អភិបាលខេត្តកែប លោកកែន សត្ថា បាននិយាយតាមទូរស័ព្ទ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នេះថា មនុស្សសរុបស្លាប់មានចំនួន ១០នាក់ និងរបួសប្រមាណជា ២៣នាក់ ដោយការបាក់អាគារនេះ បន្ទាប់ពីក្រុមសង្រ្គោះបានទាញពួកគាត់ចេញពីគំនរថ្មនោះ។
លោកកែន សត្ថាបាននិយាយដូច្នេះថា “អ្នកស្លាប់ឥឡូវ៥នាក់ដែលយើងយកចេញបានហើយ៥នាក់ទៀតស្លាប់ ដែលយើងបានឃើញកំពុងតែស្ថិតនៅក្នុងអាគារដែលមិនទាន់យកចេញបាន។”
លោកកែន សត្ថាបាននិយាយថា លោកមិនដឹងមានចំនួនប៉ុន្មាន សម្រាប់អ្នកដែលនៅសល់បាត់ខ្លួននៅក្នុងអាគារនោះទេ។
លោកកែន សត្ថា ក៏បានអះអាងផងដែរថា ប្តីប្រពន្ធដែលជាម្ចាស់អាគារនេះក៏ត្រូវបានឃាត់ខ្លួនផងដែរ ដើម្បីសាកសួរបន្ថែម ហើយលោកបានបន្តថា អ្នកទាំងពីរនេះមានបំណងធ្វើជាផ្ទះសំណាក់មុនពេលបាក់នេះ។
យោងតាមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឆាយ គឹមឃឿន មុនពេលអាគារបាក់ កម្មករមានប្រមាណជា ៣០នាក់នៅក្នុងអាគារហ្នឹង។
គ្រោះថ្នាក់ពីការបាក់អាគារ៧ជាន់លើកនេះ កើតឡើង បន្ទាប់ពីមានការបាក់អាគារ៧ជាន់ដែរ កាលពីឆ្នាំមុន នៅខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្សចំនួន២៨នាក់៕