អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ជឿជាក់ថា បើវិបត្តិនៅអ៊ុយក្រែនត្រឹមតែជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វានឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរមកលើវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជានោះទេ។ ប៉ុន្តែប្រសិនបើសង្គ្រាមនេះបានវិវត្តកាន់តែធំនៅក្នុងតំបន់អឺរ៉ុប នោះចង់មិនចង់វានឹងគំរាមកំហែងដល់វិស័យនានា រួមទាំងសេដ្ឋកិច្ចទូទាំងពិភពលោកជាក់ជាមិនខាន។ ទោះយ៉ាងណា អ្នកជំនួញដ៏ល្បីល្បាញរូបនេះរំពឹងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននឹងមិនវិវត្តរីកដុះដាលរហូតក្លាយជាសង្គ្រាមលោកនោះទេ។
សម្រាប់អ្នកឧកញ៉ា លី ហួរ វិបត្តិនៅអ៊ុយក្រែនវាលើសពីសមត្ថភាពដែលអ្នកវិនិយោគនៅកម្ពុជាត្រូវគិត ហើយអ្នកវិនិយោគក៏មិនគួរគិតពីបញ្ហាខ្លាំងពេកនោះដែរ។ មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញរូបនេះ ជឿជាក់ថា ការអភិវឌ្ឍន៍នឹងមិនអាចរីកចម្រើន ឬដំណើរការទៅមុខបានឡើយ ប្រសិនបើអ្នកវិនិយោគរវល់តែផ្តោតការយកចិត្តទុកដាក់ខ្លាំងពេកលើវិបត្តិនៅអ៊ុយក្រែន។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានគូសបញ្ជាក់ថា ទោះបីវិបត្តិសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែនមិនបានជះឥទ្ធិពលដោយផ្ទាល់មកលើវិស័យអចលនទ្រព្យនៅកម្ពុជា តែវាបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់អ្នកវិនិយោគ ដែលតាមដាន និងផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ។ មួយវិញទៀត វិបត្តិនៅអ៊ុយក្រែនបានជំរុញតម្លៃប្រេងឥន្ធនៈ និងសម្ភារផ្គត់ផ្គង់ឲ្យវិស័យសំណង់មួយចំនួនបានហក់ឡើងថ្លៃខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។
គួររំលឹកថា គិតមកទល់ពេលនេះ ការបើកប្រតិបត្តិការយោធារបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល១២ថ្ងៃហើយ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តបាញ់ប្រហារមកលើអ៊ុយក្រែនដែលធ្វើឲ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។ ជាក់ស្តែងនៅទីក្រុងមួយចំនួនការផ្គត់ផ្គង់ទឹក អគ្គិសនី និងចំណីអាហារត្រូវបានផ្តាច់។
ភាគីតំណាងរុស្ស៊ី និងអ៊ុយក្រែនបានជួបចរចាគ្នាពីរលើករួចមកហើយ តែមិនទទួលបានលទ្ធផលជាដុំកំភួនក្នុងការឈានទៅដោះស្រាយបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនោះទេ។ ខណៈភាគីទាំងពីរគ្រោងជួបចរចាគ្នាជុំទី៣នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ គិតមកទល់ពេលនេះ មានប្រជាជនអ៊ុយក្រែន ជាង១លាន៥សែននាក់បានរត់ភៀសខ្លួន ដោយសារតែវិបត្តិសង្គ្រាមនេះ៕