វិស័យអចលនទ្រព្យ

តើស្ថានភាពវិស័យអចលនទ្រព្យអាចប្រឈមនឹងធ្លាក់ចូលក្នុងវិបត្តិដូច ឆ្នាំ២០០៧-២០០៨ ដែរ ឬទេ?


ភាពមិនច្បាស់លាស់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗកំពុងបង្កជាក្តីបារម្ភដល់សេដ្ឋកិច្ចពិភពលោក ដែលអាចរអិលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកល ដូចកាលពីអំឡុងឆ្នាំ២០០៧-២០០៨ កន្លងទៅ។ ក្នុងករណីសេដ្ឋកិច្ចសកលធ្លាក់ក្នុងវិបត្តិ ចង់ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងកម្រិតណាមួយ។
តើស្ថានភាពវិស័យអចលនទ្រព្យអាចប្រឈមនឹងធ្លាក់ចូលក្នុងវិបត្តិដូច ឆ្នាំ២០០៧-២០០៨ ដែរ ឬទេ?

ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ហាក់នៅមិនទាន់មានក្ដីបារម្ភ ចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលអាចទាញឲ្យវិស័យអចលនទ្រព្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិនោះទេ ដ្បិតថា តាមរយៈភាពចាស់ទុំនៃវិស័យអចលនទ្រព្យ អ្នកជំនាញជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងនៅតែអាចបន្តគ្រប់គ្រងបាន។

ស្របពេលវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបង្កឲ្យកើតមានជាវិបត្តិអតិផរណា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញ និងវិបត្តិស្បៀងអាហារ ថ្នាក់ដឹកនាំប្រទេសជាច្រើនលើពិភពលោករួមទាំង កម្ពុជាបានបង្ហាញក្តីចំពោះវិបត្តិសង្គ្រាមនេះក្នុងការធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរដូចកាលពីអំឡុងឆ្នាំ២០០៧-២០០៨។ ការបង្ហាញក្តីបារម្ភបែបនេះ ក៏ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងស្ថិតឆេះរោលរាល បានជំរុញឲ្យប្រទេសជាច្រើនពិសេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីជាបន្តបន្ទាប់ ដែលបាននិងកំពុងក្លាយដើមចមនៃភាពមិនច្បាស់លាស់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

ទោះយ៉ាងណា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានអះអាងថា លោកហាក់គ្មានការព្រួយបារម្ភចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងការជះឥទ្ធិពលមកវិស័យអចលនទ្រព្យកម្ពុជានោះទេ។ មិនព្រួយបារម្ភ ក៏ដោយសារអ្នកជំនាញរូបនេះយល់ថា បញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាបញ្ហារឿងនយោបាយ ដែលអាចបញ្ចប់ក្នុងរយៈពេលខ្លីប្រសិនបើភាគីទាំងពីរមានការស្រុះស្រួលគ្នានៅពេលណាមួយ។ ម្យ៉ាងទៀត ទីផ្សារអចលនទ្រព្យកម្ពុជាបានស្ថិតក្នុងវិបត្តិរួចទៅហើយ តាំងពីកម្ពុជា ក៏ដូចជាពិភពលោករងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩មកម្ល៉េះ ហើយបច្ចុប្បន្នវិស័យនេះ ក៏កំពុងងើបចេញពីវិបត្តិនេះនាពេលខាងមុខ។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញជាទស្សនផ្ទាល់ខ្លួនថា សេដ្ឋកិច្ចពិភពលោកនឹងអាចធ្លាក់ក្នុងវិបត្តិ ប្រសិនបើបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនត្រូវបានដោះស្រាយ ហើយបន្តអូសបន្លាយពេលយូរ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗបន្តដាក់សម្ពាធពាណិជ្ជកម្ម និងទណ្ឌកម្មគ្នាទៅវិញទៅមក។ សម្រាប់អ្នកជំនាញរូបនេះ នៅពេលសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិចង់ ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានក្នុងកម្រិតណាមួយមកលើវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងស្ថិតក្នុងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩។ តែយ៉ាងណាប្រធានសមាគមរូបនេះជឿជាក់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងបន្តស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន បើទោះបីប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះដែរលោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia យល់ឃើញថា ស្ថានការពិភពលោកនាពេលបច្ចុប្បន្ន ពិតណាស់គឺកំពុងប្រឈមមុខនឹងវិបត្តិ ហើយនៅក្នុងវិបត្តិសេដ្ឋកិច្ច វានឹងបង្កើតឲ្យមានគន្លាតរវាងអ្នកមាននិងក្រ ដោយអ្នកមានអាចធ្លាក់ខ្លួនជាអ្នកក្រ ឬឯអ្នកក្រអាចក្លាយជាអ្នកមាន ឬអ្នកមានកាន់តែមាន ខណៈអ្នកក្រកាន់តែក្រទៅៗ។

ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ឆ្នាំ២០២២ តម្លៃអចលនទ្រព្យមានល្អប្រសើរជាងឆ្នាំ២០២០ និង២០២១ ដែលជាឱកាសមាសសម្រាប់អ្នកវិនិយោគក្នុងការវិនិយោគ ដើម្បីប្រាក់ចំណេញ។ ប៉ុន្តែឱកាសនេះមិនមែនចេះតែអាចកើតឡើងលើមនុស្សគ្រប់គ្នានោះទេ ពោលគឺសម្រាប់តែអ្នកពូកែ ឆ្លាត និងមានលុយ ដែលចេះច្នៃវិបត្តិទៅឱកាសតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ថ្លែងនាឱកាសប្រគល់សញ្ញបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំនាពេលខាងមុខ ដែលបញ្ហានេះមិនមែនបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនតែមួយមុខនោះទេ តែវាបានរួមចំណែកយ៉ធំពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបទៅលើរុស្ស៊ី។ សម្តេចសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងនោះតែ ប៉ុន្តែវាបានប៉ះពាល់ដល់អឺរ៉ុបខ្លួនឯងផង និងបានរាលដាលដល់ប្រទេសតូចៗដែលមិនពាក់ព័ន្ធ រួមទាំងកម្ពុជាផង។

តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ IMF បានកែសម្រួលការព្យាករការកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនមកនៅត្រឹម ៣,២%ក្នុងឆ្នាំ២០២២ និង២,៩% នៅឆ្នាំ២០២៣ ដែលកំណើននេះ គឺមានទាបជាងអ្វីដែលបានព្យាករពីមុនទៅទៀត៕




អត្ថបទបន្ទាប់


អាមេរិកសច្ចាការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយរដ្ឋផ្តាច់ការកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូង

រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃទី ៤ ខែតុលា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយហោះពីលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ ដែ…

ប៉ូឡូញ ដាក់លិខិតផ្លូវការទារប្រាក់សំណង ១,៣ទ្រីលានដុល្លារពីអាល្លឺម៉ង់ ពាក់ព័ន្ធនឹងផលខូចខាតដែលបង្កឡើងក្នុងសម័យសង្គ្រាមលោកលើកទី២

រដ្ឋមន្ត្រីការបរទេសប៉ូឡូញកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកំណត់ហេតុផ្លូវការមួយ ដើម្បីផ្ញើទៅកាន់ប្រទេសអាល្លឺម៉ង់ដោយស្នើសុំការទូទាត់ថវិកាចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ