យើងផ្តើមនិយាយពីប្រទេសក្នុងតំបន់អាស៊ីមុនគេសិនរឿងវិបត្តិកូវីដ១៩ រីករាលដាលខ្លាំងពេលនេះ ដោយរាប់ចាប់ពីប្រទេសក្នុងតំបន់អាស៊ាន និង ប្រទេសភូមិផងរបងជាមួយឥណ្ឌា ដូចជា នេប៉ាល់ និង ប៊ូតង់ជាដើម។ ប្រទេសទាំងនេះ បានរាយការណ៍ពីករណីវិជ្ជមានកូវីដ-១៩ កើនឡើងជាលំដាប់ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការកើនឡើងនេះគឺភាគច្រើនបណ្តាលមកពីកូវីដ-១៩ បំប្លែងខ្លួនរីករាលដាលឆ្លងលឿន និងកង្វះខាតធនធាន ដើម្បីទប់ទល់នឹងការរាលដាល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានន Bloomberg។
នៅក្នុងប្រទេសឡាវ កាលពីសប្តាហ៍មុនក្រោយស្ងប់ស្ងាត់ខ្លាំងមួយរយៈធំ ស្រាប់តែបានរាយការណ៍ថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរាប់រយនាក់។ ចាប់តាំងពីមានកូវីដ-១៩ដំបូង មកដល់ថ្ងៃទី២០មេសា ឡាវមានអ្នកឆ្លងសរុបតែជាង ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាង ៩០០នាក់ហើយគិតមកទល់ពេលនេះ ។ រដ្ឋធានីវៀងចន្ទន៍ត្រូវបានដាក់ឲ្យបិទខ្ទប់ភ្លាមៗផងដែរក្រោយមានការឆ្លងក្នុងសហគមន៍។
ប្រទេសនេប៉ាល់ ដែលនៅក្បែរឥណ្ឌាឯណោះវិញ ក៏កំពុងស្វះស្វែងរកគ្រែ និងបរិក្ខារបន្ថែម ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ដោយបានមើលឃើញពីការឆ្លងមិនថមថយឡើយក្នុង ២សប្តាហ៍ចុងក្រោយនេះ ខណៈដែល ប្រទេសថៃវិញក៏មិនខុសពីប្រទេសដទៃដែរ ថៃកំពុងមានការកើនឡើងអ្នកឆ្លងកូវីដ-១៩ខ្លាំងដល់ទៅខ្ទង់ ១ពាន់ ២ពាន់នាក់ក្នុងមួយថ្ងៃ ដែលធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខ្វះខាតគ្រែ និងបរិក្ខារពេទ្យភ្លាមៗស្ទើររកមិនទាន់។
សារព័ត៌មាន Bloomberg បានឲ្យដឹងថា ជាង៩៨% នៃករណីឆ្លងនៅថៃជាករណីវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី។ ស្របពេលជាមួយគ្នានេះ ប្រទេសកោះតូចៗនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកំពុងប្រឈមនឹងរលកឆ្លងលើកទី៣ របស់ខ្លួន។
ទោះបីករណីឆ្លងក្នុងប្រទេសទាំងអស់នេះ ប្រៀបធៀបទៅ គឺវានៅឆ្ងាយពីតួលេខរបស់ប្រទេសឥណ្ឌាណាស់ ប៉ុន្តែវិសាលភាពនៃការរីករាលដាលរបស់កូវីដ-១៩បានបង្ហាញពីសញ្ញាអាក្រក់ ដែលអាចកើតមានឡើង និងអាចឈានទៅដល់ការគ្រប់គ្រងការឆ្លងលែងបាន។
អ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានព្រមានថា៖ ស្ថានការដែលកំពុងកើតឡើងនៅឥណ្ឌាអាចកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់ ហើយយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា វាជាបញ្ហាប្រឈមធំមួយផងដែរ។
តាមតួលេខ១ខែចុងក្រោយ គឺខែមេសាធៀបនឹងខែមុន បានបង្ហាញថាញថា ប្រទេសឡាវឈរនៅលំដាប់ទី១ ដែលមានករណីឆ្លងស្ទុះឡើងលឿនស្លេវ តាមពីក្រោយដោយប្រទេសថៃ និងនេប៉ាល់មានសន្ទុះប្រមាណជាង។
ក្រៅពីនោះមានប្រទេសប៉ូតង់ កោះទ្រីនីដេតនិងតូបាហ្គោ កោះស៊ូរីនេម កោះហ្វីជី និងកម្ពុជាផងដែរនោះ បានកត់ត្រាករណីឆ្លងដល់ទៅ៣ខ្ទង់ជារៀងរាល់ថ្ងៃ។
ប្រទេសកោះហ្វីជី បានរីករាយនឹងការដែលពុំមានករណីឆ្លងចូលដល់ទឹកដីរបស់ខ្លួន ដោយសារវិធានការបិទព្រំដែន បិទជើងហោះហើរជាមួយខ្លួននោះ តែពេលនេះប្រទេសកោះមួយនេះកំពុងត្រូវបានវាយប្រហារដោយរលកឆ្លងដំបូងរបស់ខ្លួនហើយ។ ទីក្រុងនានា ដែលជាតំបន់ទេសចរណ៍សំខាន់ៗត្រូវបានអាជ្ញាធរបិទខ្ទប់ បន្ទាប់ពីផ្ទុះករណីឆ្លងចេញពីកងយោធារបស់ខ្លួន។
សម្រាប់កម្ពុជាវិញ ចាប់តាំងពីមានការឆ្លងរាលដាលដំបូងមកដល់ពេលនេះ មានករណីវិជ្ជមានសរុបលើស ១ម៉ឺននាក់ទៅហើយ និងអ្នកស្លាប់មានជាង១០០នាក់ ខណៈការរាលដាលឈានទៅដល់ ២០ខេត្តក្រុងទូទាំងប្រទេស។ រាជធានីភ្នំពេញត្រូវបានចាត់ទុកថា ជាកន្លែងឆ្លងរាលដាលខ្លាំង និងមានហានិភ័យខ្ពស់ជាងគេ។ របាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី ៤ ខែឧសភា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង ៩០០នាក់ ដែលជាតួលេខមួយខ្ពស់បំផុតមិនធ្លាប់មាន។
សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ទូទាំងពិភពលោកបន្តកើនឡើងជាលំដាប់ ដល់ជាង ១៥៤លានហើយ ក្នុងនោះស្លាប់ជាង ៣លាន២២ម៉ឺននាក់ និងជាសះស្បើយជាង ១៣១លាន ៥៧ម៉ឺននាក់៕