បណ្តាញសារព័ត៌មានធំៗដូចជាទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ ធនាគារ Credit Suisse បានត្រូវភាគទុនិកនៅអាមេរិកប្តឹងទៅតុលាការសហព័ន្ធ នៅរដ្ឋ New Jersey ពីបទទាក់ទងការគ្រប់គ្រង និងការត្រួតពិត្យហិរញ្ញវត្ថុរបស់ធនាគារមិនត្រឹមត្រូវ។
អ្នកដែលបានរងពាក្យបណ្តឹង គឺរួមមាន លោក Ulrich Koerner ដែលជាប្រធានក្រុមប្រឹក្សាភិបាល និង លោក Axel Lehmann ប្រធានប្រតិបត្តិធនាគារ Credit Suisse ផ្ទាល់ ។
បណ្តាភាគទុនិកនៃធនាគារ Credit Suisse នៅសហរដ្ឋអាមេរិក បានប្តឹងថ្នាក់ដឹកនាំធនាគារស្វីសនេះថា បានបោកប្រាស់ពួកគេ ដោយលាក់បាំងបញ្ហាហិរញ្ញវត្ថុរបស់ធនាគារ ហើយអះអាងថា បញ្ហានេះ គឺជាកំហុសនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ។
លោក Braden Turner ដែលជាម្ចាស់ភាគហ៊ុនមួយ ហើយកំពុងតែដឹកនាំភាគទុនិកផ្សេងៗទៀតប្តឹងធនាគារ Credit Suisse បាននិយាយថា បញ្ហាទំនុកចិត្ត គឺសំខាន់បំផុត ដូច្នេះ ពួកគេនឹងមិនបន្ថែមទុនវិនិយោគទៅធនាគារនេះបន្តទៀតទេនៅក្នុងអំឡុងពេលនៃការប្តឹងផ្តល់។
អ្នកវិភាគបានអះអាងថា ពាក្យបណ្តឹងនេះទំនងជាបញ្ហាថ្មីមួយទៀត ដែលនឹងអង្រួនសន្ទស្សន៍ភាគហ៊ុនរបស់ ធនាគារ Credit Suisse ក្រោយពេលដែលធនាគារទើបតែទទួលបានទំនុកចិត្តពីទីផ្សារឡើងវិញបន្តិចមក បន្ទាប់ពីខ្លួនបានបង្ហើបពីកម្មវិធីសុំជំនួយជាកញ្ចប់មូលនិធិមានតម្លៃរហូតដល់ទៅ ៥៤ ពាន់លានដុល្លារពីធនាគារកណ្តាលរបស់ប្រទេសស្វីស។
ពាក់ព័ន្ធនឹងបញ្ហាប្តឹងផ្តល់នេះថ្នាក់ដឹកនាំ ធនាគារ Credit Suisse បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ប៉ុន្តែប្រធានធនាគារជាតិអារ៉ាប់ប៊ីសាអូឌីត ដែលជាភាគទុនិកធំបំផុតរបស់ ធនាគារស្វីសមួយនេះ បានអះអាងថា បញ្ហាបទប្បញ្ញត្តិ គឺជាហេតុផលចម្បងនៃប្រតិបត្តិការរបស់ធនាគារ