លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Zo Motors Cambodia បានគូសបញ្ជាក់ថា វិបត្តិប្រេងឥន្ធនៈបានធ្វើឱ្យពលរដ្ឋកម្ពុជា មួយចំនួន ងាកមកប្រើប្រាស់យានយន្តអគ្គិសនីកើនឡើងលើសពីការរំពឹងទុក។ ជាក់ស្ដែងមកដល់ពេលនេះ ការបញ្ជាទិញរថយន្តអគ្គិសនីប្រភេទអាជីវកម្មពីក្រុមហ៊ុន Zo Motors Cambodia មានការកើនឡើងខ្លាំងរហូតដាច់ស្តុក។ ទន្ទឹមនេះ លោកបណ្ឌិត វាយតម្លៃថា សម្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានឹងមានការវិវត្តលឿនជាងផែនការ ដែលរដ្ឋាភិបាលបានគ្រោងទុក។
លោកបណ្ឌិតបានបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងវិស័យដឹកជញ្ជូន មិនត្រឹមតែជួយសន្សំសំចៃថ្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេដែកទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ តាមរយៈការកាត់បន្ថយចំណាយភស្តុភារកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបង្ហើបពីគម្រោងចំណាយថវិកាចំនួន១០លានដុល្លារ ដើម្បីពង្រីកបណ្តាញស្ថានីយសាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងកំណើនអ្នកប្រើប្រាស់ ដែលយោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រឹមឆ្នាំ២០២៥ មានយានយន្តអគ្គិសនីជិត៨ពាន់គ្រឿងបានចុះបញ្ជី។
បើតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ រាជរដ្ឋាភិបាល បានដាក់គោលដៅជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនី ៤០% នៅត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន និងកសាងកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទ៖ បូ ដូឡា