ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ចិន ជាទីផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោក។ ជាក់ស្ដែងនៅឆ្នាំ២០១៧កន្លងទៅ ក្នុងចំណោមទេសចរសកលលោកសរុប ១.៣០០ លាននាក់ មានទេសចរចិនក្នុងនោះ ១៣០លាននាក់ហើយ ពោលគឺស្មើនឹងប្រមាណ ១០%នៃទេសចរសកលលោកសរុប។ ឯកឧត្តមបន្ថែមថាទៀតថា លក្ខខណៈពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយច្រើនជាងគេសម្រាប់ការធ្វើដំណើរក្រៅប្រទេស បើធៀបនឹងទេសចរបរទេសផ្សេងទៀត។
ឯកឧត្តម ថោង ខុន ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា សម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ ដែលធ្វើដំណើរកម្សាន្ដនៅកម្ពុជាម្ដង ជាទូទៅអាចចំណាយជាមធ្យមប្រមាណ ៧០០ដុល្លារ។ ក្នុងនោះ ទេសចរជនជាតិចិន អាចមានការចំណាយលើសពីនេះ។
ជាមួយគ្នានេះដែរ សម្រាប់ខេត្តព្រះសីហនុដែលល្បីល្បាញថា មានជនជាតិចិនចូលមកធ្វើដំណើរកម្សាន្ដ និងស្នាក់នៅនោះ គិតត្រឹម៤ខែ ដើមឆ្នាំនេះ ខេត្តជាប់សមុទ្រមួយនេះ ទទួលបានទេសចរសរុបជាង ៩៥ម៉ឺននាក់ ក្នុងនោះទេសចរចិនប្រមាណ ៥ម៉ឺននាក់ កើនឡើង ៣៥%។ លើសពីនេះទៀត គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ដោយសារតែមានជនជាតិចិនសម្រុកទៅខេត្តព្រះសីហនុច្រើន ក៏បានធ្វើឲ្យតម្លៃអចលនទ្រព្យ ក៏ដូចជាការជួល និងសេវាកម្មនានាមានការឡើងថ្លៃគួរឲ្យកត់សម្គាល់ផងដែរ។
ដោយឡែក បើគិតត្រឹម ៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបមានជាង ១,៧ លាននាក់ កើនជិត១៤% ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥%។
សូមជម្រាបថា បើតាមការប៉ាន់ស្មាន ពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ៧លាននាក់ ហើយនៅ ឆ្នាំ២០២៥ នឹងទទួលបានប្រមាណ១០លាននាក់ និងនៅឆ្នាំ ២០៣០ ប្រមាណ១៥ លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារប្រមាណជាង ១លាននាក់ផងដែរ៕