វិស័យសំណង់

តើសុខភាពក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពបែបណានៅពេលនេះ?


ការនាំចូលគ្រឿងសំណង់មកកាន់ទីផ្សារកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញ នៅត្រីមាសទី១ឆ្នាំនេះ ពោលគឺការនាំចូលដែកមានកំណើន៣៨% និងស៊ីម៉ង់ត៍មានការកើនឡើង១៥%។ កំណើននៃការនាំចូលសម្ភារទាំងនេះ គឺបានបង្ហាញពីសញ្ញាវិជ្ជមាននៃសំណង់ និងអចលនទ្រព្យរបស់កម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះកំណើននាំចូលសម្ភារសំណង់ទាំងនេះ? តើវាបានបង្ហាញពីងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា ឬយ៉ាងណា?
វិស័យសំណង់
ដោយ

លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជា សង្កេតឃើញថា វិស័យសំណង់បច្ចុប្បន្ននៅមានសកម្មភាពទៅតាមផ្នែក និងពុំទាន់មានសកម្មភាព​ខ្លាំងដូចមុនពេលមានវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលនៅឡើយទេ។ ប៉ុន្តែលោកគូសបញ្ជាក់ថា ការសាងសង់នៅតែមានសម្រាប់គម្រោងចាស់ និងគម្រោងដែលមានជំនួយហិរញ្ញវត្ថុពីខាងក្រៅដែលមានស្រាប់ ខណៈគម្រោងវិនិយោគរបស់វិស័យឯកជនហាក់ពុំទាន់មានការប្រែប្រួលខ្លាំងនៅឡើយទេ។

បើតាមអ្នកជំនាញរូបនេះ ការកើនឡើងទំហំទឹកប្រាក់នៃការនាំចូលសម្ភារគ្រឿងសំណង់ ពុំទាន់បង្ហាញសញ្ញាឱ្យឃើញពីការស្ទុះឡើងក្នុងវិស័យអចលនទ្រព្យ ឬវិស័យសំណង់លំនៅឋាននៅឡើយទេ ប៉ុន្តែការកើនឡើងនេះ អាចជាសញ្ញាល្អពាក់ព័ន្ធនឹងការវិនិយោគលើផ្នែកឧស្សាហកម្ម។ ទោះបីទំហំនាំចូលសម្ភារគ្រឿងសំណង់នៅក្នុងរយៈពេល៣ខែមកនេះ មានការកើនឡើងក៏ដោយ តែលោក សុខ ឡៃ កត់សម្គាល់ថា តម្លៃគ្រឿងសំណង់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺស្ថិតក្នុងកម្រិតថេរនៅឡើយ ហើយអាចជាសញ្ញាចាប់ផ្ដើមពីភាពប្រសើរឡើងជាងឆ្នាំកន្លងទៅ។

​ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះ វិស័យសំណង់នៅកម្ពុជាពុំទាន់មានកំណើនគួរឱ្យកត់សម្គាល់នៅឡើយទេ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងទឹកប្រាក់នៃការនាំចូលសម្ភារសំណង់ វាក៏បានបង្ហាញសញ្ញាវិជ្ជមានមួយសម្រាប់វិស័យសំណង់របស់កម្ពុជា ផងដែរ។

​បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទំហំទឹកប្រាក់សរុបជាង១៦៦លានដុល្លារ មានការកើន៤៦លានដុល្លារ ឬស្មើនឹងជាង៣៨% ខណៈការនាំចូលស៊ីម៉ងត៍ មានទំហំទឹកប្រាក់សរុបជាង៥លានដុល្លារ មានការកើនជិត១លានដុល្លារ ឬស្មើនឹង១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

None



អត្ថបទបន្ទាប់


អឺរ៉ុបជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា តែការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជា ហាក់នៅមានកម្រិត តើមកពីមូលហេតុអ្វី?

ការវិនិយោគពីបរទេស គឺជាកិច្ចការសំខាន់ណាស់សម្រាប់ប្រទេសជាតិ នីមួយៗ ដែលប្រៀបបានជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ដ្បិតថា នៅពេលមានការវិនិយោគ…

តើមានកត្តាអ្វីធ្វើឱ្យបំណុលសាធារណៈរបស់ថៃ កើនជិតដល់កម្រិតគ្រោះថ្នាក់?

ក្រុមអ្នកជំនាញព្រមានថា បំណុលសាធារណៈរបស់ប្រទេសថៃ កំពុងកើនឡើងជិតដល់កម្រិតពិដានប្រកបដោយភាពគ្រោះថ្នាក់ ខណៈដែលផែនការជំរុញសេដ្ឋកិច្ចរយៈពេលខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ