ការចាប់ផ្តើមដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់ សម្រាប់ប្រតិបត្តិការអចលនវត្ថុ និងលិខិតូបករណ៍ប្រតិភោគគតិយុត្តិនេះ ជាការបោះជំហានមួយកម្រិតថែមទៀតរបស់ ក្រុមហ៊ុន ស៊ីភីអែល ក្នុងការពង្រីកសេវារបស់ខ្លួនដល់អតិថិជនដែលជាអ្នកទិញ លក់ អចលនវត្ថុ អ្នកវិនិយោគ និងម្ចាស់គម្រោងជាដើម ។
ក្នុងពេលនេះ នាយកដ្ឋានកិច្ចការច្បាប់របស់ក្រុមហ៊ុន ស៊ីភីអិល នឹងអនុវត្តឱ្យបានស៊ីជម្រៅ នូវរាល់ប្រតិបត្តិការរៀបចំឯកសារផ្លូវច្បាប់គ្រប់ប្រភេទ ដែលទាក់ទងប្រតិបត្តិការអចលនវត្ថុ និងលិខិតូបករណ៍ប្រតិភោគគតិយុត្តិ ក៏ដូចជាប្រើរាល់ចំណេះដឹង ព្រមទាំងសមត្ថភាពខាងបច្ចេកទេសរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់អតិថិជន ដោយរាប់បញ្ចូលទាំងការប្រើប្រាស់បទប្បញ្ញតិ្ត និងក្របខណ្ឌច្បាប់ធុរកិច្ចផ្នែកអចលនវត្ថុ ដើម្បីឱ្យមានដំណើរការកាន់តែលឿន ទទួលបានព័ត៌មានជាប្រចាំ និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការវិស័យអចលនវត្ថុនៅកម្ពុជា។
លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអែល បានមានប្រសាសន៍ថា៖ “ប៉ុន្មានទសវត្សមកនេះ ប្រតិបត្តិការ និងអាជីវកម្មលើវិស័យអចលនវត្ថុ មានការរីកចម្រើនជាគំហុក ដែលជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្តូរកាន់តែលឿនក្នុងអាជីវកម្មប្រភេទនេះ សម្រាប់ធានាសុវត្ថិភាពរបស់អតិថិជន ដែលតម្រូវឱ្យអតិថិជន មានការគិតឡើងវិញដល់ដំណើរការ និង ប្រតិបត្តិការមួយដែលត្រឹមត្រូវស្របច្បាប់។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមថ្នាក់ដឹកនាំ និង បុគ្គលិកជំនាញរបស់យើង មានក្តីសោមនស្សរីករាយក្នុងការបង្កើតសេវានេះឡើង ដែលនឹងជួយចាត់ចែង និងរៀបចំការងារផ្លូវច្បាប់ទាក់ទងនឹងប្រតិបត្តិការអចលនវត្ថុរបស់ពួកគាត់”។
លោកស៊ឹម វិបុល អ្នកសម្របសម្រួលកិច្ចការច្បាប់ របស់ក្រុមហ៊ុន ស៊ីភីអែល បានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ក្រុមការងាររបស់យើងនឹងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់បំផុត សម្រាប់ការរៀបចំឯកសារគតិយុត្តិនានា ទាក់ទងនឹង ការទិញ-លក់ ជួល ការផ្ទេរកម្មសិទ្ធិ ការធ្វើប្លង់កម្មសិទ្ធិ ការបង់ពន្ធលើអចលនវត្ថុ ការសុំអាជ្ញាបណ្ណអភិវឌ្ឍន៍អចលនវត្ថុ និងការសាងសង់ ព្រមទាំងបញ្ជាក់ពីភាពស្របច្បាប់នៃអចលនវត្ថុ ដោយគិតដល់គុណតម្លៃ និង អត្ថប្រយោជន៍ ចំពោះអតិថិជនរបស់យើងជាចម្បង ធ្វើយ៉ាងណា ជួយឱ្យអតិថិជនទាំងអស់ ទទួលបានការរីកចម្រើន រុងរឿង និងវិបុលភាព” ។
លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអែល ក៏បានថ្លែងបញ្ចប់ផងដែរថា៖ “ជាមួយនឹងកិត្តិនាមប្រកបដោយទំនុកចិត្ត របស់ក្រុមហ៊ុនយើង សមត្ថភាពដែលមានស្រាប់ និងការវិនិយោគជាបន្តបន្ទាប់ ដូច្នេះ ការដាក់ចេញនូវសេវារៀបចំឯកសារ ផ្លូវច្បាប់សម្រាប់ប្រតិបត្តិការអចលនវត្ថុ និងលិខិតូបករណ៍ប្រតិភោគគតិយុត្តិ នេះគឺជាទិសដៅយុទ្ធសាស្ត្រមួយ ដែលយើងជឿជាក់ថា នឹងអាចជួយដោះស្រាយបញ្ហាប្រឈមរបស់អតិថិជន តាមរយៈវិធីសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង ដែលមានការច្របាច់បញ្ចូលគ្នាទាំងសេវាទិញលក់ ជួលអចលនវត្ថុ សេវាវាយតម្លៃអចលនវត្ថុ និងសេវារៀបចំឯកសារផ្លូវច្បាប់”។