ស្រូវក្រអូប-កសិកម្ម

AmruRice នឹង​ទិញ​ស្រូវក្រអូបពីកសិករ​ខេត្ត​កំពង់ធំ កិនជាអង្ករនាំចេញទៅផ្សារអន្តរជាតិ


ក្រុមហ៊ុន Amru Rice បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយកសិករ៩សហគមន៍ស្ថិតនៅខេត្តកំពង់ធំ ដើម្បីឲ្យសហគមន៍ផ្គត់ផ្គង់ស្រូវក្រអូប​៨ពាន់តោនដល់ក្រុមហ៊ុន សម្រាប់កែច្នៃជាអង្ករក្រអូបដើម្បីនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៩ខាងមុននេះ។​
Amru Rice ចុះMoUជាមួយសហគមន៍ខេត្តកំពង់ធំនាំស្រូវក្រអូប៨ពាន់តោនទៅទីផ្សារអន្តរជាតិ
ដោយ

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់ខេមបូណូមីសថា អនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Amru Rice និងកសិករ៩សហគមន៍នៅខេត្តកំពង់ធំ គឺជាការចុះកិច្ចសន្យាជាមួយកសិករដែលមានតម្លៃច្បាស់លាស់ និងការផ្គត់ផ្គង់ស្រូវក្រអូបបានត្រឹមត្រូវ។   

លោកឧកញ៉ា សុង សារ៉ន បានអះអាងដូច្នេះថា៖ «៩សហគមន៍គ្រាន់តែការសាកល្បង ហើយនៅសហគមន៍ច្រើនទៀត កំពុងតែសួរនាំ អ៊ីចឹង យើងអាចនឹងមានចុះអនុស្សរណៈជាមួយសហគមន៍បន្ថែមទៀតនៅពេលខាងមុខហ្នឹង។ ហើយក្នុងចំណោមសហគមន៍ដែលបានចុះហត្ថលេខានេះ សហគមន៍ផ្គត់ផ្គង់មកយើង៨ពាន់តោននៅដើមឆ្នាំ២០១៩មែន តែបើពួកគាត់ផលិតបានលើសនេះ ក៏យើងទទួលទិញពីគាត់ដែរ»។   

បើតាមលោកឧកញ៉ា សុង សារ៉ន MoUនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ ដូចជា ធានាលើទីផ្សារ និងមានកិច្ចសន្យាកសិកម្មបានត្រឹមត្រូវ កសិករដឹងតម្លៃស្រូវមុន និងអាចធ្វើផែនការដាំដុះបានច្បាស់លាស់។   

លោកឧកញ៉ា សុង សារ៉ន បន្ថែមថា ស្រូវក្រអូបនៅវាលស្រែនេះ នឹងទិញកសិករក្នុងតម្លៃ១គីឡូក្រាមតម្លៃ១១៥០រៀល ហើយស្រូវក្រអូបនេះ នឹងត្រូវកិនជាអង្ករនាំចេញទៅចិន ម៉ាឡេស៊ី អូស្រ្តាលី និងប្រទេសអឺរ៉ុបផងដែរ។  

បើតាមលោកឧកញ៉ា សុង សារ៉ន ស្រូវ៨ពាន់តោន នឹងអាចកែច្នៃជាអង្ករក្រអូបបានប្រមាណ៥ពាន់តោន ដែលឧកញ៉ាមានឃ្លាំង ឡសម្ងួត និងម៉ាស៊ីនកិនស្រូវធំនៅខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតបាន២០ម៉ឺនតោននៅក្នុងមួយឆ្នាំ។  

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងក្នុងពិធីចុះអនុស្សរណៈនេះនៅខេត្តកំពង់ធំ(រូបថត៖ ហ្វេសប៊ុកឯកឧត្តម ហ៊ាន វណ្ណហន)

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងក្នុងពិធីចុះអនុស្សរណៈនេះថា ការចុះ MoUនេះ មានគោលបំណងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ ដូចជា បំពេញនូវតម្រូវការ និងការផ្គត់ផ្គង់ កសាងទំនុកចិត្តរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយធានានូវបរិមាណ និងគុណភាព កាត់បន្ថយចំណាយថ្លៃសេវា (ឈ្មួញកណ្តាល) និងបង្កើនប្រាក់ចំណេញ។

ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្តឱ្យមានពិធីចុះ MoU រវាងសហគមន៍កសិកម្មជាមួយវិស័យឯកជនបន្ថែមទៀត តែបញ្ហាសំខាន់នោះ ទាមទាឱ្យមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក ដើម្បីឱ្យកិច្ចសន្យាមាននិរន្តភាពយូរអង្វែង និងត្រូវអនុវត្តតាមបច្ចេកទេសណែនាំនានាដើម្បី កាត់បន្ថយថ្លៃដើមផលិត បង្កើនផលិតភាពកសិកម្ម ជាមួយនឹងការពង្រឹងគុណភាពទៅលើការប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន»៕ 

None



អត្ថបទបន្ទាប់


UNDP ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន​ដើម្បី​ពន្លឿនការអភិវឌ្ឍ​ដំឡូងមី​នៅកម្ពុជា

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Leader Holding Group ដែលមានទំហំទឹកប្រា…

ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម BlocRice ដំបូង​គេ​នៅ​កម្ពុជា នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នា​ចុង​ខែ​សីហា

ប្រព័ន្ធ​បច្ចេក​វិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូល​ផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ឬ​ហៅ​ថា BlocRice នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ