ធនាគារថ្មីមួយនេះអាចនិយាយបានថា ជាគូប្រកួតប្រជែងជាមួយបណ្តាធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ធំៗ ចាស់វស្សា ជាច្រើននៅក្នុងប្រទេសកម្ពុជា។
ការមកដល់នៅវិស័យជំនួញថ្មី របស់អាណាចក្រជំនួញជីប ម៉ុង នេះ ត្រូវបាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានអះអាងថា ធនាគារថ្មីមួយនេះ នឹងផ្តោតសំខាន់ទៅលើ ផលិតផលឌីជីថលបែបថ្មី ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទៅជា សេដ្ឋកិច្ចឌីជីថល នៅឆ្នាំ ២០២៣ខាងមុខ។
ជុំវិញទៅនឹងការបើកធនាគារថ្មីនេះដែរ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថា ការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានបង្ហាញពីការទុកចិត្ត ការគាំទ្រ និងរួមចំណែកកាន់តែច្រើនរបស់ វិនិយោគិនជាតិ និងអន្តរជាតិ ដែលនឹងជំរុញ ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។
លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបញ្ជាក់ថា ធនាគារនេះនឹងចាប់ផ្តើមជំហានដំបូង ដោយផ្តល់ផលិតផលហិរញ្ញវត្ថុជាមូលដ្ឋាន មុននឹងផ្លាស់ប្តូរជាបណ្ដើរ ៗ ទៅរក ធនាគារឌីជីថលឈានមុខគេ ដែលមានផលិតផលកាន់តែទំនើប បត់បែនទៅតាមតម្រូវការ និងស័ក្ដិសមទៅតាម ជីវភាពបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋកម្ពុជា។
ជុំវិញទៅនឹងការវិនិយោគធនាគារ និង ហិរញ្ញវត្ថុខាងលើនេះ ត្រូវបាន លោក យូ វ៉ាន់កាប់ អះអាងថា ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាបាន ធនាគារ ត្រូវមានដើមទុនយ៉ាងហោចណាស់ ៧៥លានដុល្លារអាមេរិក ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ហើយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា កាលពីខែឧសភា ឆ្នាំ ២០១៨កន្លងទៅ។
គួរជម្រាបដែរថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនជីបម៉ុង បានសម្រុកការវិនិយោគរបស់ខ្លួនស្ទើរគ្រប់វិស័យទាំង វិស័យលំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្មកម្ពស់៤៥ ជាន់ និងរោងចក្រធំៗជាច្រើនកន្លែងទៀត។ ការវិនិយោគដ៏សម្បើមនេះ បានធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកដែលមានការវិនិយោគដោយកូនខ្មែរមួយនេះ បាននិងកំពុងក្លាយជាក្រុមហ៊ុនកំពូលមួយក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនទៀត ដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕