វិស័យអាកាសចរណ៍

តើអ្នកជំនាញក្នុងវិស័យទេសចរណ៍មានការរំពឹងបែបណាចំពោះការតភ្ជាប់ជើងហោះហើរពីឥណ្ឌាមកខេត្តសៀមរាបក្នុងការស្រូបទាញភ្ញៀវទេសចរ?


បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់៣ជើងក្នុង១សប្តាហ៍រវាងទីក្រុង កុលកាតា-សៀមរាប-សៀមរាប-កុលកាតា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយក្រុមហ៊ុននេះបានពន្យាពេលការហោះហើររបស់ខ្លួន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះ។ គម្រោងហោះហើរត្រង់នេះនឹងប្រើយន្តហោះប្រភេទ A320។មន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល និងក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា តាមរយៈភ្ជាប់ជើងហោះហើរនេះ វានឹងក្លាយជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាឱ្យមកកម្សាន្តនៅកម្ពុជា បន្ថែមទៀត។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អាកាសចរណ៍ស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចហើយ រង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា តាមរយៈការតភ្ជាប់ជើងហោះហើរនេះ វានឹងជួយផ្ដល់ផលចំណេញទាំងសងខាង តាមរយៈការជួយសម្រួលការធ្វើដំណើររបស់អ្នកដំណើរ និងជួយកាត់បន្ថយការចំណាយ ជាពិសេសវាផ្នែកមួយក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌ សាសនា និងសុខភាពរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធគម្រោងភ្ជាប់ជើងហោះហើរត្រង់នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌាតភ្ជាប់ជើងហោះហើរត្រង់ជាប្រចាំមកកាន់កម្ពុជា វានឹងផ្ដល់ផលចំណេញជាច្រើនដល់វិស័យទេសចរណ៍ទាំងមូល ព្រោះក្នុងការតភ្ជាប់នេះនឹងអាចមានអ្នកទេសចរពីប្រទេសទី៣ មានភាពងាយស្រួលក្នុងការធ្វើដំណើរមកជាមួយផងដែរ។ ទន្ទឹមនេះអ្នកធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌាវិញ ក៏នឹងភាពងាយស្រួលផងដែរ ដោយសារចំណេញពេលវេលា និងថវិកា។ បើតាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយនេះ អ្នកទេសចរជនជាតិឥណ្ឌា មកកម្សាន្តនៅកម្ពុជា ហាក់មានកំណើនជាងមុន ហើយប្រសិនបើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌាកាន់តែប្រសើរនោះអ្នកទេសចរឥណ្ឌា ចូលមកម្ពុជា អាចស្ថិតក្នុងលំដាប់ទី៥ នៃទេសចរដែលមានកម្រិតខ្ពស់នៅកម្ពុជានាពេលខាងមុខ។

​ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកគម្រោងតភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo មកកាន់ខេត្តសៀមរាប ជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ដែលជាសរសៃឈាមក្នុងសេដ្ឋកិច្ចជាតិ ខណៈការតភ្ជាប់នេះគឺជាការបន្ថែមលើការដឹកជញ្ជូន។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការតភ្ជាប់ជើងហោះហើរនាពេលខាងមុខនេះ អ្នកទេសចរឥណ្ឌានឹងមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនថែមទៀត ខណៈទេសចរឥណ្ឌាជាទីផ្សារដ៏ធំសម្រាប់ពិភពលោកដែលបណ្ដាប្រទេសនានាចង់បាន។

​ដោយឡែកលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ដើម្បីរក្សាប្រតិបត្តិការហោះហើររវាងកម្ពុជា និងឥណ្ឌា ឱ្យបានយូរអង្វែងលុះ​តែមានការចូលរួមផ្សព្វផ្សាយពីប្រតិបត្តិករពាក់ព័ន្ធនៅលើទីផ្សារប្រទេសឥណ្ឌា ឱ្យបានទូលំទូលាយ។ ការផ្សព្វផ្សាយបានច្រើននឹងអាចធ្វើឱ្យមានអ្នកដំណើរទៅមកច្រើនហើយក្រុមហ៊ុនអាកាសចរណ៍នឹងមានលំនឹងក្នុងការបន្តប្រតិបត្តិការហោះហើរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះបានលើកឡើងថា ការធ្វើទីផ្សារដោយឯករាជ្យខ្លួនឯងទៅកាន់បណ្ដាគោលដៅនៅប្រទេសឥណ្ឌានឹងធ្វើឱ្យប្រតិបត្តិករទទួលបានផលប្រយោជន៍ដោយផ្ទាល់ផងដែរ។

​បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់៣ជើង ក្នុង១សប្តាហ៍ រវាងទីក្រុងកុលកាតា-សៀមរាប-កុលកាតា (Kolkata - Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយប្រើយន្តហោះប្រភេទ A320៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើវិនិយោគិនដែលចង់ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ គួរពិចារណាលើវិស័យអ្វីខ្លះ?

ក្នុងនាមជាទីក្រុងកំពង់ផែធំជាងគេរបស់កម្ពុជា ដែលមានការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ខេត្តព្រះសីហនុ បាននិងកំពុងក្លាយជាច្រកទ្វា…

វីរុស Norovirus កំពុងវាយលុកប្រទេសថៃ រាប់ពាន់ករណី និងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារគួរឱ្យព្រួយបារម្ភ

វីរុស Norovirus ដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យក្អួតចង្អោរ រាករូស ឈឺពោះ ឈឺក្បាល ខ្សោយកម្លាំង ឈឺរាងកាយ ឬក្តៅខ្លួននោះ កំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ