បច្ចុប្បន្ននេះ បញ្ហាកាកសំណល់ផ្លាស្ទិក ត្រូវបានគេមើលឃើញថា គឺជាបញ្ហាចម្បងមួយ រាំងស្ទះដល់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយវាមិនមែនតែជាបញ្ហារបស់ប្រទេសមួយៗប៉ុណ្ណោះទេ តែវាជាបញ្ហារបស់ពិភពលោកទាំងមូលតែម្ដង។ ជាក់ស្ដែង កាលពីពេលថ្មីនេះ នៅក្នុងសន្និសីទថ្នាក់តំបន់មួយ នៅប្រទេសថៃ ដែលផ្ដោតលើការពិភាក្សាអំពី ការអនុវត្តសេដ្ឋកិច្ចវិលជុំ ដែលមានស្ថាប័ន ក្រុមហ៊ុន និងដៃគូជាងចំនួន ៤៤ ដែលមកពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក បានប្រជុំពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាព ចំពោះបញ្ហាកាកសំណល់ផ្លាស្ទិកដែលកំពុងកើនឡើងខ្លាំងនេះ។
តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចវិលជុំ ឬហៅថា Circular Economy នេះ គឺផ្ដោតទៅលើការប្រើប្រាស់ ធនធានឲ្យមានប្រសិទ្ធភាពបំផុត ការញែកសំណល់ និងការចោលសំណល់ឲ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធផលនៃធនធាន នៅក្នុងអំឡុងវដ្ដផលិតកម្ម និងការប្រើប្រាស់ទាំងមូល ។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុនថៃ SCG ដែលជាក្រុមហ៊ុនមួយផ្ដួចផ្ដើម និងគាំទ្រលើ គំរូសេដ្ឋកិច្ចវិលជុំនេះ បានលើកឡើងថា «ដោយសារកំណើនប្រជាជនឥតឈប់ឈរ នៅត្រឹមឆ្នាំ២០៥០ គេរំពឹងថា ពិភពលោកនឹងមានប្រជាជនប្រហែល ជិត១០ ប៊ីលាននាក់ ដែលកំណើនប្រជាជននេះនឹងនាំឲ្យកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ ទោះបីធនធានមានកំណត់ក្ដី ។
ជាក់ស្ដែង បើយើងមើលទៅលរបាយការណ៍ ពីរដ្ឋាភិបាលថៃ បង្ហាញថា ប្រជាជនថៃផលិតសំរាមជាមធ្យមក្នុងម្នាក់ៗ គឺ ១,១៥គីឡូក្រាម ហើយអត្រានៃការបង្កើតសំរាមនេះកំពុងតែកើនឡើង ។ តួយ៉ាង គ្រាន់តែក្នុងឆ្នាំ២០១៨ ប្រទេសថៃផលិតសំណល់ប្រមាណ ២៨លានតោន ។
ដូច្នេះហើយ ទើបគោលគំនិតនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ត្រូវបានគេមើលឃើញថា គឺជាដំណោះស្រាយមួយ ដើម្បីជួយសម្រាលបញ្ហាទាំងនេះ ពីព្រោះគោលគំនិតនេះជំរុញនូវគោលការណ៍ ផលិត-ប្រើប្រាស់-កែច្នៃប្រើប្រាស់ឡើងវិញ ។ តែយ៉ាងណា ដើម្បីអនុវត្តសេដ្ឋកិច្ច វិលជុំ ទទួលបានជោគជ័យ គឺទាមទារជាចាំបាច់បំផុតនូវកិច្ចសហការយ៉ាងជិតស្និតទាំងវិស័យរដ្ឋ និងឯកជន រួមទាំងអ្នកប្រើប្រាស់ខ្លួនឯងផងដែរ។
នៅក្នុងឆ្នាំ២០១៨ SCG បានបំលែងសំណល់ឧស្សាហកម្មប្រមាណ ៣១៣.០០០ តោន ក្នុងមួយឆ្នាំ ទៅជាវត្ថុធាតុដើមដែលអាចកកើតឡើងវិញបាន និងបានបំលែងសំណល់ឧស្សាហកម្ម ១៣១.០០០តោន ក្នុងមួយឆ្នាំ ទៅជាថាមពលជំនួសឥន្ធនៈ ។ នៅឆ្នាំ២០១៩នេះ SCG បានបន្តសមាហរណកម្មគោលការណ៍’សេដ្ឋកិច្ចវិលជុំ ទៅក្នុងខ្សែសង្វាក់ផលិតរបស់ខ្លួន និងបានដាក់ចេញនូវទិសដៅកាត់បន្ថយការផលិតផ្លាស្ទិកដែលប្រើប្រាស់បានតែម្ដង ពី ៤៦% មកនៅត្រឹម ២០% នៅត្រឹមឆ្នាំ២០២៥ និងបង្កើនអត្រានៃការផលិតផ្លាស្ទិកដែលអាចច្នៃប្រើប្រាស់ឡើងវិញបាន អាចច្រើនដង និងដែលអាចរលាយដោយមិនប៉ះពាល់បរិស្ថាន ឲ្យបានដល់ ១០០% ត្រឹមឆ្នាំ២០២៥ ។
លោក Jim Seward តំណាង សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក (AEPW) បានលើកឡើងដែរថា ជាការពិតកាកសំណល់វាជាបញ្ហា ប៉ុន្ដែ កាកសំណល់ក៏មានតម្លៃរបស់វាដែរ បើយើងមានការកែច្នៃវាសម្រាប់ការប្រើប្រាស់ឡើងវិញ។
លោក Jim បញ្ជាក់ថា ជាក់ស្ដែង សម្រាប់សំណល់ផ្លាស្ទិក គេអាចកែច្នៃវាដើម្បីក្រាលផ្លូវថ្នល់ក៏បាន។ ប៉ុន្ដែ ដើម្បីអាចទាញនូវប្រយោជន៍ពីកាកសំណល់ទាំងនេះបាន គឺទាមទារនូវកិច្ចសហប្រតិបត្តិការ និងកិច្ចប្រឹងប្រែងដែលមានការសម្របសម្រួលមួយ មកពីគ្រប់វិស័យទាំងអស់ ដើម្បីសម្រេចបានលទ្ធផលនិងជោគជ័យដែលមាននិរន្តរភាព។
គួរបញ្ជាក់ថា ដើម្បីឈានទៅរកគោលដៅ កាត់បន្ថយសំណល់ផ្លាស្ទិកនេះដែរ ស្ថាប័នសម្ព័ន្ធដើម្បីលុប បំបាត់សំណល់ផ្លាស្ទិក AEPW ក៏មានកញ្ចប់ថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ផ្ដល់ជូនគម្រោងកាត់បន្ថយសំណល់ផ្លាស្ទិក នៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ខណៈដែលប្រទេសក្នុងតំបន់នេះ កំពុងមានបញ្ហាកាកសំណល់ផ្លាស្ទិកខ្លាំង៕