ចិន បានផ្អាកការនាំចូលផលិតផលចំណីអាហារកក ក្នុងនោះភាគច្រើនជាផលិតផលអាហារសមុទ្រកក មកពីប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ី រួមមាន កម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា និង ប្រទេសមួយចំនួនទៀត។
អាជ្ញាធរវៀតណាមបានឲ្យដឹងថា ការផ្អាកការនាំចូលផលិតផលកកពីប្រទេសក្នុងតំបន់អាស៊ីទាំង១១ប្រទេសនេះ ត្រូវបានសម្រេច ដោយក្រុមហ៊ុនប្រតិបត្តិករកំពង់ផែហ្សាំងជាំងដោយផ្ទាល់តែម្ដង មិនមានការសម្រេចចិត្តពីខាងអាជ្ញាធរខេត្តគ័ងទុង ឬរដ្ឋាភិបាលចិននោះទេ។
ជុំវិញនឹងបញ្ហានេះ ខេមបូណូមីស បានសាកសួរទៅកាន់មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាដែរ ប៉ុន្ដែ លោកបានឆ្លើយតបថា ខាងភាគីកម្ពុជាពុំទាន់ទទួលបានការជូនដំណឹងពីរឿងផ្អាកការនាំចូលផលិតផលកកទៅកាន់ទីផ្សារចិននេះនៅឡើយទេ។
ជាមួយគ្នានេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុរភាកម្មកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីការផ្អាកការនាំចូលផលិតផលអាហារក្លាសេទៅកាន់ប្រទេសចិន ដូចគ្នាដែរ ប៉ុន្តែលោកបានអះអាងថា បើទោះបីមានការផ្អាកការនាំចូលបែបនេះក៏ដោយ ក៏មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិនឡើយ ព្រោះផលិតផលអាហារក្លាសេរបស់កម្ពុជាមានតិចតួចប៉ុណ្ណោះ ភាគច្រើនគឺជាផលិតផលកសិកម្ម។
សូមបញ្ជាក់ថា ប្រទេសចិន គឺនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី១
របស់កម្ពុជា ដោយនៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិនសម្រេចបានជាង៣ពាន់លានដុល្លារ
កើនជិត២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានទឹកប្រាក់ជាង៤២៣លានដុល្លារ
កើនជាង ៤២% ខណៈដែលការនាំចូលទំនិញផ្សេងៗពីប្រទេសចិនមកវិញ គិតជាទឹកប្រាក់ជាង២ពាន់៥រយលានដុល្លារ
កើនជិត១៧%៕