ចាប់តាំងពីឆ្នាំ២០១៥មក វិនិយោគិនចិនបានសម្រុកចូលខេត្តឆ្នេរភាគនិរតីមួយនេះ ដោយវិនិយោគលើវិស័យអចលនទ្រព្យ និងកាស៊ីណូ។
“តម្លៃអចលនទ្រព្យបានឡើងលឿនជាងគេក្នុងខេត្តនេះ” នេះជាសម្ដីរបស់ឧកញ៉ា សុខ សុង ដែលជាអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។
លោកបន្តថា ”ចិនបានសុំច្បាប់វិនិយោគ ហើយគាត់ចូលសញ្ជាតិ គាត់អាចទិញដី ដូច្នេះដីចាប់ផ្តើមឡើងថ្លៃ។”
យោងតាមតួលេខផ្លូវការ ការវិនិយោគរបស់ចិនក្នុងអំឡុងឆ្នាំ២០១២-២០១៦ មានជាង៤ពាន់លានដុល្លារ។ ហើយក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរចិនមានចំនួន ៦៣៥០០០នាក់ បានមកកម្ពុជា ខណៈដែលកម្ពុជាសង្ឃឹមថា នឹងទាក់ទាញទេសចរចិន ២លាននាក់ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០២០។
លោក សុខ សុង បាននិយាយថា អ្នកដែលមានអចលនទ្រព្យទាំងនេះ ទទួលបានផលចំណេញតាមរយៈការជួល ព្រោះបានតម្លៃខ្ពស់។
លោកក៏បានឮផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចម្ងាយតែ ១៩០គីឡូម៉ែត្រ ក្រោមការវិនិយោគរបស់ចិន អាចនឹងចាប់ផ្តើមធ្វើនៅឆ្នាំក្រោយផងដែរ។
ស្របពេលជាមួយគ្នាដែរ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ សព្វថ្ងៃ មានការហោះហើរដោយផ្ទាល់ពីទីក្រុងម៉ាកាវ និងប្រទេសម៉ាឡេស៊ី រួចជាស្រេចហើយ។
ស្លាកសញ្ញាភាសាចិនគឺកំពុងតែរីកសុះសាយនៅទូទាំងក្រុងព្រះសីហនុ។ ផ្សារទំនើបចិនមានច្រើនដើម្បីផ្គត់ផ្គង់ជនជាតិចិនពួកគាត់ ហើយផលិតផលខ្មែរ ដែលយើងមើលឃើញ គឺស្រាបៀរនិងដបទឹកសុទ្ធប៉ុណ្ណោះ។
ប៉ុន្តែ ប្រជាពលរដ្ឋនិងអាជ្ញាធរបាននិយាយថា កំណើនដ៏គំហុកនេះ វាបានជំរុញឲ្យឡើងតម្លៃសណ្ឋាគារ និងសំឡេងរំខានពីការសាងសង់ ក៏បានធ្វើឱ្យអ្នកទេសចរលោកខាងលិច មិនចង់ទៅដែរ។
នៅឯសណ្ឋាគារចិនមួយ អ្នកសារព័ត៌មានបានឃើញដោយផ្ទាល់ នូវការផ្តល់ជូនសេវាកម្មផ្លូវភេទដោយជនជាតិចិន។
លោក ប៊ុន សារឿន អាយុ ៥៩ឆ្នាំ ជាម្ចាស់ហាងបាយតូចមួយ នៅលើឆ្នេរអូរឈើទាល បាននិយាយថា ពួកចិនឈប់មកហាងគាត់ហើយ តាំងពីពួកគេមានហាងនិងសេវាកម្មផ្សេងៗដោយខ្លួនឯង នាពេលថ្មីៗនេះ។
“ពួកចិនធ្លាប់មកញ៉ាំកន្លែងខ្ញុំដែរ ពីមុន ពីរបីនាក់ តែឥឡូវពួកគាត់មានហាងខ្លួនឯងទៅហើយ។”
អ្នករត់តុម្នាក់នៅហាងមិនឆ្ងាយប៉ុន្មាន បានត្អូញត្អែរពីការរកបានលុយធីបតិចជាងមុន។ "ម្ចាស់ហាងនីមួយៗ គឺលំបាក។ សម្រាប់ខ្ញុំ គឺលំបាករកលុយធីប។ ពួកលោកខាងលិចមក ពួកគាត់ចាយលុយ តែចិនមក គឺគាត់ធ្វើអគារ ហើយពួកគាត់មានសេវាកម្មខ្លួនឯង។”
លោក ប៊ុន សារឿន និងអាជីវករផ្សេងទៀត នៅលើឆ្នេរអូរឈើទាល ត្រូវបានម្ចាស់ដីប្រាប់ថា ឈប់ជួលឲ្យហើយ ហើយឲ្យពួកគាត់រុះរើចេញយ៉ាងយូរត្រឹមថ្ងៃទី៤ ខែមករា។
លោក សុខ សុង បានទទួលស្គាល់ថា កំណើនជនជាតិចិន វាប៉ះពាល់ដល់អ្នកទេសចរខ្មែរ ដោយសារអត់មានបន្ទប់គេង តែពេលនេះ ផ្ទះសំណាក់និងសណ្ឋាគារកំពុងតែធ្វើបន្ថែម ដូច្នេះវានឹងមិនមានបញ្ហាទៀតទេ ទៅថ្ងៃអនាគត។
រហូតមកទល់ពេលនេះ មិនមានតួលេខជាសាធារណៈដែលបង្ហាញពីចំនួនប្រជាជនចិនប៉ុន្មាននាក់ នៅក្នុងខេត្តព្រះសីហនុនោះទេ ក៏ប៉ុន្តែ លោកអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បាននិយាយថា មានចំនួនក្នុងខ្ទង់ពាន់។
យោងតាមការស្ទង់មតិដែលធ្វើថ្មីៗនេះដោយ realestate.com.kh ខេត្តព្រះសីហនុ ជាកន្លែងទី២ បន្ទាប់ពីក្រុងភ្នំពេញ សម្រាប់អ្នកស្វែងរកអចលនទ្រព្យដែលភាគច្រើននៃអ្នកទាំងនោះ គឺជាវិនិយោគិនចិន។
យោងតាមគេហទំព័រអចលនទ្រព្យដ៏ល្បីរបស់ចិនមួយ ជនជាតិចិនចំនួន ៥៧ភាគរយ មានបំណងទិញអចលនទ្រព្យនៅតាមបណ្តាប្រទេសដែលពួកគេធ្វើដំណើរទៅ៕