កូវីដ១៩ នៅ​កម្ពុជា

អង្គការ​សិទិ្ធ​មនុស្ស​ជំរុញ​ឱ្យ​កម្ពុជា​​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ ដើម្បី​បងា្ករ​ជំងឺ​កូវីដ១៩


អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ​ដែល​ចង្អៀត​ណែន ដើម្បី​បងា្ករ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។
មានការ​បារម្ភ​ចំពោះ​ហានិភ័យ​ឆ្លង​វីរុស​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ។ រូបភាពឯកសារ៖ លីកាដូ
ដោយ

អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ ចុះថ្ងៃ​ទី៦​ ខែ​មេសា ឆ្នាំ២០២០​នេះ ថា អាជ្ញាធរ​គួរតែ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នកទោស​ដែលត្រូវបាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពី​បទ​ល្មើស​តូចតាច និង​អ្នក​ទោស​នយោបាយ។

អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស បាន​បន្ត​ថា អាជ្ញាធរ​ក៏គួរតែ​ពិចារណា​លើ​ជម្រើស​ផ្សេង​ដើម្បី​ឃុំខ្លួន សម្រាប់​អ្នក​ជាប់​ឃុំ​ដែល​មាន​បញ្ហា​សុខភាព អ្នក​ទោស​ចាស់ និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬក៏​អ្នក​ជាប់​ពន្ធនាគារ​ដែល​មាន​កុមារ​តូចៗ​ផងដែរ។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ប្រចាំ​នៅ​អាស៊ី បាន​និយាយ​ថា “ប្រទេស​កម្ពុជា​គួរតែ​ដោះលែង​អ្នកទោស​ដែល​មាន​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​មាន​ការឆ្លង ក៏ដូចជា​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ល្មើស​តូចតាច និង​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ធានា​ថា អ្នក​ទោស​ទទួល​បាន​ការថែទាំ​សុខភាព​គ្រប់គ្រាន់។”

អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​បាន​និយាយ​ថា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​នៅ​ក្នុង​ពន្ធនាគារ អាជ្ញាធរ​គួរតែ​តាមដាន​ជា​ប្រចាំ​នូវ​រាល់​រោគសញ្ញា ធ្វើតេស្ត​ភ្លាមៗ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ ដាក់​​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នូវ​អ្នក​មាន​តេស្ត​វិជ្ជមាន និង​ដាក់​ដាច់​ដោយ​ឡែក​អ្នក​ជាប់​ឃុំឃាំង​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដែល​ត្រូវបាន​គេ​រក​ឃើញ​ថា មាន​ជំងឺ​កូវីដ១៩។

គិតត្រឹមខែ​មករា​ឆ្នាំ​២០២០នេះ ពន្ធនាគារ​មាន​អ្នក​ឃុំ​ខ្លួន​ចំនួន ២៣៧៤៨ នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៦១៤ នាក់​ ដោយ​ ៤៣​នាក់​កំពុង​មាន​ផ្ទៃពោះ។ ពន្ធនាគារ​ទាំងនោះ​ក៏មាន​អ្នក​ជាប់​ឃុំ​ដែល​មាន​កុមារ​ចំនួន​១០៣​នាក់ ដែល​ជាប់​នៅ​ជាមួយ​ម្តាយ និង​មាន​កុមារ​ចំនួន ៥៤២​នាក់ ផ្សេងទៀត។

ក្នុង​ចំណោម​ទណ្ឌិត​ចំនួន ៨៨៥៥នាក់ ដែល​ត្រូវ​បាន​ផ្តន្ទាទោស មាន​ចំនួន​៦១៩​នាក់ ជា​ស្ត្រី ៤នាក់​ជាក្មេង​ស្រី និង ១៥៦នាក់ ជាក្មេងប្រុស។ នេះបើ​យោងតាម​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស។ 

លោកចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបាននិយាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ថាមិនមានច្បាប់ណាមួយចែងអំពី ការដោះលែងអ្នកជាប់ឃុំណាម្នាក់ ទាក់ទងនឹងជំងឺអ្វីមួយនោះ ហើយក៏មិនមែនជាដែនសមត្ថកិច្ចរបស់លោកដែរ ក៏ប៉ុន្តែលោកក៏មានការព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ដូចគ្នា។

លោក ចាន់ គឹមសេង ជាមួយ​នឹង​សំណើច បាន​និយាយ​ដូច្នេះ​ថា​ “ខាង​ខ្ញុំ​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់ កាលណា​មាន​ដីកា មាន​សាលក្រម​ពី​តុលាការ យើង​អនុវត្ត​តាម​ខាង​ហ្នុង​តើ យើង​អត់​មាន​ថា​ចង់​អ៊ីចេះ​ ចង់​អ៊ីចុះ​កើត។ ខ្ញុំ​និយាយ​អ៊ីចេះ​ អាច​យល់​ហើយ។”

លោក ចាន់ គឹមសេង បាន​និយាយ​បន្ត​ថា “ជា​ទឹក​ចិត្ត​មនុស្សធម៌​ យើង​ចេះ​តែ​មាន​ទឹកចិត្ត​ដែរ ប៉ុន្តែ ត្រូវ​ច្បាប់​អនុញ្ញាត។”

លោក ចាន់ គឹមសេង បាន​អះអាង​ផងដែរ​ថា ខាង​ពន្ធនាគារ​បាន​ត្រៀម​ខ្លួន​រួចហើយ ជាមួយនឹង​ជំងឺ​កូវីដ១៩ រួមមាន​ទទួល​បាន​ការហ្វឹកហ្វឺន​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។

លោកចាន់ គឹមសេង បាន​និយាយ​ដូច្នេះ​ថា “អាហ្នឹងព្រួយ វា​ព្រួយ​ហើយ ប៉ុន្តែ យើង​បាន​ចាត់​វិធានការ​តាំងពី​ដើ​មទី​មក​ហើយ។ យើង​សហការ​ជាមួយ ICRC សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ ជាមួយ​នឹង​ការីតាស ជាមួយអី ចែក​អាល់កុល ចែក Gel សាប៊ូ ខ្ល ឧបករណ៍​វាស់​កម្ដៅ​ពី​ចំងាយ៕”




អត្ថបទបន្ទាប់


ដោយសារវិបត្តិកូវីដ១៩ វៀតណាម​ចរចា​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្មជាមួយទូរទស្សន៍ CNN

អាជ្ញាធរ​ក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​ផ្អាក​បណ្ដោះ​អាសន្ន​នូវការ​ផ្សាយ​ពាណិជ្ជកម្ម​បង្អួត​វិស័យ​ទេសចរណ៍​របស់​វៀតណាម នៅ​លើ​ទូរទស្សន៍ពិភពលោក …

គ្រឹះស្ថាន​សិក្សាឯកជន​​​មួយចំនួនធំ អាចនឹង​​ក្ស័យធន​ដោយសារវីរុសកូវីដ១៩?

ម្ចាស់​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​មួយ​ភាគធំ បាន​ព្រមានថា ពួកគេអាច​ប្រឈមនឹង​ការ​ក្ស័យធន​ បណ្ដាលមកពី​វិបត្តិ​ដែលបង្កឡើង​ដោយ​វីរុសកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ