ក្រោយអាម៉េរិក ដំឡើងពន្ធលើផលិតផលរបស់ខ្លួន បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាចិន កំពុងកាត់បន្ថយការផលិតក្នុងទីផ្សារនានា ដែលមានស្រាប់ ហើយពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីៗរួមមានប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ ដើម្បីគេចផុតពីពន្ធគយរបស់សហរដ្ឋអាម៉េរិក។ ទិន្នន័យផ្លូវការបានបង្ហាញថា រោងចក្រផលិតបន្ទះសូឡាចិនថ្មីៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងឡាវ នឹងមានសមត្ថភាពផលិតបន្ទះសូឡាដែលអាចផ្គត់ផ្គង់បានរហូតដល់ទៅប្រមាណពាក់កណ្ដាលនៃបន្ទះសូឡា ដែលបានដំឡើងនៅសហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បណ្ដាក្រុមហ៊ុនបន្ទះសូឡាចិន បានកាត់បន្ថយការផលិតជាញឹកញាប់នៅតាមទីតាំងដែលមានស្រាប់ ហើយងាកទៅបង្កើតរោងចក្រថ្មីៗនៅក្នុងប្រទេសផ្សេងទៀត ដែលអាចឱ្យក្រុមហ៊ុនទាំងនោះគេចពន្ធ និងបន្តគ្រប់គ្រងទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក ទោះបីជាសហរដ្ឋអាម៉េរិក បានដាក់ចេញរបាំងពាណិជ្ជកម្មរួមទាំងវិធានការពន្ធគយជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះយ៉ាងណាក្ដី។
ជាការពិតណាស់ជាច្រើនឆ្នាំមកនេះ រោងចក្រផលិតបន្ទះសូឡាចិនជាច្រើនបានរើផលិតកម្មចេញទៅក្រៅប្រទេស ប៉ុន្តែទំហំពិតប្រាកដនៃការរើផលិតកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ មិនធ្លាប់ត្រូវបានរាយការណ៍ទេ មកទល់ពេលនេះ។
យោងតាមគេហទំព័រស្រាវជ្រាវទីផ្សារសូឡាទូទាំងពិភពលោក SPV Market Research ឱ្យដឹងថា ប្រទេសចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៨០% នៃការនាំចេញបន្ទះសូឡារបស់ពិភពលោកទាំងមូល ហើយសល់ប៉ុន្មានជាចំណែកគ្របដណ្ដប់ដោយមជ្ឈមណ្ឌលនាំចេញរបស់ចិន ដែលមានមូលដ្ឋាននៅអាស៊ី។ នេះជាការផ្ទុយស្រឡះបើធៀបនឹង២ទស្សវត្សរ៍មុន ដែលកាលនោះសហរដ្ឋអាម៉េរិក ជាប្រទេសនាំមុខគេក្នុងឧស្សាហកម្មបន្ទះសូឡា។
ទិន្នន័យផ្លូវការបង្ហាញថា ការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិកបានកើនឡើង១គុណនឹង៣ដងចាប់តាំងពីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមដំឡើងពន្ធរបស់ខ្លួននៅក្នុងឆ្នាំ២០១២ មកដែលបានឈានដល់ទំហំ១៥ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។
តួលេខដដែលបង្ហាញទៀតថា នៅក្នុងឆ្នាំ២០២៣ ជិត៨០%នៃការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិក មានប្រភពចេញពីប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា កន្លែងដែលក្រុមហ៊ុនចិនមានរោងចក្រនៅទីនោះ ហើយមានបន្ទះសូឡាតិចតួចបំផុតដែលនាំចូលផ្ទាល់ពីប្រទេសចិន។
សូមបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន បានដាក់ចេញពន្ធគយលើការនាំចេញបន្ទះសូឡាពីប្រទេសអាស៊ីអាគ្នេយ៍ទាំង៤ខាងលើនេះកាលពីឆ្នាំមុន ហើយបានដំឡើងពន្ធបន្ថែមទៀតកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីមានការប្ដឹងតវ៉ាពីបណ្ដាក្រុមហ៊ុនសហគ្រាសផលិតបន្ទះសូឡានៅសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម