លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន Powerchina ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិនមួយនេះ ដែលមកបណ្តាក់ទុនអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់ពេលជាច្រើនឆ្នាំមកហើយ នឹងត្រូវបានរដ្ឋាភិបាលជ្រើសរើសឲ្យសិក្សាគម្រោងព្រលានយន្តហោះខ្នាតតំបន់មួយនេះ ដោយផាត់ចោលក្រុមហ៊ុនចិនចំនួន ២ផ្សេងទៀត។
លោកស៊ីន ចាន់សិរីវុត្ថាបន្ថែមថា កន្លងមកមានក្រុមហ៊ុនចំនួន ៣ដែលចាប់អារម្មណ៍ដាក់សំណើសុំរដ្ឋាភិបាលដើម្បីក្លាយជាដៃគូសហការ សិក្សាលើគម្រោងព្រលានយន្តហោះថ្មីនេះ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនខ្មែរចម្រុះចិនផង និងក្រុមហ៊ុនរដ្ឋរបស់ចិនផង។ តាមរយៈការពិនិត្យសំណើរបស់ក្រុមហ៊ុនទាំង៣ រដ្ឋាភិបាលកម្ពុជាបានសម្រចផ្តល់សិទ្ធដល់ក្រុមហ៊ុន Powerchina ជាអ្នកសិក្សាគម្រោង ដោយសង្កេតឃើញថាក្រុមហ៊ុនមួយនេះមាន លទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍគម្រោង។
សូមបញ្ជាក់ថា ក្រៅពីគម្រោងព្រលានយន្ដហោះថ្មីនៅមណ្ឌលគិរី ក្រុមហ៊ុន Powerchina ក៏ទទួលបានសិទ្ធិអភិវឌ្ឍលើគម្រោងដទៃទៀតរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ។
បើតាម លោកស៊ីន ចាន់សិរីវុត្ថា រាជរដ្ឋាភិបាលកម្ពុជាអាចនឹងធ្វើការជួបប្រជុំពិភាក្សាជាមួយភាគីក្រុមហ៊ុនចិននេះ នៅអំឡុងខែមីនាឆ្នាំនេះ ដើម្បីចុះកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នាជាមុនសិន មុននឹងឈានដល់ការកំណត់ពេលសាងសង់នៅថ្ងៃក្រោយ។
គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងអាកាសចរស៊ីវិលកម្ពុជាជាសេនាធិការបាននិងកំពុងរៀបចំផែនការមេថ្មីមួយ គោលដៅជំរុញឲ្យមានការអភិវឌ្ឍនៅខេត្តមណ្ឌលគិរី លើវិស័យទេសចរណ៍ ផលិតផលកសិឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរព្រមទាំងដឹកជញ្ជូន។
ខេត្តមណ្ឌលគិរីជាខេត្តស្ថិតនៅភូមិភាគឦសានប្រទេសកម្ពុជា ដែលជាទូទៅគេត្រូវធ្វើដំណើរទៅមកពីរាជធានីភ្នំពេញតាមរយៈរថយន្តដោយចំណាយពេលជាង១០ម៉ោង៕