
លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន យល់ឃើញថា ការទទួលទិញ និងនាំចេញដំឡូងមីស្ងួតរហូតដល់ជាង១០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ របស់ក្រុមហ៊ុនចិន នៅឆ្នាំនេះ គឺជាសញ្ញាល្អមួយ និងជាការរួមចំណែកជួយលើកកម្ពស់ទីផ្សារ និងតម្លៃដំឡូងមីនៅកម្ពុជា ដែលកំពុងជួបបញ្ហាធ្លាក់ចុះ។ បើតាមគូសបញ្ជាក់របស់អគ្គលេខាធិការរូបនេះ កន្លងមកក្រុមហ៊ុនចិន ខាងលើ បានទិញដំឡូងស្ងួតក្នុងតម្លៃ៦៨០រៀលក្នុង១គីឡូ ដែលជាតម្លៃដឹកជញ្ជូនដល់ទីតាំងឃ្លាំង ស្ថិតក្នុងខេត្តព្រះសីហនុ។ តែយ៉ាងណាលោកជឿជាក់ថា ប្រសិនបើការនាំចេញដំឡូងមីស្ងួត ទៅទីផ្សារប្រទេសចិន ដំណើរការរលូន នោះក្រុមហ៊ុនចិននេះ អាចនឹងចុះទិញដល់ទីតាំងនានាដោយផ្ទាល់ ដែលវាអាចជួយធ្វើឱ្យតម្លៃដំឡូងមីរបស់កម្ពុជា មានស្ថិរភាពជាងមុន។
ដោយឡែកលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ យល់ឃើញថា ផែនការប្រមូលទិញដំឡូងមីស្ងួតជាង១០ម៉ឺនតោន របស់ក្រុមហ៊ុនចិននេះ ស្ថិតក្នុងបរិមាណតិចតួចប៉ុណ្ណោះ ពោលគឺមិនទាន់អាចឆ្លើយតបនឹងទិន្នផលដំឡូងមីដែលកសិករផលិតបានជាក់ស្តែងនៅឡើយទេ ដោយសារតែផលដំឡូងដែលកម្ពុជា ផលិតបាន មានរហូតដល់១០លានតោនឯណោះ។ តែយ៉ាងណាប្រមូលទិញនេះ ក៏ជាផ្នែកមួយជួយរួមចំណែកក្នុងការលើកកម្ពស់ទីផ្សារ និងតម្លៃដំឡូងមីនៅកម្ពុជា ផងដែរ។
បើតាមលោក អិល ឈិញ បច្ចុប្បន្នទីផ្សារដំឡូងមីស្រស់នៅតែជួបបញ្ហាប្រឈម ដោយសារនៅតំបន់ខ្លះ ត្រូវបានឈ្មួញទិញចូលក្នុងតម្លៃក្រោម២០០រៀល ខណៈដំឡូងមីស្ងួតត្រូវបានគេទិញក្នុងតម្លៃជាង៥០០រៀលក្នុង១គីឡូ ជាហេតុធ្វើឱ្យកសិករស្ទើរតែពុំទទួលបានប្រាក់ចំណេញ៕
អត្ថបទ៖ បូ ដូឡា