អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យយល់ឃើញថា ការធាក់ចុះនៃវិស័យសំណង់នេះនៅដើមឆ្នាំ២០២២ ដោយសារតែកម្ពុជាទើបងើបចេញពីវិបត្តិកូវីដ-១៩ គួបផ្សំប្រជាពលរដ្ឋកំពុងខិតខំស្តារប្រាក់ចំណូលរបស់ពួកគេ ដែលបានធ្លាក់ចុះក្នុងអំឡុងវិបត្តិកូវីដ-១៩ ទើបមិនសូវជាមានការបោះទុនវិនិយោគក្នុងទំហំធំដូចពីមុន។ ទោះយ៉ាងណាអ្នកជំនាញអះអាងថា ការធ្លាក់ចុះនេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យនោះទេ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យឃើញថា កម្ពុជាបានអនុម័តលើសំណើរគម្រោងសាងសង់បានចំនួនជាង១ពាន់គម្រោងម្រោងនៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២នេះ មានការធ្លាក់ចុះ៦៤គម្រោង ឬស្មើនឹងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្ដែ បើមើលទៅលើទុនវិនិយោគសំណង់វិញ គឺមានត្រឹមតែជាង ៥៦៥លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ៦៦%។ ក្នុងនោះដែរ ការធ្លាក់ចុះចំនួនគម្រោងសំណង់នេះ ភាគច្រើនជា សំណង់ពាណិជ្ជកម្ម, សំណង់ឧស្សាហកម្ម និងសំណង់សាធារណៈ។
ពាក់ព័ន្ធការធ្លាក់ចុះគម្រោងសាងសង់នេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការធ្លាក់ចុះនេះទំនងមកពីក្រុមហ៊ុនមួយចំនួនមានអាក់ខានក្នុងការដាក់សំណើរសុំវិនិយោគ បន្ទាប់ពីពួកគេបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ នៅដើមឆ្នាំនេះ។ តែយ៉ាងណាលោកសង្កេតឃើញថា ទាំងគម្រោងវិនិយោគចាស់ និងថ្មីនៅតែបន្តកើតមាន និងដំណើរការសាងសង់របស់ខ្លួន ដូច្នេះការធ្លាក់ចុះនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការធ្លាក់ចុះគម្រោងសាងសង់នេះ អាចបណ្តាលមកពីឥទ្ធិពលនៃវិបត្តិកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ហើយការរីកចម្រើនរបស់វិស័យសំណង់ដែលធ្លាប់បានឈានដល់ចំណុចកំពូល និងត្រូវដល់ដំណាក់កាលថមថយចុះមកវិញ ក៏ជាមូលហេតុមួយផងដែរ។
ដោយឡែក របាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញឲ្យឃើញថា គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានដល់វិស័យឯកជនសរុបប្រមាណជាង ៥០ពាន់លានដុល្លារអាមេរិកមានការកើនឡើងជាង២២% បើធៀបនឹងចុងត្រីមាសទី១កាលពីឆ្នាំមុន។ ក្នុងនោះ ឥណទានដែលផ្ដល់ទៅក្នុងវិស័យសំណង់មានច្រើនជាងគេបំផុត ដល់ទៅប្រមាណជិត ១៤ពាន់លានដុល្លារ កើនជិត៣០%ឯណោះ។
កើនឡើងទំហំឥណទានក្នុងវិស័យសំណង់នេះដែរ ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ក្តីរំពឹងថា វិស័យសំណង់នឹងមានស្ថានភាពល្អប្រសើរឡើងវិញក្នុងអត្រា៣% នៅឆ្នាំ២០២២៕