ល្បែងស៊ីសងឆ្លងដែន

តើមានកត្តាអ្វីបានជាចិន ដែលជាប្រទេសស្ដេចល្បែង ព្រមានដាក់ទោសពលរដ្ឋខ្លួន ដែលលេងល្បែងស៊ីសងឆ្លងដែនទៅវិញ?


ប្រទេសចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសស្ដេចល្បែងតាមរយៈកោះម៉ាកាវ និងហុងកុង។ ប៉ុន្តែវាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរដ្ឋាភិបាលចិន បានព្រមានដាក់ទោសពលរដ្ឋរបស់ខ្លួន ដែលលេងល្បែងស៊ីសងឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ល្បែងស៊ីសងឆ្លងដែន
ដោយ

នៅអំឡុងសន្និសីទកាសែតនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានពលរដ្ឋចិន ឱ្យជៀសឆ្ងាយពីការលេងល្បែងស៊ីសង ខណៈកាស៊ីណូស្របច្បាប់មួយនៅប្រទេសសិង្ហបុរី ត្រូវបានប្រទេសចិន ដាក់ទណ្ឌកម្ម។

ស្ថានទូតចិន ប្រចាំប្រទេសសិង្ហបុរី បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងការលេងល្បែងស៊ីសងឆ្លងដែនថា ទោះបីជាកាស៊ីណូណាមួយត្រូវបានបង្កើតឡើងដោយស្របច្បាប់នៅក្រៅព្រំដែនប្រទេសចិន ឬចិនដីគោកយ៉ាងណាក៏ដោយ ក៏ពលរដ្ឋចិនមិនអាចចូលលេងបានដែរ ហើយបើហ៊ានចូលលេង វាជាការបំពានច្បាប់របស់ប្រទេសចិន ស្ដីពីការជាប់ពាក់ព័ន្ធនឹងល្បែងឆ្លងដែន ដែលត្រូវប្រឈមចំពោះមុខច្បាប់​។

តំណាងមកពីស្ថាប័នសារព័ត៌មានបានចោទសួរថា ពលរដ្ឋចិនលេងល្បែងស៊ីសងនៅក្នុងប្រទេសផ្សេង ហេតុអ្វីថា ពួកគេបំពានច្បាប់នៅក្នុងប្រទេសចិន? ឆ្លើយតបនឹងសំណួរនេះលោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបកស្រាយថា ជំហររបស់ប្រទេសចិន លើការលេងល្បែងស៊ីសងឆ្លងដែន គឺមិនផ្លាស់ប្ដូរ និងមានភាពច្បាស់លាស់ណាស់។

លោកគូសបញ្ជាក់ថា ប្រទេសចិន មិនអនុញ្ញាតឱ្យពលរដ្ឋចិន បោះទុនវិនិយោគលើកាស៊ីណូនៅបរទេសឡើយ ហើយក៏មិនអនុញ្ញាតឱ្យពលរដ្ឋចិន ចូលរួមពាក់ព័ន្ធនឹងការធ្វើអាជីវកម្មកាស៊ីណូនៅបរទេសដែរ ហើយថែមទាំងមិនអនុញ្ញាតឱ្យកាស៊ីណូក្រៅប្រទេសទាក់ទាញពលរដ្ឋចិន ឱ្យចូលលេងល្បែងស៊ីសងផងដែរ។

លោកបានបន្ថែមទៀតថា ប្រទេសចិនមានឆន្ទៈបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពារស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិន។

លោក លីន ជៀន (Lin Jian) បានលើកឡើងក្នុងសន្និសីទដដែលនេះឆ្លើបតបនឹងសំណួរដាច់ដោយឡែកមួយទៀតថា បណ្ដាប្រទេសក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង (Lancang-Mekong Cooperation) រួមមានប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ជាដើមបានធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញ ការឆបោកតាមទូរគមនាគមន៍ និងបទល្មើសឆ្លងដែនផ្សេងៗទៀត ដែលបានការពារសន្តិសុខក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាម៉េរិកប្រហែល៦០រួមទាំងក្រុមហ៊ុន ប៊ូអ៊ីង និង Meta មកស្វែងរកឱកាសវិនិយោគនៅវៀតណាម

ក្រុមហ៊ុនអាម៉េរិក ប្រហែល៦០ក្រុមហ៊ុន ដោយរួមទាំងក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង និងក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ Meta បាននាំគ្នាមកស្វែងរកឱក…

ប្រមុខការទូតចិនអះអាងថា សេដ្ឋកិច្ចចិន និងអូស្ត្រាលីកំពុងបំពេញឱ្យគ្នាយ៉ាងសកម្ម

ប្រមុខការទូតចាស់វង្សារបស់ចិន លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរនៃការខិតខំស្តារទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ