ព្រលានយន្តហោះសៀមរាបថ្មី

ការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីសម្រេចបានជាង៤០% ខណៈការបញ្ចប់អាចយឺតជាងផែនការ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគិតត្រឹមដំណាច់ខែសីហា សម្រេចបានជាង៤០% និងរំពឹងសម្រេចបាន៧០%នៅត្រឹមដំណាច់ឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់រូបនេះ បារម្ភពីបញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិធានការគ្មានកូវីដដ៏តឹងរ៉ឹងរបស់ចិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការសាងសង់ និងផ្គត់ផ្គង់សម្ភារៈ ដែលអាចធ្វើឲ្យមានភាពយឺតយ៉ាវជាងផែនការដែលបានកំណត់។
ការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីសម្រេចបានជាង៤០% ខណៈការបញ្ចប់អាចយឺតជាងផែនការ

ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនសាងសង់ AIAI របស់ចិនប្តេជ្ញាថា ខ្លួននឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានជាង៤០%ហើយ បើគិតត្រឹមដំណាច់ខែសីហា កន្លងទៅនេះ។ ឯកឧត្តមរំពឹងថា នៅត្រឹមដំណាច់ខែធ្នូ ខាងមុខនេះការសាងសង់ព្រលានយន្តហោះនេះនឹងអាចសម្រេចបានប្រមាណ៧០% បើទោះបីការសាងសង់ជួបបញ្ហាជាបន្តបន្ទាប់ក៏ដោយ។

ពាក់ព័ន្ធដំណើរការសាងសង់មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ការស្ថាបនាគម្រោងព្រលានយន្តហោះនេះបានជួបបញ្ហាជាបន្តបន្ទាប់ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះវិបត្តិនេះបានធ្វើឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារ និងបិរក្ខាមួយចំនួន ដែលបម្រើឲ្យផលិតកម្មសាងសង់។ ការអនុវត្តវិធានការគ្មានកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ចិន ក៏ជាកត្តារួមចំណែកមួយផងដែរ ដ្បិតវាធ្វើឲ្យតម្លៃដឹកជញ្ជូនសម្ភារពីប្រទេសនេះមកកម្ពុជាឡើងថ្លៃខ្ពស់ និងបង្កការលំបាកដល់ការធ្វើដំណើរចេញចូលរបស់អ្នកជំនាញការសាងសង់។

កត្តានេះបានធ្វើឲ្យឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ហ៊ានវាយតម្លៃថា ការអភិវឌ្ឍគម្រោងព្រលានយន្តហោះសៀមរាបថ្មីនេះ អាចនឹងយឺតយ៉ាវជាងផែនការ ដែលបានកំណត់។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាស្ថិតស្រុកសូត្រនិគម ខេត្តសៀមរាប ដោយគ្រោងចំណាយពេលសាងសង់៣ឆ្នាំ ជាមួយទុនវិនិយោគប្រមាណ៨៨០លានដុល្លារក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ៕




អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជារំពឹងការចាប់ដៃជាមួយអង្គការ JICA ជួយបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា(NBC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICAបានចុះហត្ថលេខារួមគ្នាលើគម្រោងកិច្ចសហប្រតិបត្តិ…

រាជរដ្ឋាភិបាលមានគោលបំណងរៀបចំតំបន់រុនតាឯក ក្នុងខេត្តសៀមរាប ទៅជាទីក្រុងស៊ីវិល័យនាពេលអនាគត

បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានសម្រេចរុះរើលំនៅឋាន និងសំណង់ផ្សេងៗ របស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ