ការណ៍នេះ បានធ្វើឱ្យអឺរ៉ុបមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីរំហូរជោរជន់នៃរថយន្តអគ្គិសនីរបស់ចិន ដែលមានតម្លៃថោកចូលទៅក្នុងទីផ្សារអឺរ៉ុប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
នាយកប្រតិបត្តិម្នាក់នៅក្រុមហ៊ុន SAIC Motor ដែលគ្រប់គ្រងដោយរដ្ឋចិនបាននិយាយនៅខែនេះថា ក្រុមហ៊ុនខ្លួនបានចាប់ផ្តើមដំណើរការជ្រើសរើសទីតាំង សម្រាប់សាងសង់រោងចក្រដំឡើងរថយន្តនៅអឺរ៉ុប។ ចំណែកនាយកប្រតិបត្តិម្នាក់នៅក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏កំពូលរបស់ចិនក្នុងពិភពលោក បាននិយាយនៅឯពិព័រណ៍រថយន្តនៅទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ថា ក្រុមហ៊ុននេះនឹងជ្រើសរើសទីតាំងណាមួយសម្រាប់រោងចក្រដំឡើងរថយន្តសម្រេចនៅក្នុងតំបន់នៅចុងឆ្នាំនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន។
ទន្ទឹមនឹងនេះក្រុមហ៊ុន Great Wall Motor ក៏បានប្រាប់សាខារបស់ខ្លួនប្រចាំប្រទេសអាល្លឺម៉ង់ដែរថា ខ្លួនកំពុងសម្លឹងមើលប្រទេសអាល្លឺម៉ង់ ហុងគ្រី និងសាធារណរដ្ឋឆេក សម្រាប់បង្កើតរោងចក្រថ្មី ខណៈដែលក្រុមហ៊ុន Chery Automobile ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយមន្ត្រីចក្រភពអង់គ្លេសពីការបង្កើតរោងចក្រនៅទីនោះ។
ភាគច្រើននៃការបង្កើនផលិតកម្មរថយន្តអគ្គិសនីរបស់ចិននេះ បានកើតឡើងស្របពេលដែលសហភាពអឺរ៉ុបបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។ សហភាពអឺរ៉ុបព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការគាំទ្ររបស់រដ្ឋចិន ប្រឈមនឹងការបង្ខូចទ្រង់ទ្រាយទីផ្សាររបស់ក្រុមហ៊ុនរថយន្តអឺរ៉ុប និងបង្កហានិភ័យដល់ការងារនៅក្នុងឧស្សាហកម្មដ៏សំខាន់សម្រាប់វិស័យសេដ្ឋកិច្ចមួយនេះ។
ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបលោក វ៉ល់ឌីស ដូមប្រូស្គីស (Valdis Dombrovskis) បានកត់សម្គាល់ពីបញ្ហានេះនៅក្នុងសុន្ទរកថាមួយនៅឯទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ដោយលោកបាននិយាយថា កង្វះខាតសមធម៌ និងកម្រិតប្រកួតប្រជែងពីចិន គួបផ្សំនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយ បានបង្ខំឱ្យសហភាពអឺរ៉ុបដាច់ខាតត្រូវតែខ្លាំងឡើង។
ប្រាក់ឧបត្ថម្ភអាចនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់រវាងលោក ដូមប្រូស្គីស និងឧបនាយករដ្ឋមន្ត្រីចិនលោក ហេ លីហ្វឹង (He Lifeng) បន្ទាប់ពីសុន្ទរកថា។ ទីក្រុងប៉េកាំងបានបដិសេធថា តម្លៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនមិនមានពាក់ព័ន្ធនឹងការឧបត្ថម្ភធនឡើយ។
លោក ឈួយ តុងស៊ូ (Cui Dongshu) អគ្គលេខាធិការសមាគមរថយន្តដឹកអ្នកដំណើរចិនបាននិយាយថា រដ្ឋាភិបាលចិនបានបញ្ចប់ការឧបត្ថម្ភធនសម្រាប់រថយន្តថាមពលថ្មីតាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ៕
អត្ថបទ៖ សុខ ជា