អត្រាកំណើតរបស់ប្រទេសចិន ដែលបានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយនោះ បានងើបឡើងវិញបន្តិច តែនៅតែមិនទាន់អាចជួយជំរុញឱ្យចំនួនប្រជាជននៅក្នុងប្រទេសនេះមានមានការកើនឡើងវិញនៅឡើយទេ។ ការិយាល័យស្ថិតិជាតិ នៃទីក្រុងប៉េកាំង បានគូសបញ្ជាក់ថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិន កាលពីឆ្នាំ២០២៣ មានចំនួន១ពាន់៤រយ៩លាននាក់ តែនៅឆ្នាំ២០២៤ វាបានថយចុះមកនៅត្រឹម១ពាន់៣រយ៩០លាននាក់ ពោលគឺមានការធ្លាក់ចុះជាង១លាននាក់។
នៅក្នុងស្ថានភាពបែបនេះ អ្នកជំនាញប្រជាសាស្រ្តបានព្រមានប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះថា ចិនអាចប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម និងការកើនឡើងថ្លៃចំណាយលើការថែទាំមនុស្សចាស់ ក៏ដូចការខាតបង់សេដ្ឋកិច្ច ដែលត្រូវធានាគាំពារប្រជាពលរដ្ឋដែលចូលនិវត្តន៍។ ក្រុមអ្នកវិភាគបានលើកឡើងថា ស្ថានការណ៍ដែលកើតមានឡើងនៅក្នុងប្រទេសចិន នឹងមិនខុសពីអ្វីដែលបានកើតឡើងនៅជប៉ុន និងកូរ៉េខាងត្បូងឡើយ។
ទិន្នន័យបង្ហាញថា ចំនួនកំណើតសរុបនៅចិន កាលពីឆ្នាំ២០២៤ មានចំនួនជិត១០លាននាក់ កើនឡើងបន្តិចធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនប្រជាជននៅតែថយចុះ ដោយសារតែអត្រាកំណើតទាបជាងអត្រាស្លាប់។ កាលពីឆ្នាំ២០២៤ ពលរដ្ឋចិន ដែលបានទទួលមរណភាពសរុបមានចំនួនជិត១១លាននាក់ ខណៈកាលពីឆ្នាំ២០២៣ មានអ្នកស្លាប់សរុបជាង១១លាននាក់។
មូលហេតុដែលចិន មានបញ្ហាប្រជាសាស្រ្តនេះ ត្រូវបានគេដាក់បន្ទុកនៅលើបញ្ហាសម្ពាធសេដ្ឋកិច្ចរបស់ប្រទេសចិន។ ជាមួយគ្នានេះ ការចំណាយខ្ពស់លើការថែទាំ និងការអប់រំកុមារ ក៏ដូចជាភាពមិនប្រាកដប្រជានៃទីផ្សារការងារ និងការធ្លាក់ចុះសេដ្ឋកិច្ច កំពុងបង្អាក់ទឹកចិត្តយុវជនចិនជាច្រើនមិនឱ្យរៀបការ និងចាប់ផ្តើមបង្កើតគ្រួសារ៕
ដោយៈ សរ សុជាតិ