កងកម្លាំងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីចុងសប្តាហ៍មុនថា បាឡុងដែលមានលក្ខណៈដូចគ្នាទៅនឹងបាឡុងក្នុងទឹកដីអាមេរិកត្រូវបានគេប្រទះឃើញ ហោះចូលក្នុងដែនអាកាសរបស់ខ្លួនពិតប្រាកដមែន។ សេចក្តីថ្លែងការណ៍របស់យោធា កូឡំប៊ីដូចនេះ គឺដូចគ្នានឹង អ្វីដែលយោធាអាមេរិកប្រកាសកាលពីពេលថ្មីៗថា ខ្លួនចាប់បានសញ្ញា ពីសកម្មភាពបាឡុងមួយផ្សេងទៀត កំពុងហោះហើរក្នុងទ្វីបអាមេរិកខាងត្បូង តែមិនកំណត់បានពីទីតាំងច្បាស់លាស់នោះទេ។
ទន្ទឹមនឹងការរកឃើញនេះ សេចក្តីថ្លែងការណ៍របស់យោធាកូឡុំប៊ីគ្រាន់តែបានបញ្ជាក់ថា វាដូចនឹងបាឡុង ដែលហោះពីលើសហរដ្ឋអាមេរិក តែមិនបានបញ្ជាក់ថា ជាកម្មសិទ្ធិរបស់ចិន ឬប្រទេសណាមួយឡើយ។ ខុសពីអាមេរិក ដែលអះអាងមិនដាច់ពីមាត់ថា ទាំងបាឡុងហោះក្នុងទឹកដីខ្លួន និងនៅអាមេរិកខាងត្បូងជាបាឡុងចារកម្មរបស់ចិន។
យ៉ាងណាមិញ មិនមានការបញ្ជាក់ជា ផ្លូវការណាមួយផ្សេងទៀត ពីប្រទេសដទៃក្នុងទ្វីបអាមេរិកខាងត្បូងឡើយ ទាក់ទិននឹងបាឡុងមិនស្គាល់អត្តសញ្ញាណនេះទេ។ ប៉ុន្តែបើទោះបីជាមិនមានសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលប្រទេសរៀងៗខ្លួនមែន តែគេបានឃើញបាឡុងនោះហោះចូលក្នុងប្រទេសវេណេស៊ុយអេឡា និងកូស្តារីកា ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងនោះ យកមកចុះផ្សាយព្រោងព្រាត។
វេណេស៊ុយអេឡា ដែលជិតស្និទ្ធនឹងប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ដែលមិនបានលើកឡើងពីបាឡុងហោះលើប្រទេសខ្លួននោះទេ តែបែរជាបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិនទៅវិញ។
ជុំវិញបញ្ហាដែលអាមេរិកបាញ់ទម្លាក់បាឡុងចិននេះដែរ វ៉ាស៊ិនតោនអះអាងថា ខ្លួនកំពុងស្វែងរកសំណល់ និងបំណែកកំទេចកំទីនៃបាឡុងចារកម្មចិននោះ ក្រោយបានបាញ់ទម្លាក់ធ្លាក់ចូលទៅក្នុងសមុទ្រនៃឆ្នេរក្នុងរដ្ឋ South Carolina។ ដោយឡែក ខាងភាគីចិនវិញ បានអះអាងថា ការបាញ់ទម្លាក់បាឡុងនេះ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាមេរិក ក្រោយពីទីក្រុងប៉េកាំង បានអះអាងដោយទទួលស្គាល់ថា បាឡុងនោះ គឺពិតជារបស់ខ្លួនមែន ប៉ុន្ដែ វាជាឧបករណ៍ស៊ីវិល ដែលប្រើប្រាស់សម្រាប់គោលបំណងឧត្តុនិយម និងវិទ្យាសាស្ត្រតែប៉ុណ្ណោះ។ ភាគីចិន ថែមទាំងបានចោទប្រកាន់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកថា កំពុងកេងចំណេញពីរឿងនេះ ហើយបង្ខូចកិត្តិយសរបស់ប្រទេសចិន។
បើតាមឧត្តមសេនីយ Glen VanHerck មេបញ្ជាការនៃទីបញ្ជាការការពារដែនអាកាសអាមេរិកប្រចាំភាគខាងជើងបាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងស្វែងរក និងស្រង់បាឡុង និងរបស់របបទាំងឡាយដែលបានធ្លាក់ចូលក្នុងសមុទ្រ ហើយកងឆ្មាំសមុទ្រកំពុងស្រាវជ្រាវ និងប្រមូលកម្ទេចកំទីយ៉ាងម៉ត់ចត់ សម្រាប់ការស្រាវជ្រាវឱ្យបានច្បាស់លាស់ជាងនេះ។
សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋជាច្រើនកាលពីថ្ងៃអាទិត្យ បានធ្វើការរិះគន់លោក Joe Biden ពន្យារពេលច្រើនថ្ងៃ មុននឹងសម្រេចចិត្តបាញ់ទម្លាក់បាឡុងចារកម្មនោះ ដោយថាលោកមានជំហរទន់ខ្សោយជាមួយប្រទេសចិន ព្រោះបាឡុងនោះបានហោះរំលោភចូលក្នុងដែនអាកាសសហរដ្ឋអាមេរិកទាំងស្រុង។ ដោយឡែក មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer បានច្រានចោលការរិះគន់របស់គណបក្សសាធារណរដ្ឋថា នៅមានភាពក្មេងខ្ចី និងមានលក្ខណៈនយោបាយ។
គួរជម្រាបដែរថា ក្រោយរឿងបញ្ហានៃបាឡុងរបស់ប្រទេសចិនហោះចូលដែនអាកាសអាមេរិកនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អាល់តូនី ប្លីនខេន បានលុបចោលគម្រោងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនភ្លាមៗដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍មុននោះ។ ការណ៍នេះត្រូវបានគេមើលឃើញថានឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសមហាអំណាចទាំងពីរ ដែលកំពុងស្ថិតលើផ្លូវប្រសើរឡើងហើយនោះ ប្រែទៅជាភាពប្រេះស្រាំជាថ្មីម្តងទៀត៕