![វិស័យធនាគារ](https://cdn.cambonomist.com/media/images/thentnntbntknlng_tknnglbasdada.2e16d0ba.fill-960x540.jpg)
យ៉ាងណាមិញ ធនាគារជាតិ សង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមទូរសព្ទ និងបណ្តាញសង្គមនានា នៅតែបន្តកើតមាន ដែលជាបញ្ហាប្រឈមមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ទំហំឥណទានក្នុងប្រព័ន្ធធនាគារនៅកម្ពុជា កាលពីឆ្នាំ២០២៤ នៅតែរក្សាបានកំណើន តែក្នុងល្បឿនយឺតជាងមុន។ មានកំណើនក្នុងល្បឿនយឺត ក៏ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន ដូចជា វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ បានជំរុញឱ្យអតិថិជនកាត់បន្ថយការខ្ចី គួបផ្សំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទានស្របពេលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
យ៉ាងណាមិញ ទំហំប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន១៦,៣% ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។
បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការជួយសម្រាលបន្ទុករបស់អាជីវករ និងប្រជាជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិភាក្សាជាមួយអតិថិជនលើការកែប្រែលក្ខខណ្ឌសងត្រឡប់កម្ចី។ ដើម្បីគាំទ្រដល់ការអនុវត្តគោល-នយោបាយនេះឱ្យមានប្រសិទ្ធភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានបន្តបន្ធូរបន្ថយ ខណៈដែលការធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារនៅបន្តជាអាទិភាពចម្បង ដូចជា ការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹម១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តទៅអតិថិជន។
យ៉ាងណាមិញលោកជំទាវ ជា សិរី សង្កេតឃើញថា កាលពីពេលថ្មីៗនេះមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទានតាមរយៈទូរសព្ទ និងបណ្តាញសង្គមនានា ក៏ដូចជាមានការបន្លំខ្លួនជាមន្រ្តីរាជការ ឬគណនីផ្លូវការរបស់ក្រសួង-ស្ថាប័ន។ ថ្នាក់ដឹកនាំរូបនេះ បានអះអាងថា តាមរយៈសកម្មភាពទាំងនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការអនុវត្តកិច្ចសន្យាមិនសុចរិត កេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ និងការគំរាមកំហែងបំភិតបំភ័យ ដែលបានបណ្តាលឱ្យប្រជាជនរងគ្រោះ និងធ្លាក់ក្នុងបំណុលវ័ណ្ឌក។
លោកជំទាវ ជា សិរី បានគូសបញ្ជាក់ផងដែរថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយ និងតម្លៃធំត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ប្រព័ន្ធបាគងត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ នានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ប្រាក់តាមឃ្យូអរកូត នៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយក្រុមហ៊ុនយូញៀនផេ និងអាលីផេ។ ការណ៍នេះបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ៕