ក្នុងកិច្ចសម្ភាសន៍ជាមួយខេមបូណូមីស លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានគូសបញ្ជាក់ថា សុខភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែមានភាពល្អប្រសើរ និងរឹងមាំ ទោះបីមានការរំខានអុកឡុកពីវិបត្តិកូវីដ-១៩។ កត្តានេះ បានជំរុញឲ្យធនាគារក្នុងស្រុកមួយនេះ បានសម្រេចចាក់បញ្ចូលដើមទុនបន្ថែមចំនួន៣០លានដុល្លារអាមេរិក ដែលធ្វើឲ្យដើមទុនសរុបរបស់ធនាគារមួយនេះកើនរហូតដល់ជាង១០០លានដុល្លារអាមេរិក។
បើទោះបីជាទីផ្សារវិស័យធនាគារនិងហិរញ្ញវត្ថុមានការប្រកួតប្រជែងខ្លាំង ប៉ុន្ដែ អគ្គនាយកធនាគារជីបម៉ុង បានបង្ហាញពីជំនឿចិត្តខ្ពស់ក្នុងការធ្វើប្រតិបត្តិការដើម្បីឈានទៅសម្រេចគោលដៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជានៅត្រឹមរយៈពេល៥ឆ្នាំមុខាង ហើយដើម្បីអាចសម្រេចបានតាមផែនការ គឺវាទាមទារឲ្យមានការខិតខំប្រឹងប្រែងរាល់បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យា និងសេវាកម្មឲ្យស្របតាមតម្រូវការរបស់អតិថិជន។
តើធនាគារ ជីប ម៉ុង មានយុទ្ធសាស្ត្រ និងចំណុចខ្លាំងអ្វីខ្លះ សម្រាប់ប្រជែងដណ្តើមទីផ្សារជាមួយគូប្រជែង? ទាក់ទិននឹងសំណួរនេះ លោក ចន ប៊ែល អគ្គនាយកធនាគារជីបម៉ុងបានអះអាងថា ទោះបី ជីប ម៉ុង ហាក់នៅក្មេងខ្ចីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តែធនាគារនេះ មានវិធីសាស្ត្រ និងគំនិតថ្មីៗជាច្រើនក្នុងការត្រៀមផ្តល់ជូនអតិថិជន។ ភាពល្បីល្បាញ និងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង នាពេលបច្ចុប្បន្ន ក៏ត្រូវបានចាត់ទុកជាចំណុចខ្លាំងមួយផងដែរក្នុងការទាក់ទាញ និងធ្វើឲ្យអតិថិជនជឿទុកចិត្តលើធនាគារ ជីប ម៉ុង។
បើទោះបីជាបញ្ហាស្ថានភាពកូវីដ-១៩ នៅបន្ដអូសបន្លាយក្ដី ប៉ុន្ដែ អគ្គនាយកធនាគារ ជីប ម៉ុង រូបនេះជឿជាក់ថា វិស័យធនាគារ រួមទាំងសេដ្ឋកិច្ចរបស់កម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ។ ទន្ទឹមនឹងនេះ វិស័យហិរញ្ញវត្ថុនឹងក្លាយជាចលករមួយដ៏សំខាន់ក្នុងការរួមចំណែកជួយស្តារវិស័យសេដ្ឋកិច្ចរបស់កម្ពុជាឲ្យមានភាពចម្រើនឡើងវិញ បន្ទាប់ពីរងភាពខ្ទេចខ្ទាំ ដោយសារវិបត្តិកូវីដ-១៩។
សូមបញ្ជាក់ថា ធនាគារ ជីប ម៉ុង បង្កើតឡើងដោយភាគទុនិកជាកូនខ្មែរ និងមានទុន១០០% ជារបស់ខ្មែរ។ ធនាគារនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នមានទ្រព្យសកម្មសរុបជិត ៧ រយលានដុល្លារអាមេរិក ក្នុងនោះ ឥណទានបានកើនឡើងដល់ជិត ៥រយលានដុល្លារអាមេរិក និងប្រាក់បញ្ញើពីអតិថិជនជាង ៦រយលានដុល្លារអាមេរិក ៕