជាង ២% ប៉ុណ្ណោះនៅក្នុងខែកក្កដា ពោលគឺនៅតែមានកម្រិតទាបជាងការរំពឹងទុករបស់ស្ថាប័នស្រាវជ្រាវមួយចំនួន។
ទោះយ៉ាងណា ដើម្បីជំរុញបង្កើនសេដ្ឋកិច្ច ធនាគារកណ្ដាលរបស់ចិននៅថ្ងៃទី១៥ខែសីហា បានបន្តកាត់បន្ថយអត្រាការប្រាក់គោលសំខាន់ៗជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ជាសញ្ញាថ្មីមួយបង្ហាញថា អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយរូបិយវត្ថុដើម្បីជំរុញបង្កើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញកាន់តែខ្លាំង។
ធនាគារកណ្ដាលរបស់ចិន (PBOC) និយាយថា ខ្លួនបានបន្ថយការប្រាក់គោល០,១៥%បន្ថែមទៀត ដោយនាំឲ្យអត្រាប្រាក់បច្ចុប្បន្នមានមកនៅត្រឹម ២,៥% ដោយទំហំកម្ចីសរុបស្ថិតក្រោមការបញ្ចុះអត្រាប្រាក់គោលនេះ គឺមានតម្លៃជាង ៥៥ពាន់លានដុល្លារអាមេរិក ដែលធនាគារកណ្ដាលចិន នឹងបញ្ចេញដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនរបស់ខ្លួន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ឥណ្ឌានិងថៃកំពុងក្លាយជាប្រទេសដែលស្ថិតនៅលើផែនទីនៃការផលិតបន្ទះឈីបរបស់អាស៊ី

ការចូលរួមយ៉ាងពេញលេញរបស់ឥណ្ឌា ជាមួយនឹងប្រទេសថៃ ក្នុងការប្រជែងគ្នាសម្រាប់ការវិនិយោគលើការផលិតគ្រឿងបន្ទះឈីប បាននិងកំពុងបង្ហាញពីភាពច្របូកច្រ…

ធនាគារកណ្តាលរបស់រុស្ស៊ីនឹងបើកកិច្ចប្រជុំបន្ទាប់ពីប្រាក់រុបបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៦ខែមកនេះ

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីកម្រិតនៃអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ