នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន អាកាសធាតុ និង ថាមពលមកដល់ ប្រធានវិលជុំ G7 ដែលបច្ចុប្បន្នជាប្រទេសអាល្លឺម៉ង់បានបើកកិច្ចពិភាក្សាជាមួយសមាជិក G7 ទាំងអស់ អំពីសក្តានុពលនៃការកំណត់គោលដៅឆ្នាំ ២០៣០ សម្រាប់ការលុបបំបាត់ការប្រើប្រាស់ថាមពលធ្យូងថ្ម។ ក្នុងនោះ សមាជិកស្ទើរទាំងអស់បានសម្តែងការគាំទ្ររបស់ពួកគេ ប៉ុន្តែប្រទេសជប៉ុនវិញ បែរជាបានបដិសេធចំពោះការកំណត់គោលដៅ ដែលគ្រោងនឹងឈប់ពឹងផ្អែកថាមពលធ្យូងថ្មត្រឹមឆ្នាំ ២០៣០នេះ។
ប្រទេសជប៉ុនបានបដិសេធ និង មិនចង់បានការប្តេជ្ញាចិត្តណាមួយក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មនៅក្នុងឯកសារផ្លូវការនោះទេ ខណៈប្រទេសនេះបានធ្លាក់ចុះការផលិតប្រភពថាមពលកកើតឡើងវិញ ហើយជប៉ុនមើលឃើញថា ធ្យូងថ្មអាចបង្កើតបានថាមពលជាង ១៩% សម្រាប់ការផ្គត់ផ្គង់នៅក្នុងប្រទេសរបស់ខ្លួន។
ការអភិវឌ្ឍឥន្ធនៈហ្វូស៊ីល ដែលទាយយកពីធ្យូងថ្មបានកើនឡើងវិញ ចំពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនជំរុញឱ្យតម្លៃថាមពលឡើងថ្លៃនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែអាមេរិក និង អឺរ៉ុបមើលឃើញថានេះគ្រាន់តែបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនៅតែបន្តគម្រោងផ្លាស់ប្តូរកាត់បន្ថយការពឹងផ្អែកថាមពលធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០។
យ៉ាងណាមិញ ប្រទេសជប៉ុនថ្វីត្បិតថា ខ្លួនបានបដិសេធមិនបញ្ឈប់ការពឹងផ្អែកលើថាមពលធ្យូងថ្ម ក៏ប៉ុន្តែបានសន្យាថា នឹងបញ្ចប់ការគាំទ្រសម្រាប់គម្រោងទាញយកថាមពលធ្យូងថ្មនៅក្រៅប្រទេស និង ផ្តល់ជំនួយដល់ប្រទេសនៅតំបន់អាស៊ីមួយចំនួនសម្រាប់បង្កើតគម្រោងទាញយកថាមពលកកើតឡើងវិញផងដែរ។
ទន្ទឹមនឹងនេះ មេដឹកនាំសមាជិក G7 ទាំងអស់កំពុងដាក់ញត្តិសុំជំនួយផ្នែកបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ ក្នុងប្រទេសរបស់ពួកគេ ដើម្បីផ្តល់ជំនួយដល់ប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម ឲ្យចាប់ផ្តើមបង្កើតគម្រោងទាញយកថាមពលកកើតឡើងវិញ ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នការបូនទៅកាន់បរិយាកាស។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនស្ថិតក្នុងជំហរក្នុងការសន្យាផ្តល់ជំនួយគ្រប់គ្រាន់នោះទេ ព្រោះគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យមួយចំនួននឹងរារាំងការផ្តល់មូលនិធិបែបនេះ។
គួរជម្រាបថា អង្គការសហប្រជាជាតិ ព្រមានពីការកើនឡើងនូវគ្រោះថ្នាក់ពីអាកាសធាតុធ្ងន់ធ្ងរ ប្រសិនបើសហគមន៍អន្តរជាតិមិនអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាននោះទេ។ ក្រុម G7 មានឥទ្ធិពលយ៉ាងសំខាន់លើទិសដៅដែលពិភពលោកទាំងមូលនឹងធ្វើ ខណៈជប៉ុនកំពុងបង្ហាញនូវជម្រើសដ៏លំបាកមួយសម្រាប់ការអនុវត្តលើគម្រោងនេះ៕