ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយនៅថ្ងៃពុធនេះថា សន្ទស្សន៍ការបញ្ជាទិញផ្នែកឧស្សាហកម្មផ្លូវការ (PMI) បានធ្លាក់ចុះដល់កម្រិតទាប ៤៨,៨ ពិន្ទុ ក្នុងរយៈពេលប្រាំខែមកហើយ ដោយបានធ្លាក់ចុះពីកម្រិត ៤៩,២ ពិន្ទុក នៅក្នុងខែមេសា គឺស្ថិតនៅក្រោមកម្រិតមធ្យម ៥០ ពិន្ទុ ដែលជាកម្រិតបែងចែកពីការធ្លាក់ចុះនិងការកើនឡើងនៃសេដ្ឋកិច្ច។
សកម្មភាពវិស័យសេវាកម្មបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៤ ខែមកនេះ បើគិតត្រឹមខែឧសភា ដោយសន្ទស្សន៍ PMI មិនមែនផលិតកម្មផ្លូវការ បានធ្លាក់ចុះពីកម្រិត ៥៦,៤ ពិន្ទុ មកនៅត្រឹមកម្រិត ៥៤,៥ ពិន្ទុវិញ។
លទ្ធផលនៃការធ្លាក់នេះបានជំរុញឱ្យទីផ្សារនៅអាស៊ីធ្លាក់ដល់កម្រិតក្រហម នៅពេលដែលតម្លៃប្រាក់យ័នរបស់ចិន និងប្រាក់ដុល្លាររបស់អូស្ត្រាលី និងដុល្លាររបស់នូវែលសេឡង់ធ្លាក់ចុះ ហើយផ្សារហ៊ុនក្នុងតំបន់ក៏ដាំក្បាលចុះយ៉ាងខ្លាំងផងដែរ។
លោក ព្រូស ផាង (Bruce Pang) ប្រធានសេដ្ឋកិច្ចវិទូនៅក្រុមហ៊ុនអចលនទ្រព្យ ចូន ឡាង ឡាសាល (Jones Lang LaSalle) បាននិយាយថា ការធ្លាក់ចុះ តម្រូវការក្នុងស្រុកនេះអាចដាក់បន្ទុកលើកំណើនប្រកបដោយនិរន្តរភាពរបស់ចិនប្រសិនបើគ្មានការផ្លាស់ប្តូរគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីជំរុញឱ្យមានការស្ទុះងើបឡើងវិញដ៏ទូលំទូលាយទេនោះ។
សន្ទស្សន៍ PMI ក៏បានបង្ហាញពីទិន្នន័យរបស់សកម្មភាពរោងចក្រចុះខ្សោយនៅផ្នែកផ្សេងៗទៀតនៅតំបន់អាស៊ី។ ជាក់ស្ដែង ប្រទេសជប៉ុនបានរាយការណ៍ពីការធ្លាក់ចុះទិន្នផលគួរឱ្យភ្ញាក់ផ្អើល រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ក៏មានរបាយការណ៍ស្ដីពីការធ្លាក់ចុះផ្នែកផលិតកម្មដែរ។
ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក កំពុងងើបចេញពីការបិទខ្ទប់នៃជំងឺកូវីដ១៩ រយៈពេល ៣ ឆ្នាំ ប៉ុន្តែការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៅមិនទាន់ស្មើគ្នាទេ ដោយសារការចំណាយលើសេវាកម្ម គឺខ្លាំងជាងសកម្មភាពនៅក្នុងវិស័យឧស្សាហកម្ម វិស័យអចលនទ្រព្យ និងវិស័យដែលផ្តោតលើការនាំចេញ។
សន្ទស្សន៍រងនៃសន្ទស្សន៍ PMI នៅខែឧសភានេះ បានបង្ហាញថា ទិន្នផលរោងចក្របានថយចុះ ខណៈដែលការបញ្ជាទិញថ្មី រួមទាំងការនាំចេញថ្មី បានធ្លាក់ចុះ ២ ខែជាប់គ្នា។
ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយថា ឧស្សាហកម្មកែច្នៃលោហធាតុគីមីនៅប្រទេសចិនបានប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងផលិតកម្ម និងតម្រូវការទិញដែក។
ចំណែកនៅក្នុងវិស័យសេវាកម្មវិញ ការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវអាកាស កន្លែងស្នាក់នៅ និងការផ្តល់ម្ហូបអាហារ នៅតែមានការកើនឡើង ដោយសារតែមានការធ្វើដំណើរច្រើននៅក្នុងថ្ងៃឈប់សម្រាកនាឱកាសទិវាពលកម្មខែឧសភា ប៉ុន្តែសកម្មភាពក្នុងវិស័យអចលនទ្រព្យបានធ្លាក់ចុះ៕