ដាក់​ឲ្យ​ប្រើប្រាស់ CBC Mobile​

ក្រុមហ៊ុន ស៊ីប៊ីស៊ី ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ​មួយ ដើម្បី​លើកកម្ពស់​តម្លាភាព​ឥណទាននិងការគ្រប់គ្រង​ឥណទាន​ដោយ​ទំនួលខុសត្រូវ


ពីថ្ងៃនេះតទៅ អ្នក​អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​​របស់អ្នក អាន​របាយការណ៍​ឥណទាន និង​ទទួល​បាន​សារ​ដាស់តឿន​អំពី​ការត្រួតពិនិត្យ​ឥណទាន យ៉ាង​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ប្រើ​ទូរសព្ទដៃ បន្ទាប់ពី​​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ហៅកាត់ ក្រុមហ៊ុន ស៊ីប៊ីស៊ី បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធីទូរសព្ទដៃ​មួយ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ​២០២០នេះ ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី
ដោយ

នេះ​ជា​លើក​ដំបូង​បំផុត​ដែល​ប្រទេស​កម្ពុជា​នឹង​មាន​​ប្រព័ន្ធឌីជីថល​ទំនើប​និងងាយស្រួល​មួយ ដែល​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ការត្រួត​ពិនិត្យ​ឥណទាន និង​អក្ខរកម្ម​ហិរញ្ញវត្ថុ ។ 

ក្រុមហ៊ុន​ អ៊ីប៊ីស៊ី ​បាន​និយាយ​នៅក្នុងប្រកាស​ព័ត៌មាន​ នៅថ្ងៃនេះ ថា កម្មវិធីទូរសព្ទ “CBC Mobile” របស់ខ្លួន បង្កើតឡើង​ដើម្បី​បំពេញ​អ្វី​ដែល​កំពុង​ខ្វះ​ចន្លោះ​នៅ​ក្នុង​វិស័យ​​ហិរញ្ញវត្ថុ និងឥណទាន ដែល​កំពុង​តែកើនឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា។  បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធីនេះ ដែល​មាន​នៅ​លើ​ទាំង​ប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់​ដែល​មាន​ប្រវត្តិ​ខ្ចីប្រាក់​ពីស្ថាប័ន​ហិរញ្ញវត្ថ អាច​ពិនិត្យ​ពិន្ទុឥណទានរបស់ខ្លួន អាន​របាយការណ៍​ឥណទាន និង ទទួល​បាន​នូវ​សារ​ដាស់​តឿន​អំពីការត្រួតពិនិត្យ​ឥណទាន ភា្លមៗ ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បាន​និយាយថា ៖ “ការផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ចំណេះដឹង​នៃ​ព័ត៌មាន​ខាង​ឥណទាន​ដែល​មាន​ភាព​សុក្រឹត និង​ទាន់​ពេល​វេលា​ គឺជាជំហានមួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ និង​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​​កម្ពុជា ។” 

លោក សុធារ័ត្ន បាន​បន្ត​ថា ៖ “របាយការណ៍​ត្រីមាស​ចុង​ក្រោយ​បំផុត​របស់​យើង បាន​បង្ហាញ​ថា កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​ដល់ ១៨​ភាគរយ ចាប់តាំង​ពី​ចុង​ឆ្នាំ២០១៩ ពោលគឺ​មាន​ចំនួន​ឡើង​ដល់ ៤,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គិតត្រឹម​ចុង​ខែ​កញ្ញា ឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជា​កាន់តែច្រើន​ទទួល​បាន​ភាពចល័ត​ខាង​សេដ្ឋកិច្ច និង​ការខ្ចី​ប្រាក់​កាន់តែច្រើន​ដើម្បី​បង្កើន​ផលបត្រ​ទ្រព្យសម្បត្តិ ពួកគេ​ក៏ត្រូវ​បាន​ផ្តល់​ជូន​នូវ​ឧបករណ៍​ដើម្បី​គ្រប់គ្រង​ឥណទាន​របស់​ពួកគេ ដែល​ប្រកប​ដោយ​ទំនួលខុសត្រូវ​ខ្ពស់​ក្នុង​ការសងប្រាក់​កម្ចី ។ កម្មវិធី​ទូរសព្ទ CBC មាន​តួនាទី​ជំរុញ​ការរីកចម្រើន​ប្រកប​ដោយ​ស្ថិរភាព និង​ចីរភាព​តាម​រយៈតម្លាភាព ។"

បន្ទាប់ពី​ទាញ​យក​កម្មវិធី​ទូរសព្ទដៃ CBC Mobile អ្នក​ប្រើប្រាស់​ទទួលបាននូវ​សេវាកម្មជាច្រើនរបស់កម្មវិធីទូរសព្ទដៃ​នេះ ដែលរួមមាន "របាយការណ៍ខ្ញុំ" ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​​របស់ខ្លួន គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និងព្រមទាំងតាមដាន​ប្រវត្តិ​ឥណទាន​របស់​ខ្លួន ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់ ផងដែរ។ ជាមួយ​នឹង​សេវាកម្ម "តាមដាន​ឥណទាន​របស់​ខ្ញុំ" អ្នកប្រើប្រាស់​អាច​ទទួល​ការជូនដំណឹង​ជា​សារ​តាម​ពេលវេលា​ជាក់ស្តែង ទៅលើ​សកម្មភាព​ប្រាក់​កម្ចី​របស់​ខ្លួន ដូចជា ការស្នើសុំធ្វើប្រាក់កម្ចីថ្មី ការទូទាត់ប្រាក់ទាន់ពេលវេលា និងការខកខាននៃការបង់ប្រាក់ជាដើម ។

លើសពីនេះទៀតជាមួយ K-Score អ្នកប្រើប្រាស់អាចធ្វើការត្រួតពិនិត្យពិន្ទុឥណទានរបស់ពួកគេបានដោយផ្ទាល់ ដើម្បីជាភាពងាយស្រួលសម្រាប់ពួកគេក្នុងការវាស់សក្តានុភាពនៃហានិភ័យឥណទាន​ និងលទ្ធភាពនៃការមិនបង់ប្រាក់។ មុនពេលដែលមានកម្មវិធីទូរស័ព្ទដៃ CBC មានតែអ្នកឱ្យខ្ចីប្រាក់ប៉ុណ្ណោះអាចទទួលបានព័ត៌មានអំពីពិន្ទុឥណទានរបស់អ្នកខ្ចី។

ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ CBC សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវនៃព័ត៌មានឥណទានរបស់ពួកគេតាមរយៈសេវាកម្មដោះស្រាយជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការដែលកំពុងមានភាពពេញនិយមក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជាអាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដងដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀតនឹងតម្រូវអោយមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ កាតវីសា (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬ កាត DCI។ CBC ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល ៕




អត្ថបទបន្ទាប់


Black Friday នៅអាមេរិកស្ងប់ស្ងាត់ជាងមុន ដោយសារតែមេរោគកូវីដ-១៩

ទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍ទិញទំនិញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក និងធ្លាប់មានមនុស្សជាច្រើនម៉ឺននាក់ ឈរតម្រង់ជួរទិញទំន…

"ដំរី​ឯកា​បំផុត"​របស់​ពិភពលោក ទីបំផុត​ បាន​មកដល់ផ្ទះថ្មី នៅលើទឹកដី​កម្ពុជា​ហើយ

នៅថ្ងៃទី៣០ វិច្ឆិកា នេះ ដំរី​​​អាយុ ៣៥ឆ្នាំ ឈ្មោះ Kaavan (ខាវ៉ាន់) ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ដំរី​ឯកា​បំផុត​នៅលើ​ពិភពលោក" បាន​មក​ដល់​ផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ