លោកកាំង សារិន ម្ចាស់កសិដ្ឋាន Cambo Crocodile Farm ដែលជាកសិដ្ឋានចិញ្ចឹមក្រពើដ៏ធំនិងមានអាយុកាលយូរជាងគេបង្អស់ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ ខេមបូណូមីស ថា កសិដ្ឋានចិញ្ចឹមក្រពើរបស់លោក កំពុងជួបវិបត្តិកាន់តែខ្លាំងនៅឆ្នាំមានវិបត្តិកូវីដ១៩នេះ ព្រោះមិនត្រឹមកូនក្រពើចុះថ្លៃខ្លាំងទេ ថែមទាំងក្រពើ មិនសូវមានពងច្រើនទៀត ដោយសារខ្វះចំណី។ ម្យ៉ាងទៀត ការបិទខ្ទប់ក្នុងតំបន់ បូករួមទាំង កូនក្រពើបានងាប់ជាង១ម៉ឺនក្បាល កាលពីទឹកលិចនៅចុងឆ្នាំ២០២០កន្លងទៅផង បានធ្វើឲ្យកសិដ្ឋានរបស់លោកសារិនកំពុងរងការខាតបង់ធ្ងន់ធ្ងរយ៉ាងខ្លាំង។
លោក កាំង សារិន អះអាងថា លោកមានគម្រោងនឹងលក់ដីអាងក្រពើនេះហើយ ដោយសារតែត្រូវការលុយសម្រាប់ទិញចំណីក្រពើផង និង ដើម្បីរកទីតាំងដែលនៅក្បែរទឹក ដែលអំណោយផលដល់ការចិញ្ចឹមក្រពើផង។
ជួបវិបត្តិស្រដៀងគ្នាដែរ លោក ញឹម បូរាណ ម្ចាស់អាងចិញ្ចឹមក្រពើនៅភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ក្រុមការងារខេមបូណូមីសថា ឆ្នាំនេះតម្លៃកូនក្រពើ និងមេក្រពើ ចុះថ្លៃខ្លាំង ហើយក៏មិនសូវមានឈ្មួញទិញទៀត ដោយបានធ្វើឲ្យអ្នកចិញ្ចឹមក្រពើខ្នាតតូចជាច្រើននៅខេត្តសៀមរាបលក់ដីអាងនិងក្រពើទៅឲ្យកសិដ្ឋានធំៗអស់ហើយ ហើយមានខ្លះចាក់ដីលុបធ្វើលំនៅឋានវិញ។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅស្រុកប្រាសាទបាគងរូបនេះ បានគូសទៀតថា លោកក៏មានគម្រោងនឹងលក់អាជីវកម្មនេះចោលដែរ តែដោយសារកសិដ្ឋានចិញ្ចឹមក្រពើរបស់លោកធំ ពិបាកនឹងមានអ្នកទិញ ហើយបច្ចុប្បន្ននេះស្ថិតស្ថានភាពកូវីដ-១៩កំពុងរាលដាលខ្លាំងទៀត ដូចនេះមិនមានអ្នកចាប់អារម្មណ៍នៅឡើយទេ។
ជុំវិញតម្លៃកូនក្រពើមានការធ្លាក់ថ្លៃ និងគ្មានទីផ្សារនេះ ត្រូវបានលោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្មបានបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលជួបនឹងបញ្ហារឿងក្រពើធ្លាក់ថ្លៃនេះ នៅបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ក៏កំពុងរងផលប៉ះពាល់ដូចគ្នានេះដែរ។ ម្យ៉ាងទៀត សម្រាប់កម្ពុជា នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ ដែលឈានដល់បិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ បែបនេះ ការចិញ្ចឹមក្រពើអាចនឹងស្ថិតនៅក្នុងភាពត្រដាបត្រួសកាន់តែខ្លាំងថែមទៀតជាក់ជាមិនខាន។
សូមបញ្ជាក់ថា ការចិញ្ចឹមក្រពើនៅក្នុងស្រុកបច្ចុប្បន្ន ភាគច្រើនជាការចិញ្ចឹមយកកូនលក់ ដែលពឹងផ្អែកខ្លាំងលើឈ្មួញកណ្ដាលដើម្បីនាំចេញបន្ដទៅកាន់ប្រទេសជិតខាងដូចជាវៀតណាម និងថៃជាដើម។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រំពឹងថា នៅក្រោយពេលកូវីដ-១៩ នឹងមានអ្នកវិនិយោគក្នុងស្រុក ឬវិនិយោគិនបរទេស អាចនឹងគិតគូរពិចារណា ក្នុងការបើក រោងចក្រ កែច្នៃស្បែក ក្រពើធ្វើជា សម្ភារប្រើប្រាស់ សម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេសបានដោយផ្ទាល់ បើមិនដូច្នេះទេ អ្នកចិញ្ចឹមនៅក្នុងស្រុក នឹងបោះបង់ចោលរបរនេះកាន់តែច្រើន បើសិនជាទីផ្សារពឹងតែលើប្រទេសវៀតណាម ដែលជាឈ្មួញកណ្ដាលតែមួយយ៉ាងដូច្នេះ៕