យ៉ាងណាក៏ដោយចុះ បើតាមការអះអាងពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
បានគូសបញ្ជាក់ថា ចំនួនករណីសរុបនៃការរឹបអូសផលិតផលអាល់កុល ម៉ាស
នឹងទឹកលាងដៃ គ្មានគុណភាពទាំងនោះ នឹងត្រូវបូកសរុបបន្ទាប់ពីស្ថានភាពកូវីដ-១៩បានធូរស្រាល។
ឯកឧត្តមបានបន្តថា «យើងបន្តគាំទ្រក្រុមហ៊ុនឯកជន ឲ្យចែកចាយរបស់ដែលមានគុណភាពឲ្យទៅដល់ដៃអតិថិជន ហើយសូមជួយផ្តល់ព័ត៌មានមកឲ្យខាងយើងផងដែរ ថាតើមានបុគ្គលណា ក្រុមហ៊ុនណា ដែលប្រកបរបររកស៊ីមិនស្មោះត្រង់ ប្រកួតប្រជែងមិនស្មោះត្រង់ ឬក៏យើងនិយាយឲ្យចំទៅ គឺឈ្មួញទុច្ចរិត ហើយយើងនឹងចូលរួមសហការជាមួយគ្នា ទៅបង្ក្រាប ទៅចាប់ ទៅយកមកបំផ្លាញចោល យកអ្នកប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់»។
ឯកឧត្តមបានបន្ថែមថា «នៅក្នុងដំណាក់កាលនៃការរាតត្បាតវីរុសកូវីដ-១៩នេះ បើសិនជាយើងប្រើប្រាស់ចំផលិតផលក្លែងក្លាយដូចជា អាល់កុល ម៉ាស ជែលលាងដៃអីជាដើមហ្នឹង នោះវានឹងកាន់តែអន្តរាយថែមទៀតជាក់ជាមិនខាន»។
ក្នុងនាមជាក្រុមហ៊ុនឯកជនដែល នាំចូលផលិតផល គ្រឿងសម្អាង ថែរក្សាសម្រស់ ចំណីអាហារ និងផលិតផលជំនួយសុខភាពផងនោះ លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុនធី អ អ៊ី អ៊ីមផក អិចផត ឯ.ក បានឲ្យដឹងដែរថា «ការចុះកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុនធី អ អ៊ី អ៊ីមផក អិចផត ជាមួយនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនាពេលនេះ សបញ្ជាក់ឲ្យឃើញថា នេះជាទំនួលខុសត្រូវមួយរបស់វិស័យឯកជន ក្នុងការរួមចំណែកទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយក្នុងសង្គមកម្ពុជា»។
សូមបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ តែងតែអំពាវនាវដល់សាធារណជនចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិតចែកចាយ ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា៕