ត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Reuters លោក Liu Shijin ទីប្រឹក្សាគោនយោបាយធនាគារកណ្ដាលរបស់ចិន បាននិយាយនាពេលថ្មីៗនេះថា លទ្ធផលកំណើននៅឆ្នាំ២០២១ គឺដោយសារតែមូលដ្ឋានកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២០មានទាប ដោយកាលពីឆ្នាំមុននេះចំពេលមានមេរោគរាតត្បាត សេដ្ឋកិច្ចចិនរក្សាបានកើនកើនឡើងត្រឹម២,៣%ប៉ុណ្ណោះ។
អ្នកជំនាញរូបនេះ គូសបញ្ជាក់ទៀតថា ប្រសិនបើកំណើនជាមធ្យមផលិតផលក្នុងស្រុកសរុបរបស់ចិន ឆ្នាំ២០២០ និងឆ្នាំ២០២១ កើន៥% នេះមានន័យថាលទ្ធផលនេះ គឺមិនអន់នោះទេ។
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះដែរ ក៏បានព្យាករកំណើនសេដ្ឋកិច្ចចិនថា នឹងកើនដល់ទៅ ជាង៨% នៅឆ្នាំ២០២១ ខណៈដែលប្រទេសចិន ក៏ទើបតែវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយនឹងសហភាពអឺរ៉ុបដែរ។ បន្ថែមពីនេះ ដោយសារតែមានបញ្ហាមេរោគកូវីដ-១៩ រាតត្បាតជាសកល ប្រទេសចិនក៏ត្រូវបានគេព្យាករដែរថា នឹងឈានទៅដណ្ដើមបានតំណែងមហាយក្សសេដ្ឋកិច្ចធំជាងគេទី១ក្នុងពិភពលោក ពីសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០២៨ផងដែរ៕