ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ថា លោកនឹងផ្តល់ឱកាសចុងក្រោយឱ្យសហភាពអឺរ៉ុប ត្រឹមថ្ងៃទី៤ ខែកក្កដា ដើម្បីបំពេញកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ តាមរយៈសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានបង្ហើបថា ក្នុងជំនួបតាមទូរសព្ទជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វុនដឺឡេយ៉េន ហើយមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរថា ប្រទេសអ៊ីរ៉ង់ មិនត្រូវអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែជាដាច់ខាត។
ពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មនេះ លោក ត្រាំ បានគំរាមដំឡើងពន្ធលើយានយន្តនាំចូលពីសហភាពអឺរ៉ុប ពី១៥% ទៅ២៥% ដោយសារតែភាពយឺតយ៉ាវក្នុងការគោរពលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នានៅស្កុតឡេន កាលពីខែកក្កដា ឆ្នាំមុន។ កិច្ចព្រមព្រៀងនោះតម្រូវឱ្យអឺរ៉ុបលុបចោលពន្ធលើទំនិញឧស្សាហកម្មអាម៉េរិក និងផ្តល់កូតាគ្មានពន្ធលើផលិតផលកសិកម្ម និងគ្រឿងសមុទ្រ ប៉ុន្តែរហូតមកដល់ពេលនេះ ការអនុវត្តនៅតែមានភាពស្រពេចស្រពិល។
ឆ្លើយតបនឹងការលើកឡើងខាង ប្រធានគណៈកម្មការអឺរ៉ុប បានសរសេរលើបណ្ដាញសង្គម X ថា សហភាពអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងនេះ ហើយវឌ្ឍនភាពល្អៗកំពុងត្រូវបានធ្វើឡើង ដើម្បីឱ្យទាន់ពេលនៅដើមខែកក្កដា។
ទោះជាយ៉ាងណា លោក ប៊ឺន ឡេង (Bernd Lange) ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម នៃសភាអឺរ៉ុប បានទទួលស្គាល់ថា ទោះបីជាមានការវិវត្តទៅមុខ ប៉ុន្តែនៅតែមានចំណុចរាំងស្ទះមួយចំនួនរវាងប្រទេសសមាជិកទាំង២៧ ដែលត្រូវដោះស្រាយបន្ត ដើម្បីឈានទៅរកការលុបចោលពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក ឱ្យស្របតាមការចង់បានរបស់លោក ដូណាល់ ត្រាំ៕
ដោយៈ សរ សុជាតិ